នាយករដ្ឋមន្ត្រីហ៊ុន សែនបង្ហើបពីភាពជម្នះរក្សាតំណែងលោកឃួង ស្រេង
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបពីភាពជម្នះរក្សាមុខតំណែងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញបន្តសម្រាប់អាណត្តិទី២ ទោះជាលេចធ្លាយព័ត៌មានមួយចំនួនវាយប្រហារនិងស្នើឱ្យមានការផ្លាស់ប្ដូរលោកឃួង ស្រងក៏ដោយ។សម្តេចហ៊ុន សែនបញ្ជាក់ថា៖ «បើខ្ញុំមិនរឹងទេ ឃួង ស្រេងអត់បានចូលអាណត្តិទី២ទេ ខ្ញុំនិយាយឱ្យច្បាស់តែម្តង ហើយព័ត៌មានចេញពីជ្រុងមកវាយ អាស្រេង រហូត ។ប៉ុន្តែខ្ញុំរឹង តែខ្ញុំក៏មិនដែលប្រាប់ឃួង ស្រេង ដែរ»។ការលើកឡើងខាងលើនេះ ធ្វើឡើងនៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីម្សិលមិញ។សម្តេចបន្ថែមថា ការស្នើឱ្យមានការផ្លាស់ប្ដូរអភិបាលរាជធានីភ្នំពេញខាងលើនេះ មិនដែលលើកឡើងជាសាធារណៈនោះទេ។ ប៉ុន្តែលើកឡើងជាចំហរបែបនេះ ដើម្បីដាស់តឿនមន្ត្រីនានាឱ្យឈប់ដើរជេរគេជេរឯងនោះ គឺមិនគួរធ្វើនោះទេ។សម្តេចបន្តថា ក្នុងនាមជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចិត្ត ដោយមិនត្រូវជឿលើមន្ត្រីចាក់រុក ដែលនាំឱ្យងាយរងគ្រោះដល់ការសម្រេចចិត្តនោះទេ។សម្តេចបន្ថែមថា៖ «ដោយសារធ្លាប់មានបទពិសោធឆ្លងកាត់យូឆ្នាំនៃការធ្វើជាមន្ត្រីដឹកនាំសូមខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ក្បែរខ្លួន ហើយខ្ញុំមិនមែនបានសេចក្តីថា កន្លងទៅខ្ញុំមិនបានកត់សម្គាល់ចំពោះមន្ត្រីនោះទេសុំកុំភ័ន្តច្រឡំ»។សម្តេចបន្តថានៅពេលមានមន្ត្រីខ្លះមកនិយាយដើមពីអ្នកដទៃប្រាប់ ហើយសម្តេចមិនរឹងមាំ ដើម្បីសម្រេចចិត្តនិងