គ្រឿងញៀន ជាង២តោន អណ្ដែតលើសមុទ្ទអ៊ីតាលី
ប្រទេសអ៊ីតាលី៖ ពិតជាចម្លែកមែន! គ្រឿងញៀនមិនដឹងមកពីណាអណ្ដែតត្រៀបត្រានៅលើផ្ទៃសមុទ្ទអ៊ីតាលី! សមត្ថកិច្ចអះអាងថាពួកគេប្រទះឃើញគ្រឿងញៀនប្រភេទកូកាអ៊ីនទម្ងន់មិនក្រោម២តោននោះទេ បើគិតពីតម្លៃលក់នៅលើទីផ្សារងងឹតប្រមាណ៤រយលានអឺរ៉ូ។ គ្រឿងញៀនទាំងនេះបានអណ្ដែតគួរឱ្យឆ្ងល់នៅលើតំបន់មាត់សមុទ្ទនៃកោះស៊ីស៊ីលី (Sicily)។
គ្រឿងញៀនទាំងនេះនៅស្អាតល្អណាស់ព្រោះវេចខ្ចប់យ៉ាងមានរបៀបរៀបរយឥតមានចូលទឹកសមុទ្ទទេ។ សមត្ថកិច្ចសន្និដ្ឋានថាទំនងជាគ្រឿងញៀនទាំងនេះត្រូវកប៉ាល់ដឹកទំនិញដឹកយកទៅទម្លាក់ចោលតាមផ្លូវធ្វើដំណើរ។ បន្ទាប់មក ក្រុមរកស៊ីគ្រឿងញៀនមិនចាំបាច់តក់ក្រហល់ពេកទេ។ ពួកគេនឹងរង់ចាំឱកាសល្អដើម្បីដឹកយកទៅចែកចាយឱ្យម៉ូយរបស់ពួកគេ។សមត្ថកិច្ចអ៊ីតាលីចាត់ទុកថានេះជាការរឹបអូសគ្រឿងញៀនដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងកូកាអ៊ីនចិតសិបកញ្ចប់ធំ ដែលត្រូវគេចងស្រាក់ខ្សែយ៉ាងមាំទាំ។ នៅពេលគេយកកញ្ចប់ទាំងនេះទៅស្រាយខ្សែចេញ និងលាមើល, គេឃើញគ្រឿងញៀន១ពាន់ ៦រយកញ្ចប់តូចៗ។ សូមជម្រាបថាថ្វីដ្បិតកោះស៊ីស៊ីលីជាតំបន់កាន់កាប់របស់ក្រុមម៉ាហ្វៀកូសា ណូស្ត្រា(Cosa Nostra), ប៉ុន្តែក្រុមម៉ាហ្វៀដែលខ្លាំង និងមានលុយច្រើនជាងគេគឺក្រុមអឹនដ្រាន់ហ្គេតា (’Ndrangheta)។
តំបន់វ៉ាងទីរបស់ពួកគេស្ថិតនៅកាឡាប្រៀ (Calabria) តាមបណ្ដោយច្រកសមុទ្ទមេស៊ីណាចុះពីកោះស៊ីស៊ីលី។ ក្រុមនេះរកស៊ីជួញដូរគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង និងកាន់កាប់ស្ទើរតែផ្ដាច់មុខនូវកូកាអ៊ីនដែលដឹកជញ្ជូនទៅទ្វីបអឺរ៉ុប។ នៅក្នុងករណីគ្រឿងញៀនអណ្ដែតទឹកនេះ, សំណាញ់របស់អ្នកនេសាទត្រីជាអ្នកជួយសម្រួលដល់ការអូសទាញទៅមាត់ច្រាំង។
នៅក្នុងកញ្ចប់ទាំងនេះមានបំពាក់ឧបករណ៍កំណត់ទីតាំង។ យន្តហោះស៊ើបការណ៍តាមសមុទ្ទជាអ្នករកឃើញកញ្ចប់គ្រឿងញៀនទាំងនេះមុនគេ, ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។ ដោយយោងទៅតាមការវេចខ្ចប់យ៉ាងស្អាតល្អនៅក្នុងកញ្ចប់ផ្លាស្ទិចដើម្បីការពារការជ្រាបទឹក និងការបំពាក់ឧបករណ៍នៅនឹងកញ្ចប់គ្រឿងញៀនសម្រាប់គ្នីគ្នារបស់ពួកគេងាយស្រួលស្វែងរកទីតាំងបែបនេះ, សមត្ថកិច្ចសន្និដ្ឋានថាទំនងជាគ្រឿងញៀនទាំងនេះមិនមែនត្រូវក្រុមខិលខូចបោះចោលទេ។
ទំនងជាយុទ្ធសាស្ត្រថ្មីរបស់ពួកគេ។ មុនដំបូងពួកគេឱ្យកប៉ាល់ដឹកយកទៅទម្លាក់ចោលនៅក្បែរៗមាត់សមុទ្ទសិន។ បន្ទាប់មក ពួកគេនឹងចាត់គ្នារបស់គេដើម្បីទៅស្រង់យកគ្រឿងញៀនអណ្ដែតទឹកនោះដាក់ទៅលើគោក និងដឹកជញ្ជូនដោយលួចលាក់ដើម្បីចែកចាយបន្ត។ ពួកគេអាចរកឃើញគ្រឿងញៀនទាំងនេះដោយមិនពិបាក ព្រោះមានបំពាក់ឧបករណ៍កំណត់ទីតាំង។
ប្រហែលជាគី្នគ្នារបស់ពួកគេចង់រង់ចាំពេលវេលាល្អ។ អាចថារង់ចាំដល់ពេលយប់ ឬរង់ចាំបក្សរបស់ពួកគេរៀបចំសម្រួលផ្លូវ និងត្រៀមឡានសម្រាប់ដឹកជញ្ជូនឱ្យបានរួចរាល់សិន។ បន្ទាប់មក ពួកគេនឹងស្រង់យកគ្រឿងញៀនចេញពីក្នុងសមុទ្ទ។ ប៉ុន្តែលើកនេះពួកគេស៊យធំ និងខាតបង់មិនស្ទើរទេព្រោះសមត្ថកិច្ចរកឃើញ និងរឹបអូសទំនិញរបស់ពួកគេដោយមិនបាច់ប្រឹង៕
ប្រភព៖ The Strait Times, DW
Post a Comment