លោក​​ខៀវកាញារីទ្ធ៖ព័ត៌មា​ន​ពិតវានឹងក្លាយជា​អាវក្រោះ​​ការពារអ្នកសារព័​​ត៌មានពី​ទណ្ឌ​​កម្មផ្លូវច្បាប់

 ថ្លែងបើកសិក្ខាសាលាស្តីពីតួនាទីភារកិច្ចនិងសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌និងឱ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«ក្រមសីលធម៌មានសារៈសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ។ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុង បាឡុងគឺ៖ទី១. រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែតដែលបង្ហាញថា យើងមានវិជ្ជាជីវៈ ត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ, ទី២. វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។លោកខៀវ កាញារីទ្ធ បានបន្តទៀតថា ការប្រើប្រាស់ភាសាថ្លៃថ្នូររបស់អ្នក សារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ។ជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិតសិក្សាអប់រំការយល់ដឹងរបស់អ្នកសារព័ត៌មានព្រមទាំងអ្នកពាក់ព័ន្ធជាដើម។ដូច្នេះក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារ ដោយក្រមសីលធម៌ត្រូវគោរពក្រមសីលធម៌នេះឱ្យបានត្រូវ និយាយ និងគោរពមនុស្សទាំង អស់នៅក្នុងសង្គមដូចគ្នា។លោកបន្ថែមថាក្នុងនាមជាអ្នកសារព័ត៌មានមិនត្រូវវាយតម្លៃអ្វីថាល្អឬអាក្រក់ នោះទេ។ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មានត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម។ប៉ុន្តែសម្រាប់ការងារមួយចំនួនធំវាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានផងដែរ។លោកខៀវ កាញារីទ្ធ បានឱ្យដឹងទៀតថាការផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មាន ទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។ ក៏ប៉ុន្តែរាល់ព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយ និងមានការប៉ះពាល់ ហើយបានកែតម្រូវឡើងវិញនោះ ក៏ត្រូវធ្វើការ ផ្សាយឡើងវិញផងដែរ ក្នុងការបញ្ជាក់ពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបបានលើកឡើងថា យោងតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនេះមន្ទីរ បានរៀបចំជាវគ្គបណ្តុះបណ្តាលសិក្ខាសាលានិងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាប្រចាំដើម្បីបង្កើនសមត្ថភាពនិងការទំនាក់ទំនងឱ្យមានភាពជិតស្និទ្ធងាយស្រួលនៅ ក្នុងការបំពេញការងារ។ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏នៅមានតាមបណ្តាមន្ទីរ អង្គភាព ស្ថាប័នមួយចំនួន ហាក់បី ដូចជាមានភាពយឺតយ៉ាវក្នុងការឆ្លើយតប ជាមួយអ្នកសារព័ត៌មានផងដែរ។សូមជម្រាបថាកាលពីពេលកន្លងទៅនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានសម្តេចនាយករដ្ឋមន្ត្រីបានជំរុញដល់តាមបណ្តាអង្គភាព ស្ថាប័ននានានិងអ្នកសារព័ត៌មានត្រូវរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ៕AKP




Powered by Blogger.