នាយក​រដ្ឋមន្ត្រីហ៊ុន​​ សែ​ន៖អ្នកមាននិងអ្នកក្រមិន​​អាចបំបែក​ចេញពីគ្នាក្នុង​សង្គម​បានទេ

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានក្រើនរំលឹកក្នុងពេលទទួលជួបគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដឹកនាំដោយប្រធានសមាគមអ្នកឧកញ៉ា លោក លី យ៉ុងផាត់ នៅគេហដ្ឋានរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកនេះថារស់នៅក្នុងសង្គមអ្នកមាននិងអ្នកក្រមិនអាចបំបែកចេញពីគ្នាបានទេ។សម្តេចហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ឧកញ៉ាទាំងអស់ ពង្រឹងសាមគ្គីភាពនិងរួមគ្នាជួយកិច្ចការសង្គម និងសកម្មភាពមនុស្សធម៌ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។លោក លី យ៉ុងផាត់ បានជម្រាបប្រាប់សម្តេចហ៊ុន សែន អំពីសកម្មភាពចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា។លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាដែលធ្វើការក្រោមការគ្រប់គ្រងបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងដើម្បីទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។ក្នុងសារសំឡេងពិសេសកាលពីយប់មិញសម្តេចហ៊ុន សែន អំពាវនាវជាថ្មីដល់បងប្អូនជនរួមជាតិឲ្យបញ្ឈប់រាល់ការវាយប្រហារពាក្យសម្តីតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងបញ្ហាអ្នកមាននិងអ្នកក្រ ដែលកំពុងរីករាលដាលពេញហ្វេសប៊ុកដើម្បីជៀសវាងជម្លោះវណ្ណៈក្នុងសង្គម ដែលនឹងនាំឱ្យមានវិបត្តិសង្គមធ្ងន់ធ្ងរ។សម្តេចបានគូសបញ្ជាក់ថា “ប្រជាជនគឺជាគ្រឹះរបស់ប្រទេស។ បើ​គ្មានប្រជាជន​ក៏​គ្មានប្រទេស​ជាតិ​ដែរ»។ “រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ”៕AKP/Khmer Times



Powered by Blogger.