ប្រមុខដឹកនាំកម្ពុជា៖ការចាត់ទុកប្រជាជនជាគីឡូស្រាលគឺជាការនិយាយបែបប្រមាថ
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថាការប្រៀបធៀបចាត់ទុកប្រជាជនជាគីឡូស្រាលគឺជាការនិយាយបែបប្រមាថប្រជាជនដោយសម្ដេចបានបញ្ជាក់ថាប្រជាជនគឺជាទឹកយើងគឺជាទូកទឹកអាចពន្លិចទូកបាន សូមកុំភ័ន្តច្រឡំថាប្រជាជនគឺជាគីឡូស្រាលឱ្យសោះប្រជាជនគឺជាគោលដៅដែលពួកយើងត្រូវបម្រើពួកគាត់។ក្នុងសារជាសំឡេងតាមតេឡេក្រាមយប់ថ្ងៃទី៥ខែមេសា ឆ្នាំៗ២០២៣សម្ដេចហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសឡាវសម្ដេចបានទទួលនូវសារជាសំឡេង របស់ក្មួយស្រីតាំង ហ្គេចលៀងជាមួយនឹងប្រតិកម្មយ៉ាងច្រើនដែលចេញមក ដើម្បីតទល់ជាមួយក្មួយស្រី។លើកមុនមានការជ្រួលច្របល់ម្ដងហើយ អំពីការប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រពេលនោះអាចមានហេតុផលខ្លះ និងយោគយល់។សម្ដេចតេជោបន្តថា តែពេលនេះក្មួយស្រីបែរជាប្រៀបធៀប ប្រជាជនធម្មតាគឺគីឡូស្រាល ដែលធ្វើឱ្យក្មួយស្រីគិតថាអ្នកគីឡូស្រាលនេះ គឺមិនមានតម្លៃអ្វីសម្រាប់ក្មួយនេះជាកំហុស។សម្តេចបញ្ជាក់ថា ជាការល្អហើយដែលក្មួយសុំទោសជាសាធារណៈទាន់ពេល។ក្មួយស្រីត្រូវដឹងថា ក្នុងសង្គមមនុស្សគ្មានអ្នកណាគីឡូធ្ងន់គ្មានអ្នកណាគីឡូស្រាលទេ មនុស្សមានសេរីភាពដូចគ្នាហើយយើងគួរតែបញ្ជាក់ថាពូជអ្នកមាន វាដាច់ពូជអស់ទៅហើយក្នុងជំនាន់ប៉ុលពតនោះ។ពួកយើងសុទ្ធតែជាពូជអ្នកក្រដូចតែគ្នា ដែលចាប់ផ្ដើមកវែក កឆ្នាំង ចាប់ឆ្នាំ១៩៧៩ គឺ៤៤ឆ្នាំមុនតែប៉ុណ្ណោះ។ ដូច្នេះយើងមិនគួរបែងចែករវាងអ្នកមាននិងអ្នកក្រនោះទេ។សម្ដេចតេជោបានថ្លែងបញ្ជាក់ថាដោយសារតែភាពក្រហ្នឹងហើយបានជាយើងប្រឹងងើបឈរឡើងទាំងអស់គ្នា នៅក្នុងក្របខណ្ឌទូទាំងប្រទេស កសាងជីវភាព ពីភាពតោកយ៉ាក មកកាន់ជីវភាពមួយ ដែលគាប់ប្រសើរជាងមុន។អត្រានៃភាពក្រីក្របានធ្លាក់ចុះ ជាមួយនិងក្រុមគ្រួសារមួយចំនួនបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិ។ អ្នក្រីក្រនោះហើយ ដែលជាប្រធានបទ ដែលយើងត្រូវដោះស្រាយសម្រាប់ពួកគាត់ ជួយពួកគាត់ឱ្យមានការងារធ្វើ ជួយពួកគាត់ឱ្យមានការងារធ្វើ។សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប៉ុន្តែអ្វីដែលសម្ដេចសោកស្ដាយបំផុតនោះគឺក្មួយស្រីបានយកការប្រៀបធៀបប្រជាពលរដ្ឋធម្មតាមានគីឡូស្រាល នេះជាការខុសឆ្គងធំណាស់សម្រាប់ក្មួយ។ សម្ដេចតេជោក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងផ្ដើមចេញពីការសុំទោសមួយនេះរឿងហ្នឹងមិនបន្តភាគតទៅទៀតទេ បញ្ចប់ត្រឹមប៉ុណ្ណឹងបានហើយ។ រីឯក្មួយស្រីសូមកុំបញ្ចេញយោបល់តទៅទៀតអំពីអ្វី ដែលហៅថារវាងអ្នកមាន និងអ្នកក្រសុំកុំបញ្ចេញយោបល់តទៅទៀតថា គីឡូធ្ងន់ឬគីឡូស្រាល សូមកុំបញ្ចេញយោបល់តទៅទៀតប្រជាជនធម្មតាថាគ្មានទម្ងន់។ សម្ដេចតេជោលើកឡើងប្រៀធៀបថាសូមម្បីតែសត្វស្រមោច ក៏អាចធ្វើឱ្យសត្វដំរីដេកមិនលក់បានដែរ។ប្រជាពលរដ្ឋនោះហើយ គឺជាគ្រឹះនៃប្រទេសជាតិបើគ្មានប្រជាពលរដ្ឋទេ យើងក៏គ្មានប្រទេសជាតិដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រាជរដ្ឋាភិបាលធ្វើដើម្បីប្រជាពលរដ្ឋ មានបាន គ្រាន់តែអ្នកខ្លះមានលឿន អ្នកខ្លះមានឆាប់ អ្នកខ្លះឡើងទៅបានខ្ពស់ អ្នកខ្លះឡើងបានមធ្យម អ្នកខ្លះបានកម្រិតណាមួយ។ យើងនៅមានអ្នកខ្សត់ខ្សោយដែលត្រូវជួយ។សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ក្មួយស្រីតាំង ហ្គេចលៀងបានសុំទោសជាសាធារណៈនេះ គឺត្រឹមត្រូវ និងបានទាន់ពេលវេលា បើមិនដូច្នោះទេពួកអគតិនឹងប្រើប្រាស់បញ្ហានេះ ដើម្បីវាយប្រហារទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថាមិនយកចិត្តទុកដាក់ការពារប្រជាពលរដ្ឋ។សម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ចប់រឿងនេះត្រឹមប៉ុណ្ណេះ សម្រាប់ពួកប្រឆាំង គេធ្វើអ្វីក៏ធ្វើទៅចុះ សម្រាប់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមទទួលយកនូវការសុំទោសនេះ ហើយសូមបញ្ឈប់នូវការវាយប្រហារគ្នាតាមរយៈបណ្ដញសង្គម។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថាការចេញសារទាំងពេលយប់របស់សម្ដេចនេះ គឺចង់ឱ្យមានការស្រុះស្រួលជាតិគ្មានការបែកបាក់បុគ្គលម្នាក់មិនអាចធ្វើឱ្យសង្គមរង្គោះរង្គើទេ។ក៏ប៉ុន្តែប្រសិនបើមិនទប់ស្កាត់ ភ្លើងវណ្ណៈ ទំនាស់វណ្ណៈ ប្រឆាំងវណ្ណៈ តស៊ូវណ្ណៈ វានឹងផ្ទុះឡើងដែលនឹងអាចក្លាយទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ។ព្រោះ ការនិយាយបែបប្រមាថប្រជាជនដែលចាត់ទុកថាប្រជាជនគឺជាគីឡូស្រាល នេះគឺជារឿងមិនត្រឹមត្រូវ ហើយសូមបញ្ជាក់ថាប្រជាជនគឺជាទឹក យើងគឺជាទូក ទឹកអាចពន្លិចទូកបាន សូមកុំភ័ន្តច្រឡំថាប្រជាជនគឺជាគីឡូស្រាលឱ្យសោះ ប្រជាជនគឺជាគោលដៅដែលពួកយើងត្រូវបម្រើពួកគាត់ នេះមិនមែនជាបញ្ហាតូចតាចនោះទេ៕AKP
សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។aseanmp
Post a Comment