សម្ដេចហ៊ុ​ន សែ​នអំ​ពាវនាវ​ឱ្យបញ្ឈប់ការ​​វាយ​ប្រហារគ្នារឿង​«អ្នកមា​​ននិងអ្ន​កក្រ»

 សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារគ្នាតាមបណ្ដាញសង្គមពាក់ព័ន្ធការលើកឡើងអំពី«អ្នកមាននិងអ្នកក្រ» ដោយគ្មានអ្នកចាញ់និងអ្នកឈ្នះហើយចេះយោគយល់អធ្យាស្រ័យគ្នា ដើម្បីធ្វើឱ្យសង្គមរបស់យើងក្លាយទៅជាសង្គមដែលគ្មានការបែកចែកវណ្ណៈ រវាងអ្នកមានជីវភាពធូរធានិងអ្នកដែលមានជីវភាពលំបាក។ក្នុងសារជាសំឡេងតាមតេឡេក្រាមថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថាមួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែកពាក់ព័ន្ធជាមួយបញ្ហា ការលើកឡើងរបស់ក្មួយស្រី តាំងហ្គិចលៀងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលផ្នត់គំនិតដែលពិតជាមានបំណងល្អក្នុងការចែករំលែកនូវបទពិសោធន៍ដែលខ្លួនមានទៅកាន់បងប្អូនដែលចង់យល់ចង់ដឹង។ការយកពាក្យត្រឹមទម្លាប់អ្នកមាននិងទម្លាប់អ្នកក្រដែលក្មួយស្រីបាននិយាយដោយខ្វះការបែងចែកស្ថានភាពខុសគ្នារវាងអ្នកមានទ្រព្យ និងការខុសគ្នារវាងអ្នកមានជីវភាពខ្វះខាតនិងការរៀបពាក្យមិនបានល្អអាច ធ្វើឱ្យមានការភ័ន្តច្រឡំថាក្មួយស្រីមើលងាយអ្នកក្រទៅវិញ។ សម្ដេចតេជោបន្តថាការបកស្រាយនេះគឺមានបំណងល្អដែលនេះជាការបកស្រាយមួយដែលមានគោលដៅចង់ឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ។ប៉ុន្តែអ្វីដែលជាការខ្វះចន្លោះគឺស្ថិតនៅត្រង់បញ្ហាការចេះរៀបពាក្យ ដើម្បីនឹងនិយាយ។ ការរៀបពាក្យនេះគឺជាចំណុចសំខាន់ នៅក្នុងបញ្ហា ការធ្វើបទឧន្ទេសនាម បឋកថា ស័ង្គថាឬសុន្ទរកថា។ សម្ដេចតេជោមានប្រសាសន៍ថាប្រទេសរបស់យើងក៏ជាប្រទេសដែលមិនប្រកាន់វណ្ណៈ អ្នកមាន និងអ្នកក្រនោះទេ ពិតមែនតែយើងមានពាក្យអ្នកមាន និងមានពាក្យអ្នកក្រ។ប៉ុន្តែនៅក្នុងពេលវេលា ធ្វើបឋកថា ឬពេលវេលានៃការធ្វើបទបង្ហាញណាមួយនោះមិនគួរយកពាក្យអ្នកមាន ឬអ្នក្រមកប្រើប្រាស់នៅទីនេះទេ។គេអាចប្រើប្រាស់នូវពាក្យប្រយោគតាមបែបផ្សេង ដូចជា អ្នកមានជីវភាពធូធាអ្នកមានជីវភាពទន់ខ្សោយ។ល។ ដែលគេអាចយកមកប្រើពាក្យជំនួស។សម្ដេចតេជោគូសបញ្ជាក់ថា