កម្ពុជា​នឹ​ងប្រារព្ធព្រះ​រាជ​ពិធីច្រត់ព្រះ​នង្គ័ល​នៅ​ខេត្តកំពង់ធំ​បន្ទាប់ពីអា​ក់ខានអស់​រ​យៈ​ពេ​ល​៣ឆ្នាំ

 នៅឆ្នាំ២០២៣នេះកម្ពុជានឹងរៀបចំប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅថ្ងៃទី៨ខែឧសភាបន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំដោយសារ​ការរាតត្បាតនៃជំងឺកូវីដ-១៩។ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹង​មាន​ការ​យាង​ចូលរួមក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរព្រះបរមនាថ នរោត្ដម សីហមុនី។ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័លគឺជានិ​មិត្ត​រូប​នៃ​ការផ្ដើម​ប្រកាស​រដូវ​កាលបង្កបង្កើន​ផល​ថ្មី​របស់​ប្រជា​កសិករ​ខ្មែរ​និងផ្សងប្រផ្នូលពីភោគផល​កសិកម្មនៅ​ឆ្នាំ​ខាង​មុខ​តាម​ការ​បរិភោគរបស់ «គោឧសភរាជ»។ព្រះរាជពីធី​នេះជា​ព្រះ​រាជប្បវេណីដ៏សំខាន់មួយរបស់ពលរដ្ឋកម្ពុជាដែល​ព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឹកនាំធ្វើតាំងពីបុរាណ​កាល​មក ហើយវា​ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុង​ខែពិសាខជា​រៀង​រាល់ឆ្នាំ។លោក​ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ បាន​និយាយ​ថាលោក​បាន​ចុះ​ពិនិត្យ​ទីតាំងដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​សម្រាប់​ត្រៀម​ប្រារព្ធពិធីច្រត់ព្រះនង្គ័លដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៨ ​ខែឧ​សភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ។ក្នុងដំណើរការចុះត្រួតពិនិត្យនោះ លោកបានជំរុញ​អាជ្ញាធរ​មូលដ្ឋានបន្តយកចិត្តទុកដាក់មើលថែទាំសួន​ស្មៅរៀបចំបរិវេណធំទូលាយងាយស្រួលប្រារព្ធព្រះរាជពិធីនិងត្រៀម​ទីតាំងសម្រាប់ចំណតរថយន្ត។លោកអភិបាលខេត្តបាន​និយាយ​ថា៖«ពេល​នេះ​គោ​ឧសភរាជ​ចំនួន៥នឹមត្រូវ​បានយក​មក​ដល់​ទីតាំង​ដើម្បី​ត្រៀម​ប្រារព្ធពិធីជាមួយនឹងអ្នកមើលថែទាំសម្រាប់ការផ្ដល់ស្មៅនិង​ទឹក​ប្រកបដោយភាពត្រឹមត្រូវនិងសុវត្ថិភាព»។ក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះនឹងមានការ​តាំង​បង្ហាញពីសមិទ្ធផលនានារបស់ក្រសួង​ស្ថាប័ននានាផងដែរ។ខ្មែរថាមស៍​មិន​អាច​ទាក់ទងលោក ឈិន កេតនា អនុ​ប្រធាន​អចិន្ត្រៃយ៍នៃ​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំបុណ្យ​ជាតិ​និង​អន្តរ​ជាតិដើម្បីបញ្ជាក់លើរឿងនេះបានទេពីម្សិលមិញ។លោក យូ សុភា សាស្ត្រាចារ្យ​វប្បធម៌ខ្មែ​រនៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ បានលើកឡើងថាក្នុងព្រះរាជពិធីនេះ គឺ​ព្រាហ្មណ៍ព្រះរាជគ្រូនឹងសូត្រផ្សង​គោឧសភរាជ ដែលទឹម​ច្រត់ព្រះនង្គ័លនោះឱ្យបរិភោគចំណី៧មុខ ដែល​បាន​ដាក់​តម្រៀប​គ្នាជាជួរចាន​ពាន រួមមាន​គ្រាប់​ស្រូវ​មួយ​មុខ គ្រាប់​សណ្ដែកមួយមុខ គ្រាប់ពោតមួយមុខ គ្រាប់ល្ងមួយមុខ ស្មៅ​ស្រស់មួយមុខ ទឹកមួយមុខនិងស្រាមួយមុខ។លោកបន្តថាលុះពេលសូត្រចប់ ព្រាហ្មណ៍ព្រះរាជ​គ្រូ​យក​ទឹកមន្ដប្រោះក្បាលគោឧសភរាជ ហើយ​មន្ត្រី​ដឹកគោ​នោះ​ទៅជិត ចំណីទាំង៧យ៉ាងនោះ។ បន្ទាប់មក​គេដាក់គោឧសភរាជឱ្យបរិភោគចំណីទាំងនោះដោយ​មិនបង្ខំ។ កាល​ណាគោឧសភរាជបរិភោគ​ចំណីមួយឬពីរយ៉ាងព្រាហ្មណ៍​ក៏​ទាយផល​ប្រផ្នូល​តាម​នោះ។លោក​ថា៖ »បើ​គោ​ឧសភរាជ​​បាន​បរិភោគពោតនិង​សណ្ដែក​ច្រើន​ជាង​គេ ព្រាហ្មណ៍ព្រះរាជគ្រូទំនាយ​ទាយថា ទិន្នផល​កសិកម្ម​ក្នុង​ឆ្នាំ​​នោះ​នឹង​ទទួល​បាន​ទិន្នផល​តិច​តួច​បំផុត គឺ​លើក​លែង​តែ​ពោតនិង​សណ្ដែក​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ទិន្នផល​ច្រើន»។លោកបន្ថែមទៀតថា៖ «បើបរិភោគស្មៅឬ​ស្រា​ដំបូង​គេនោះទំនាយ​ថានឹង​មាន​ជំងឺ​តម្កាត់​ពី​សត្វ​ពាហនៈ។ បើ​ផឹក​ស្រា​នឹង​កើត​មាន​មនុស្ស​ពាល ចោរ​លួច ចោរប្លន់ និង​គ្រោះ​ទុរ្ភិក្សផ្សេងៗ​ជា​ដើម​»។ការ​ទស្សន៍ទាយ​នេះ​ពិត​ឬ​មិន​ពិត គឺមិនមែន​ជា​បញ្ហា​ធំទេ។អ្វី​ដែល​សំខាន់វាជាទំនៀមទម្លាប់និងជាអត្តសញ្ញាណរបស់កម្ពុជាដែល​មាន​អាយុ​កាល​ដ៏​យូរ​អង្វែង​មួយ​នេះ ហើយ​ការ​ទស្សន៍ទាយ​នេះ ក៏បានពញ្ញាក់ស្មារតីពលរដ្ឋខ្មែរទាំងអស់មានការធ្វើកសិកម្មដោយប្រុងប្រយ័ត្ន។​បើតាមលោក យូ សុភា ព្រះរាជពិធីនេះ គឺជា​និ​មិត្ត​រូប​ដែល​ព្រះ​រាជា​បាន​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះ​ប្រជា​រាស្រ្ត។ ព្រះមហាក្សត្រ​ធ្វើ​ពិធី​ច្រត់​ព្រះ​នង្គ័ល ​ដើម្បី​បួងសួងសុំ​ទឹក​ភ្លៀង សុំសុខសន្តិភាព សុំកុំ​ឱ្យ​មាន​រោគាព្យាធិ ចង់​ឱ្យ​មាន​សុខសន្តិភាព និង​ឱ្យ​រាស្ត្រទូ​ទាំង​ប្រទេស​បាន​ផលកសិកម្មល្អ​គ្រប់​គ្នា។តាំង​ពី​ដើម​រៀង​មក ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​តែង​ប្រារព្ធ​ឡើង​នៅ​វាល​មេន (ទី​ព្រះ​ស្រែ​ព្រះមេរុ)​ជាប់​ព្រះ​បរម​រាជ​វាំងជា​រៀងរាល់ឆ្នាំ។ដោយ​ឡែក​ប៉ុន្មាន​ឆ្នាំក្រោយមក ព្រះរាជពិធី​នេះ​បាន​បង្វែរ​ទៅ​ប្រារព្ធ​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​វិញ ហើយ​តាកែវ ជាខេត្តចុងក្រោយដែលបានប្រារព្ធព្រះរាជពិធី​នេះ​កាល​ពីឆ្នាំ២០១៩ មុននឹងអាក់ខានដោយសារការ​រាតត្បាតនៃជំងឺកូវីដ-១៩៕​KhmerTimes

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្នាំ២០១៨ នៅខេត្តស្វាយរៀង។រូបអ៊ីនធឺណិត

Powered by Blogger.