ភ្លើង​​ទៀននឹងដាក់បញ្ជីបេក្ខជន​ឈ​រឈ្មោះនៅកៀកថ្ងៃកំណ​ត់ចុងក្រោ​យរ​បស់គ.ជ.ប

 គណបក្សភ្លើងទៀននឹងបញ្ជូនបញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិនិងបេក្ខជនបម្រុងរបស់ខ្លួនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកៀកនឹងថ្ងៃកំណត់ចុងក្រោយរបស់គ.ជ.ប។ការបញ្ជាក់នេះធ្វើឡើងនាអំឡុងដែលគណបក្សនយោបាយខ្លះរួមទាំងគណបក្សកាន់អំណាចបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់បញ្ជីបេក្ខជនឈរឈ្មោះជាផ្លូវការទៅគ.ជ.ប នៅថ្ងៃដំបូង តាមកាលវិភាគកំណត់ពីថ្ងៃទី២៤មេសាដល់ថ្ងៃទី៨ឧសភា។ មកដល់ពេលនេះគណបក្សភ្លើងទៀនកំពុងស្ថិតក្នុងដំណាក់កាលប្រមូលយកសម្រង់បញ្ជីឈ្មោះពីបណ្តាសមាជិករបស់ខ្លួនតាមបណ្តាខេត្តដោយមិនទាន់អាចសម្រេចជាផ្លូវការនូវបញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិនិងបម្រុងសម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នៅឡើយនោះទេ។នេះបើតាមលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍។តាមអ្នកនាំពាក្យ គឺបញ្ជីបេក្ខជនជាផ្លូវការនឹងអាចបញ្ជូនទៅគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតនៅចុងខែមេសា ឬដើមឧសភា ខណៈដែលការកំណត់របស់គ.ជ.ប គឺទុកពេលឲ្យគណបក្សទាំងអស់ដាក់បញ្ជីបេក្ខជនឈរឈ្មោះរៀងៗខ្លួន ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី៨ឧសភា។ទោះបីជាមិនទាន់មានបញ្ជីផ្លូវការ តែលោកគីមសួរភីរិទ្ធបានអះអាងថាបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀនគឺមានតែលើសពី១២៥រូបរាប់ទាំងបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុង។ទាំងបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុងដែលអ្នកនាំពាក្យគណបក្សប្រឆាំងមួយនេះបានបន្ថែមថាភាគច្រើនជាសមាសភាពតំណាងរាស្ត្រដែលធ្លាប់រួមរស់ជាមួយអតីតគណបក្សសង្រ្គោះជាតិ។ក្នុងនោះមានជាអាទិ៍ លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក គីមសួរ ភីរិទ្ធ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ជា ប៉ូច តំណាងរាស្ត្រមណ្ឌលកំពត និងលោក ចាន់ ចេង តំណាងរាស្ត្រមណ្ឌលកណ្តាល ជាដើម។ក្រៅពីនេះ នៅមានអតីតតំណាងរាស្ត្របក្សសង្រ្គោះជាតិមួយចំនួនទៀត ក៏នឹងចេញឈរឈ្មោះជាបេក្ខជនរបស់គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។យ៉ាងណាមិញសម្រាប់អាណត្តិទី៧ខាងមុខ គណបក្សភ្លើងទៀនដែលលេចមុខជាថ្មីក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិបញ្ជាក់បន្ថែមថាសមាសភាពបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតលើកនេះ នឹងមានការប្រែប្រួលខ្លះដែរ។ ប្រែប្រួលត្រង់ថា បក្សប្រឆាំងមួយនេះនឹងបញ្ចូលសមាសភាពអ្នកនយោបាយជំនាន់ថ្មី ដូចទៅនឹងគណបក្សប្រជាជនកម្ពុជាសម្រាប់ឈរឈ្មោះជាបេក្ខជន។គួរបញ្ជាក់ថាតាមប្រតិទិនរបស់គ.ជ.បគឺកំណត់ឲ្យគណបក្សទាំងអស់ដាក់បញ្ជីឈ្មោះបេក្ខជន ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី៨ឧសភា ដែលមានរយៈ១៥ថ្ងៃ។ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានត្រៀមជាស្រេចសម្រាប់ការដាក់បញ្ជីផ្លូវការរបស់ខ្លួន នៅក្នុងថ្ងៃដំបូង។ អ្វីដែលគួរកត់សម្គាល់នៃសមាសភាពរបស់គណបក្សប្រជាជនកម្ពុជា គឺមានលោកហ៊ុនម៉ាណែតជាបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តទី១នៃមណ្ឌលរាជធានីភ្នំពេញដែលជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រីនាពេលអនាគត៕RFI

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀនលោកគីមសួរ ភីរិទ្ធ។សហការី

Powered by Blogger.