យើងចង់ឱ្យមានការចែករំលែកបទពិសោធន៍នៃជោគជ័យ របស់អ្នកដែលមានជោគជ័យហើយយើងក៏ចង់ឱ្យប្រទេសរបស់យើងមានការរីកលូតលាស់ដោយមិនធ្វើតាមរបៀប ប៉ុល ពត ដែលកំទេចចោលអ្នកមាន ហើយទុកតែអ្នកក្រដូចគ្នា។យើងខិតខំធ្វើយ៉ាងម៉េចឱ្យអ្នកដែលមានជីវភាពខ្សត់ខ្សោយ ដែលគេហៅថាអ្នកក្រនោះ មានជីវភាពកាន់តែប្រសើរឡើង។ ប៉ុន្តែការរៀបចំពាក្យពេជន៍របស់ក្មួយស្រីតាំង ហ្គិចលៀងគឺនិយាយមួយបែប ខ្វះចំណេះដឹងផ្នែកអក្សរសិល្បិ៍ អក្សរសាស្ត្រខ្មែរតែម្ដង។សម្ដេចគិតថា ក្មួយស្រីអាចនឹងមិនទាន់ចេះប្រើប្រាស់ភាសាខ្មែរគ្រប់គ្រាន់។ដូច្នេះបានជាមានការខ្វះចន្លោះបង្កើតឱ្យមានការវ៉ៃប្រហារទៅលើក្មួយស្រីក្នុងពេលដែលក្មួយស្រីមានបំណងល្អសម្រាប់ជួយចែករំលែកនូវបទពិសោធន៍ចំណេះដឹងទៅអ្នកដែលត្រូវការ។ សម្ដេចតេជោថ្លែងទៅកាន់ក្មួយស្រីតាំង ហ្គិចលៀង ថា អ្នកមានជីវភាពធូធាទាំងអស់មិនប្រាកដថាគិតទៅមុខទេហើយអ្នកមានជីវភាពខ្សត់ខ្សោយ ដែលក្មួយស្រីហៅថា អ្នកក្រនោះ ក៏មិនប្រាកដថា គិតទៅក្រោយនិងរស់នៅជាមួយស្រមោលអតីតកាលទាំងអស់នោះដែរ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា«នេះការបកស្រាយដើម្បីបញ្ចៀសនួវជម្លោះការប្រកាន់វណ្ណៈហើយសង្គមនេះក៏មិនអនុញ្ញាតឱ្យមានការប្រកាន់វណ្ណៈនោះដែរ»។សម្ដេចតេជោ សង្ឃឹមថា ការបកស្រាយនិងពន្យល់របស់សម្ដេច អាចបានក្លាយទៅជាការបញ្ចប់នូវការវាយប្រហារគ្នាតាមបណ្ដាញសង្គម ហើយក៏ជាការដាស់តឿនរម្លឹកទៅដល់អ្នកវាគ្មិនទាំងឡាយ ឱ្យចេះរៀបចំការវិភាគវាយតម្លៃឱ្យបានច្បាស់នូវស្ថានភាពសង្គម -សេដ្ឋកិច្ច ផ្នត់គំនិតហើយចេះបែកចែកជាមួយនិងទិដ្ឋភាពផ្សេងៗគ្នាដែលមិនគ្របដណ្ឌប់តែទៅលើចំណុចតែមួយក្រុមៗ។សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា ៖«សូមមើលព្រៃទាំងមូលគួបផ្សំជាមួយមើលដើមឈើមួយដើមៗ ទើបដឹងថាព្រៃស្រោងឬព្រៃរិចរឹល។ការបញ្ជូនសារនេះចេញដើម្បីឱ្យបងប្អូនបានយល់បន្ថែមលើការបកស្រាយរបស់ខ្ញុំអំពីបំណងល្អរបស់ក្មួយស្រីនិងសូមបញ្ចប់ការវាយប្រហារគ្នាតាមបណ្តាញសង្គម»៕AKP


សម្ដេចហ៊ុន​​​ សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។រូបភាពKhmerTimes


Powered by Blogger.