អាមេរិ​​​ក​បារម្ភ​ពី​ទា​ហា​​ន​ស៊ីឈ្នួល​រុស្ស៊ី​លូក​​ដៃ​ចូល​ស៊ូដ​ង់

រដ្ឋមន្ត្រីការបរទេសអាមេរិកមានការព្រួយបារម្ភអំពីលទ្ធភាពដែលក្រុមយោធា Wagnerឯកជនរបស់រុស្ស៊ីបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះស៊ូដង់ដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការចូលរួមរបស់Wagner នៅក្នុងប្រទេសស៊ូដង់។កម្លាំងនេះនាំមកនូវការស្លាប់និងការបំផ្លិចបំផ្លាញនៅកន្លែងដែលពួកគេពាក់ព័ន្ធ" ជាមួយសមភាគីកេនយ៉ាលោក Alfred Mutua នៅវ៉ាស៊ីនតោនឌីស៊ីម្សិលមិញនេះ។មន្ត្រីអាមេរិករូបនេះក៏បានអំពាវនាវដល់មេដឹកនាំយោធានៃប្រទេសស៊ូដង់ឱ្យបន្តបទឈប់បាញ់នេះ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងរក្សាទំនាក់ទំនងជាមួយភាគីទាំង២និងស្វែងរកការស្តារវត្តមានការទូតនៅក្នុងប្រទេសអាហ្វ្រិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។Wagner Group មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។បែកធ្លាយឯកសារស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលត្រូវបានវិភាគដោយកាសែត Washington Post កាលពីថ្ងៃទី២២ខែមេសា បង្ហាញថា ក្រុមយោធាឯកជន Wagner របស់រុស្ស៊ីធ្លាប់ផ្តល់ឧបករណ៍ និងបណ្តុះបណ្តាលកងកម្លាំងសន្តិសុខរបស់ស៊ូដង់ក៏ដូចជាផ្តល់ដំបូន្មានដល់មេដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេសនេះ។មក​ដល់​ពេល​នេះ​មិន​មាន​ការ​បញ្ជាក់​ថា​អ្នក​ប្រយុទ្ធ Wagner មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​ស៊ូដង់​ទេ។ទោះបីជាយ៉ាងណាក៏ដោយប្រភពមិនបញ្ចេញឈ្មោះមួយចំនួនបាននិយាយថាក្រុមជីវពលលីប៊ីដែលស្និទ្ធនឹងWagnerបានផ្តល់សម្ភារៈយោធាដល់កងកម្លាំងឆ្លើយតបរហ័ស (RSF) ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែលជាបក្ខពួកមួយក្នុងចំណោមបក្ខពួកដែលកំពុងធ្វើសង្រ្គាមនាពេលបច្ចុប្បន្ន។មន្ត្រីអឺរ៉ុបបាននិយាយថា ឧត្តមសេនីយ៍ Dagalo បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជួយសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងកងទ័ពWagnerបង្កើតច្រករបៀងមួយដើម្បីដឹកជញ្ជូនគ្រឿងចក្ររុករករ៉ែមាសនិងពេជ្រក្នុងខែធ្នូ ឆ្នាំ២០២២។RSFកាលពីចុងសប្តាហ៍មុនបានបដិសេធការជាប់ពាក់ព័ន្ធជាមួយWagnerដោយទទូចថាសាជីវកម្មមានទំនាក់ទំនងតែជាមួយយោធារដ្ឋាភិបាលប៉ុណ្ណោះ។Wagnerត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤និងមានបុគ្គលិកប្រហែល៨,០០០នាក់គិតត្រឹមខែមេសាឆ្នាំ២០២២។ចារកម្មលោកខាងលិចចាត់ទុកអ្នកប្រយុទ្ធ Wagner ថាជា "ទាហានស៊ីឈ្នួលរបស់រុស្ស៊ី" ដោយនិយាយថាពួកគេបានប្រយុទ្ធនៅតំបន់ក្តៅជាច្រើននៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។ចាប់តាំងពីឆ្នាំ២០១៨ មក Wagner Group បានចុះហត្ថលេខាលើកិច្ចសន្យាជំនួយផ្នែកសន្តិសុខនិងយោធាជាច្រើនជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងម៉ាលីហើយទទួលបានសិទ្ធិរុករករ៉ែ។ជាមួយនឹងមនុស្សប្រហែល៥,០០០នាក់ដែលឈរជើងនៅទ្វីបអាហ្រ្វិកទំហំនៃកម្លាំងរបស់Wagnerគឺប្រហាក់ប្រហែលនឹងចំនួនទាហានអាមេរិកនិងបុគ្គលិកគាំទ្រនៅលើទ្វីបនេះ ដែលប៉ាន់ស្មានថាមានចំនួន៦,០០០ ។ដោយមានការគាំទ្រពីវិមានក្រឹមឡាំង ក្រុម Wagner Group បានពង្រីកឥទ្ធិពលនយោបាយយោធានិងសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងទ្វីបអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ការមកដល់នៃកងកម្លាំង Wagner គឺជាហេតុផលមួយដែលធ្វើឱ្យកងទ័ពបារាំងត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី និងប៊ូគីណាហ្វាសូ ដែលធ្វើឱ្យឥទ្ធិពលយុទ្ធសាស្ត្ររបស់ប៉ារីសចុះខ្សោយនៅក្នុងតំបន់។ស៊ូដង់​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ទ្វីប​អាហ្រ្វិក ជាប់​ព្រំដែន​ប្រទេស​អេហ្ស៊ីប មាន​ប្រជាជន​ជិត៤៨លាន​នាក់។ ជម្លោះភ្លាមៗបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងក្រុមប្រដាប់អាវុធRSFនៅថ្ងៃទី១៥ខែមេសាបន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញផែនការបញ្ចូលRSFចូលទៅក្នុងកងទ័ពធម្មតា។យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សជាង៤២០នាក់បានស្លាប់ និង ៣,៧០០នាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងបក្ខពួកទាំង២ ដែលធ្វើអោយស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសកាន់តែអាក្រក់ទៅៗ។ អង្គការសហប្រជាជាតិបាននិយាយថាជនជាតិស៊ូដង់ប្រហែល២០,០០០ នាក់បានភៀសខ្លួនចេញពីតំបន់ជម្លោះនិងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសឆាដ(Chad)ដែលនៅជិតខាង៕ប្រភពAFP

ទាហានWagnerត្រូវបានដាក់ពង្រាយនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងខែមីនា។ រូបថត៖ AFP

Powered by Blogger.