អង្គកា​​រ​ឃ្លាំមើ​ល​​​​សិទ្ធិមនុស្ស៖ស​​កម្មជន​​បក្សភ្លើងទៀន​​រង​​ការ​​យាយី​​ជា​ស​ន្ធាប់

 ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សនៅថ្ងៃចន្ទ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ​ ស្តី​អំពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើសកម្មជន​នៃគណបក្ស​ភ្លើងទៀនជាបន្ត​បន្ទាប់​នៅមុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិទី៧​ជិត​ចូល​មក​ដល់។​របាយការណ៍​របស់​HRW​បាន​អះអាង​ថា​ការ​បង្រ្កាប​លើ​សកម្មជន​គណបក្ស​ភ្លើងទៀន​ធ្វើឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ សម្តេចហ៊ុន សែន​ បាន​ព្រមាន​ពីការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ឬអំពើហិង្សា ​ចំពោះ​បុគ្គល​ណាដែល​បាន​រិះគន់​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា។​រដ្ឋាភិបាលកម្ពុជាបានបង្កើនការវាយប្រហាររបស់ខ្លួនលើសមាជិកគណបក្សនយោបាយប្រឆាំងមុនការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដាឆ្នាំ២០២៣។នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សពីទីក្រុងបាងកក។មានសមាជិកគណបក្សប្រឆាំងមួយចំនួន ត្រូវបានវាយដំក្នុងរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃខណៈខ្លះទៀតត្រូវបានកាត់ទោសពីបទក្លែងបន្លំការបោះឆ្នោតដោយហេតុផលនយោបាយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះកត់សម្គាល់ថាសកម្មភាពនៃការបង្រ្កាបលើសកម្មជនបក្សភ្លើងទៀនបានកើតឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រី ហ៊ុនសែនកាលពីថ្ងៃទី៩មករាបានព្រមានពីការបង្រ្កាបប្រសិនបើបក្សប្រឆាំងបន្តរិះគន់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត។ក្នុងនោះ សមាជិកគណបក្សប្រឆាំងសរុបចំនួន៦នាក់ ត្រូវបានវាយប្រហារ។លោកPhilRobertsonនាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនកំពុង​ប្រើ​គ្រប់​ឧបករណ៍​គាបសង្កត់​ដើម្បី​កម្ចាត់គណបក្ស​នយោបាយ​ណាមួយ​មុន​ការបោះឆ្នោត​ខែកក្កដា​។ តាមលោក Phil Robertsonរដ្ឋាភិបាលបរទេសគួរតែផ្ញើសារជាសាធារណៈយ៉ាងច្បាស់ទៅរដ្ឋាភិបាលកម្ពុជាថាការរុះរើគណបក្សប្រឆាំងនិងការវាយដំចាប់ខ្លួនលើសមាជិកបក្សប្រឆាំងមុនថ្ងៃបោះឆ្នោតមានន័យថានឹងមិនមានការបោះឆ្នោតពិតប្រាកដនោះឡើយ។យ៉ាងណាមិញ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានច្រានចោលអំពីសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងថាមានចេតនានយោបាយប្រឆាំងរដ្ឋាភិបាល។ លោក កត្តា អ៊ន បញ្ជាក់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្ស ជាអង្គការតំណាងបក្សប្រឆាំងនិងមានចេតនាប្រឆាំងរាល់សកម្មភាពរបស់រដ្ឋាភិបាល។ទាក់ទងនឹងការបង្រ្កាបលើសកម្មជនគណបក្សភ្លើងទៀន ក៏ត្រូវបានអ្នកនាំពាក្យបក្សប្រឆាំងមួយនេះទទួលស្គាល់ថា កំពុងកើតឡើងជាសន្ធាប់។ជាពិសេសនៅមុនពេលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣កាន់តែខិតជិតមកដល់។លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នេះគឺជាសកម្មភាពគាបសង្កត់និងដាក់សម្ពាធលើសកម្មជនគណបក្សរបស់ខ្លួននិងជាការដាក់សម្ពាធលើគណបក្សភ្លើងទៀនឲ្យរារែកចិត្តក្នុងការចូលរួមការបោះឆ្នោត។គួរបញ្ជាក់ថាសកម្មជននៃគណបក្សភ្លើងទៀនសំខាន់ៗមួយចំនួន ក៏នៅតែបន្តរងការចោទប្រកាន់តាមប្រព័ន្ធតុលាការ។ ក្នុងនោះរួមមាន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស លោក សុន ឆ័យ អនុប្រធានគណបក្សនិងសកម្មជននៅមូលដ្ឋាន។ពួកគេទាំងនោះ ខ្លះត្រូវបានចោទប្រកាន់ពីបទចេញសែកស្អុយខ្លះត្រូវបានចោទប្រកាន់ពីការរិះគន់លទ្ធផលបោះឆ្នោតឃុំ-សង្កាត់និងខ្លះទៀតត្រូវបានចោទជុំវិញការក្លែងបន្លំស្នាមមេដៃដើម្បីបង្កើតគណបក្សបេះដូងជាតិដែលលោក សៀម ភ្លុក ស្ថាបនិកបក្សកំពុងជាប់ពន្ធនាគារ៕RFI

ក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនបានចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។KhmerTimes

Powered by Blogger.