លើកកម្ពស់ផលិតផ​​លខ្មែរលើកទី៦សូមក្លាយ​ជា​សំឡេងស្គរទូងដា​​ស់​ស្មារតីបងប្អូនប្រជា​ព​​លរដ្ឋឱ្យខិតខំ​ផលិ​តនិងប្រើប្រាស់ផ​​លិតផលខ្មែរ

 ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ក្រោមប្រធានបទ«រួមគ្នាទិញផលិតផលខ្មែរគឺបង្កើតការងារជូនពលរដ្ឋខ្មែរ» សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍សូមឱ្យព្រឹត្តិការណ៍នេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យខិតខំផលិតនិងប្រើប្រាស់ផលិតផលខ្មែរហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាពផលិតផលរបស់ខ្លួនដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស។ក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិផលខ្មែរ  ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា  ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ដែលត្រូវរៀបចំនៅខេត្តស្វាយរៀងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសូមអបអរសាទរយ៉ាងក្លៀវក្លា និងអំពាវនាវ ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយ តាមមូលដ្ឋាន ការស្វែងរកទីផ្សារជូនផលិតករយើងឱ្យបានទូលំទូលាយ ស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ។ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនេះដែរ សម្ដេចក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ ដែលក្នុងនោះរួមមាន ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានាដែលមានលក្ខណៈសមស្របតាមភូមិឋាន។ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយ។ទី២៖គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធនិងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុកនិងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង។ទី៣៖គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទាំងអស់ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិក ចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់ទិញផលិតផលខ្មែរតាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។ ទីបួនៈ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួន ទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការ របស់ទីផ្សារ៕AKP


សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីបុណ្យទន្លេកាលពីថ្ងៃទី៩មីនា។រូបភាព៖ថ្មីថ្មី

Powered by Blogger.