រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់សមត្ថកិច្ចត្រូវបង្ក្រាបការលេងល្បែងស៊ីសងនាឱកាសចូលឆ្នាំ
អាប៉ោងជល់មាន់ឬល្បែងស៊ីសង់ដទៃទៀតត្រូវបានសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់កម្លាំងសមត្ថកិច្ចបង្ក្រាបឲ្យខានតែបាននាឱកាសបុណ្យចូលឆ្នាំឬក្រោយចប់ចូលឆ្នាំដោយយកលំអានតាមយុទ្ធនាការបង្ក្រាបនាពេលកន្លងមក។«សុំយកចិត្តទុកដាក់ទាំងអស់គ្នា…ជាពិសេសកម្លាំងសមត្ថកិច្ចមិនត្រូវ ឃុបឃិតស៊ុមគ្រលុំ(សមគំនិតគ្នាបិតបាំងលាក់ទោសអំពើអាក្រក់) ឬបិទភ្នែកម្ខាង បើកភ្នែកម្ខាង មើលល្បែងស៊ីសង់ខុសច្បាប់នោះទេ។» សម្តេចសខេងឆ្លៀតនិយាយបែបនេះនៅគ្រាសម្តេចអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងនៅថ្ងៃទី១២មេសា។ បើតាមសម្តេច ស ខេង ការបង្ក្រាបល្បែងស៊ីសង់គ្មានអ្វីលំបាកទេព្រោះគោលការណ៍មានអស់ហើយ ហើយការបង្ក្រាបល្បែងស៊ីសងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវយកលំអានតាមយុទ្ធនាការបង្ក្រាបនាពេលមក។លោក មាស នី អ្នកស្រាវជ្រាវសង្គមកត់សម្គាល់ថាការលេងល្បែងស៊ីសងនាឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរមានការថមថយបើធៀបនឹងឆ្នាំមុន ។ប៉ុន្តែអ្វីដែលបន្តកើតមាននឹងរឹតតែព្រួយបារម្ភនោះគឺការសេពគ្រឿងស្រវឹងក្នុងឱកាសនេះមានកើនឡើង។ការថមថយនៃការល្បែងស៊ីសង់លោកយល់ថាអាចដោសារគោលការណ៍ថ្នាក់លើមានភាពម៉ឺងម៉ាត់ដែលថ្នាក់ក្រោមត្រូវតោងប្រយ័ត្នក្នុងការអនុវត្ត។សម្រាប់សម្តេចស ខេង ផលប៉ះពាល់ដែលបន្សល់ទុកពីការលេងល្បែងស៊ីមានច្រើនណាស់ដូចជាៈប៉ះពាល់សុភមង្គលភាពសុខដុមរមនានៅក្នុងគ្រួសារប៉ះពាល់ជីវភាពប្រចាំថ្ងៃ ហិង្សា នាំឲ្យមានចោរកម្មជាដើម។គួរចាប់អារម្មណ៍ថា ការដាស់តឿននេះធ្វើឡើងស្របពេលយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេសហាក់ទម្លាក់ដៃមិនដូចគ្រាដំបូងបន្ទាប់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់មក។ នៅយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នាពេលកន្លងមក សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ បានចេញលិខិតបង្គាប់ការមួយចាត់ឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដឹកនាំក្រុមការងារដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ប៉ុន្មានថ្ងៃក្រោយមកសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានចេញមកព្រមានដកតំណែងមន្ត្រីមូលដ្ឋានណា ដែលមិនមានឆន្ទៈបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងកើតមានយ៉ាងអណាធិបតេយ្យនោះ។ ខេត្តព្រះសីហនុ គឺជាគោលដៅចំបងមួយក្នុងការត្រួតពិន្យសកម្មភាពល្បែងស៊ីសងខុសច្បាប់ និង ស្វែងរកបទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ឬលាងលុយកខ្វក់ជាដើម។យុទ្ធការកាលណោះមនុស្សជាង១ម៉ឺននាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាង ៩.០០០ ទីតាំង រយៈពេល ១៧ ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលាឆ្នាំ២០២២។ ក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួននេះ គឺមានមួយចំនួន ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ខណៈមនុស្សមួយចំនួនទៀត ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕RFI
Post a Comment