សម្តេចហ៊ុន​​ សែន​ប្រាប់បរទេស​ថាអាចផ្តាច់ទូតពីកម្ពុជា​បើជ្រើសរើសអ្នកប្រឆាំ​ងមួយក្រុម

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រាប់ឲ្យមិត្តភក្តិបរទេសជ្រើសរើសរវាងរដ្ឋាភិបាលកម្ពុជានិងក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលមួយក្រុមដោយសម្តេចជម្រុញឲ្យបរទេសផ្តាច់ចំណងការទូតពីកម្ពុជាប្រសិនបើពួកគេជ្រើសរើសយកក្រុមប្រឆាំង។ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ ធ្វើឡើងខណៈលោកធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសានេះ។ នៅពីមុខឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មន្ត្រីរាជការ និងពលរដ្ឋជាច្រើននាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទសួរទៅមិត្តភក្តិបរទេស ឲ្យមានការជ្រើសរើសរវាងប្រទេសកម្ពុជាឬជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តខុស។ សម្តេចនាយករដ្ឋមន្ត្រីថា ពួកគេអាចផ្តាច់ទូតចេញពីកម្ពុជា ប្រសិនបើពួកគេជ្រើសរើសមនុស្សមួយក្រុមដែលច្បាប់ដាក់ទោស។ តែសម្តេចបញ្ជាក់ថានេះជាទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលបរទេសទាំងនោះត្រូវគិត។ការលើកឡើងរបស់សម្តេច ហ៊ុន សែន ដូច្នេះ ក៏ព្រោះតែសម្តេចមិនពេញចិត្តនឹងប្រទេសលោកខាងលិចមួយចំនួន ដែលតែងតែធ្វើការគាំទ្រដល់សកម្មភាពនានារបស់ក្រុមប្រឆាំងដូចជាការតវ៉ារបស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៏ការគាំទ្រសេរីភាពសារព័ត៌មានខណៈដែលវិទ្យុ VOD ទើបត្រូវបិទកាលពីពេលថ្មីៗនេះ។ ការអំពាវនាវរបស់ក្រុមប្រឆាំងឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល អំពាវនាវឲ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្គក៏ជាចំណុចធំៗដែលសម្តេច ហ៊ុន សែន មានការខឹងសម្បារនឹងបរទេសមួយចំនួន និងចោទជាសំណួរឲ្យមានការជ្រើសរើសរវាងសម្តេចនិងក្រុមប្រឆាំង។សម្តេចនាយករដ្ឋមន្ត្រីក៏បានបង្ហើបផងដែរពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំឡុងពេលទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ប្រទេសមហាអំណាចគួរបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ដែលសម្តេចសម្តែងការគាំទ្រនិងចាត់ទុកថាជាដៃគូដ៏ល្អមួយក្នុងអាស៊ាន។ដោយមិនមែនជាការដាក់ផ្លែឲ្យជប៉ុនសម្តេច ហ៊ុន សែន បានបញ្ជាក់ថាបរទេសតែងមកបង្ខំសម្តេចនិងមន្ត្រីរដ្ឋាភិបាលឲ្យទៅជ្រៀតជ្រែកតុលាការខណៈដែលបរទេសទាំងនោះតែងប្រដៅកម្ពុជាឲ្យគោរពអំណាចទាំង៣គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។សូមរំលឹកថាបន្ទាប់ពីតុលាការក្រុងភ្នំពេញបានប្រកាសផ្តន្ទាទោសលោកកឹមសុខាប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែមីនា បានស្តីបន្ទោសអ្នកការទូតលោកខាងលិចនានាដែលតែងតែជួបសួរសុខទុក្ខលោក កឹម សុខា នាពេលកន្លងទៅ។សម្តេចថាសកម្មភាពរបស់ទូតនានា គឺជាការជ្រែតជ្រែកកម្ពុជាតាមរយៈការជួបញឹកញាប់ជាមួយអ្នកដែលទើបតែតុលាការកាត់ទោសគឺលោក កឹម សុខា។ តាមសម្តេចនាយករដ្ឋមន្ត្រី ជំនួបញឹកញាប់រវាងអ្នកការទូតនានាជាមួយលោក កឹម សុខា បានបង្កើតការមិនទុកចិត្តនិងធ្វើឲ្យសម្តេចមិនអាចលើកដៃចុះហត្ថលេខាស្នើលើកលែងទោសឲ្យបាន៕RFI



Powered by Blogger.