នាយករដ្ឋមន្ត្រីប្រកាសផ្ដល់អាទិភាពជ្រើសគ្រូបង្រៀនបំពេញបន្ថែម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់អាទិភាពជ្រើសរើសនិងបណ្តុះបណ្តាលគ្រូបង្រៀនដើម្បីបំពេញបន្ថែមតាមតម្រូវការប្រកបដោយគុណភាព។ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ សម្តេចហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលផ្តល់ឤទិភាពក្នុងការជ្រើសរើសនិងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាពការកៀរគរនិងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍនិងលើកកម្ពស់បំណិនសតវត្សទី២១ ដល់យុវជនការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថល ការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា»។សម្តេចបន្ថែមថា រដ្ឋាភិបាលបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍-ជាតិ និងអន្តរជាតិ ។ ជាមួយនេះ ការធានាបាននូវសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ជាពិសេសត្រូវខិតខំរិះរកវិធានការ ដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត ។សម្តេចបញ្ជាក់ថា បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហ-ប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និង គ្រូបង្រៀន។លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំបានរៀបចំគោលការណ៍នៃការគ្រប់គ្រងធនធានមនុស្ស និងដាក់ឱ្យអនុវត្តសេចក្តីណែនាំស្តីពីនិយាមប្រើប្រាស់បុគ្គលិក ដើម្បីដោះស្រាយបញ្ហាលើសខ្វះគ្រូបង្រៀន និងពង្រាយគ្រូបង្រៀនឱ្យដល់កន្លែងខ្វះគ្រូ និងបានបញ្ចូលគ្រូខ្មែរឥស្លាម ១,៤៤១នាក់ និងគ្រូជនជាតិដើមភាគតិច ២០នាក់ទៅក្នុងក្របខណ្ឌរដ្ឋ៕Khmer Times
Post a Comment