ឆាវឆាវជាស្ដេចត្រាញ់មានល្បិចខ្ពស់
ឆាវឆាវ(CaoCao)ជាស្ដេចត្រាញ់មានកល៍ល្បិចខ្ពស់ក្នុងការទាក់ទាញទឹកចិត្តដែលយើងស្គាល់តាមរយៈរឿងសាមកុក(នគរ៣)មានឈ្មោះមួយទៀតហៅថាម៉ឹងតឺ(Mengde)មានរហ័សនាមជាស្ដេចសង្គ្រាមនិងជាស្ដេចមួយក្នុងចំណោមស្ដេចទាំង៣នៅចុងសម័យហាន។
បើទោះបីឆាវ ឆាវ ត្រូវបានបង្ហាញថាជាមនុស្សពូកែកល៍ល្បិច ឃោឃៅនិងក្បត់គេក្បត់ឯងក៏ពិតមែនតែ ឆាវ ឆាវត្រូវបានគេកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដឹកនាំប្រទេសដឹកនាំកងទ័ពនិងទាក់ទាញទឹកចិត្តអ្នកមានទេពកោសល្យមកធ្វើការជាមួយគាត់។ឆាវឆាវ កើតក្នុងឆ្នាំ១៥៥នៅខេត្តអានហ៊ុយ(Anhui) ដោយចាប់កំណើតចំពេលដែលមានភាពវឹកវរទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ១៣៥តរៀងមកមានជម្លោះនិងអំពើការសម្លាប់គ្នាជាច្រើនកើតឡើងនៅក្នុងព្រះរាជវាំង។ក្នុងឆ្នាំ១៧៥ ឆាវ ឆាវបានក្លាយជាមន្ត្រីកងទ័ពមួយរូបនៅលុកយ៉ាង(Luoyang) ។ នៅពេលដែលពួកបះបោរកន្សែងលឿងបញ្ឆេះភ្លើងសង្គ្រាមក្នុងឆ្នាំ១៨៤ ឆាវឆាវត្រូវបានបញ្ជូនទៅបង្ក្រាបពួកនោះ ។ស្របពេលដែលមានការដណ្តើមអំណាចធ្វើឲ្យវឹកវរក្នុងព្រះបរមរាជវាំងក៏នាំឲ្យកាន់តែរីករាលដាលខ្លាំងឡើងនៃសង្គ្រាមស៊ីវិលតាមតំបន់រវាងកងទ័ពបះបោរនិងទ័ពតាមតំបន់គ្រប់គ្រងរបស់ស្តេចត្រាញ់នីមួយៗនិងទ័ពហានរបស់ស្តេចផែនដី ។ឆាវ ឆាវព្យាយាមច្បាំងដណ្តើមកាន់កាប់អាណាចក្រទាំងមូលឲ្យស្ថិតក្រោមចំណុះរបស់ខ្លួន។ប៉ុន្តែអ្វីៗមិនដូចបំណងឡើយ។ ឆាវ ឆាវបានចម្បាំងពង្រីកអំណាចទ័ពរបស់ខ្លួន ដោយវាយដណ្តើមយកពីតំបន់ឬខេត្តក្រុង តូចៗជាច្រើន បង្កើនការគ្រប់គ្រងព្រះរាជវាំង ហើយថែមទាំងផ្សព្វផ្សាយគោលនយោបាយនានាដើម្បីជួយផ្តល់ភាពរុងរឿងដល់ដែនដីដែលខ្លួនកំពុងកាន់កាប់។ចាប់ពីពេលនោះមកកងទ័ពដែលគ្រប់គ្រងតាមតំបន់ ឬស្តេចត្រាញ់នីមួយៗបានកើនឥទ្ធិពលខ្លាំងឡើងៗជាងកងកម្លាំងរបស់ស្តេចហាន(ស្តេចផែនដី) ទៅទៀត។ ក្នុងឆ្នាំ១៩៤មានគ្រោះទុរភិក្សដ៏ធំមួយកើតឡើង ដោយសារសត្វកណ្តូបបំផ្លិចបំផ្លាញកសិផលរបស់ប្រជារាស្ត្រ។ក្នុងអំឡុងឆ្នាំ១៩៥ស្តេច Xian បានទៅជ្រកកោនជាមួយ ឆាវ ឆាវ។ ស្តេចអង្គនេះរស់នៅស៊ូឆាង(Xuchang) ជាក្រុងមួយស្ថិតក្នុងចំណោមក្រុងក្នុងអាណាចក្រឬដែនដីឆាវឆាវគ្រប់គ្រង។«ឆាវ ឆាវ» ត្រូវបានគេចាត់ទុកក្នុងចំណោមអ្នកតស៊ូដ៏សំខាន់និងមានឥទ្ធិពលមួយរូបក្នុងអំឡុងចុងរាជវង្សហាននៃប្រទេសចិន។ឆាវ ឆាវ បានប្រើអំណាចរបស់ស្តេចនិងឈ្មោះរបស់ស្តេចផែនដី និងមានព្រះរាជសារតែងតាំងជាមេទ័ពផងដែរ។ ឆាវ ឆាវបានប្រមែប្រមូលទាហានមករួមគ្នាដែលរាប់ទាំងកម្លាំងទ័ពពួកបះបោរ១ម៉ឺននាក់ផង។នៅគ្រានោះហើយដែលមានការចម្បាំងគ្នានៅតំបន់ផ្សេងៗទូទាំងមហានគរ ។ក្នុងឆ្នាំ២០០ស្តេចត្រាញ់គ្រប់គ្រងភាគខាងជើង យៀន សាវ (Yuan Shao) បានដឹកនាំទ័ពចំនួន១០ម៉ឺននាក់ទៅវាយប្រហារស៊ូឆាង(Xuchang) ។ ឆាវ ឆាវបានជួបនឹងកងទ័ពរបស់យៀន សាវ ខណៈខ្លួនមានទ័ពត្រឹមតែ២ម៉ឺននាក់ប៉ុណ្ណោះនៅទន្លេលឿង។ ទ័ពអ្នកទាំងពីរនេះបានផ្អាកដំណើររុលទៅមុខមួយរយៈ។ឆាវ ឆាវ បានប្រើប្រាស់ល្បិចនិយាយចរចា សុំចុះចូលដើម្បីពង្វាងពេលវេលាចាំឱកាសល្អនឹងបើកឆាកប្រយុទ្ធពីខាងមុខ។ ស្របពេលនោះដែរ ក្នុងពេលដែលកងទ័ព យៀន សាវ មិនបានចាប់អារម្មណ៍ ហើយយៀន សាវកំពុងតែមានអំនួតក្អេងក្អាងខ្លាំងផងនោះ ឆាវ ឆាវបានរៀបចំទ័ពរបស់ដើម្បីលួចឆ្មក់វាយសម្រុកពីក្រោយ ក៏បានយកឈ្នះខណៈពេលពួកគេលួចវាយប្រហារការផ្គត់ផ្គង់ស្បៀងរបស់យៀន សាវ។ ដោយរងការវាយប្រហារពីខាងមុខផងខាងក្រោយផង ហើយគ្មានឱកាសតដៃទៀត យៀន សាវ បានទទួលបរជ័យដ៏ធំសម្បើមរហូតក្រោយមកធ្លាក់ខ្លួនឈឺដល់ស្លាប់។នៅឆ្នាំ២០៧ឆាវឆាវបានគ្រប់គ្រងតំបន់ភាគខាងជើងនៃទន្លេ Yangtze ស្ទើរតែទាំងស្រុង។គ្រប់គ្រងតំបន់ដែលសម្បូរស្បៀងអាហារ ខិតខំបង្វឹកទាហាន បង្វឹងទ័ពសេះ ទ័ពព្រួញ និងទ័ពរទេះបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែក លីវ ប៉ី គឺជាអ្នកគ្រប់គ្រងដែនដី ស៊ូ ហាន (Shu Han) ក្នុងតំបន់ទិសនីរតីជុំវិញស៊ីឈួន (Sichuan) និងស៊ុន ឈៀន(Sun Quan) ជាអ្នកដឹកនាំគ្រប់គ្រងតុង អ៊ូ (Dong Wu) ដែលស្ថិតនៅតំបន់ភាគអាគ្នេយ៍។ក្នុងឆ្នាំ២០៨ ឆាវឆាវ ទទួលបានជោគជ័យក្នុងការពង្រីកទឹកដីរបស់ខ្លួននិងការវាយបង្ក្រាបសត្រូវ ស្ទើរគ្រប់ទីកន្លែងដោយប្រើនាមស្ដេចហានបង្ក្រាបចោរក្បត់។ដោយមានមហិចតាចង់លេបត្របាក់ទឹកដីទាំងមូលទាហានឆាវឆាវនិយាយថា កងទ័ពធំរបស់ខ្លួនមានជាងមួយលាននាក់អាចល្មមចេញច្បាំងបង្ក្រាបនគរ២ទៀតបានហើយគឺនគររបស់ស៊ុនឈៀននិងលីវ ប៉ី។ក្រោយមកឆាវ ឆាវក៏សម្រេចលើកទ័ពចេញច្បាំងនឹងនរគរទាំង២ដោយខ្លួនឯង ហើយក៏ដឹកនាំទ័ពទៅភាគខាងត្បូង។ដោយភាពឈ្លាសវៃនិងដឹងកាលៈទេសៈនគរពីរទៀតបានរួមដៃគ្នាចងសម្ព័ន្ធភាពដើម្បីទប់ទល់នឹងទ័ព ឆាវ ឆាវ ហើយគ្រានោះហើយដែលទ័ព ឆាវ ឆាវ ត្រូវទទួលរងបរជ័យដ៏ធំធេងបំផុត នឹងស្លាប់បាត់បង់ជីវិតស្ទើរទាំងស្រុងក្នុងសមរភូមិភ្លើងកំណាច។នៅពេលនោះឯងឆាវ ឆាវ ខ្លួនឯងក៏សឹងនឹងគ្មានជីវិតបន្តទៀតផង។ដោយការរួចជីវិតម្ដងនោះមកធ្វើឲ្យ ឆាវ ឆាវ គិតរហូតថាហេតុអ្វីកងទ័ពនគរទាំង២ទៀតមិនសម្លាប់ខ្លួនចោល។ក្រោយមកក៏យល់បានថាសម្ព័ន្ធមិត្តរបស់ លៀវ ប៉ី និង ស៊ុន ឈៀនគឺជាសម្ព័ន្ធមិត្តមិនរឹងមាំទេ ហើយគង់តែថ្ងៃណាមួយពួកគេនឹងប្រយុទ្ធដណ្ដើមទឹកដីគ្នាមិនខាន។ ក្រោយមក ឆាវ ឆាវ បានដកខ្លួនមករាជធានីខ្លួនឯងវិញ ហើយសង្ងំមិនធ្វើសង្គ្រាមអស់ជាច្រើនឆ្នាំ រង់ចាំមើលកាលៈទេសៈ។ ឆាវ ឆាវ មិនចេញច្បាំងទៀតទេក្រៅតែអំពីហ្វឹកហាត់កងទ័ព និងបង្កើតស្បៀងប៉ុណ្ណោះ។ឆាវឆាវបានស្លាប់ក្នុងឆ្នាំ២២០នៅលុកយ៉ាង ក្នុងជន្មាយុ៦៥ឆ្នាំមិនបានសម្រេចក្ដីប្រាថ្នាដើម្បីបង្រួបបង្រួមប្រទេសឡើយ។ ផ្នូររបស់ឆាវឆាវត្រូវគេរកឃើញនៅក្នុងភូមិ Xi gao Xue ក្នុងក្រុងអានយ៉ាង (Anyang County) ខេត្តហ៊័រណាន (Henan)៕
ប្រភព៖Anarchak.com/khmerpostasia
Post a Comment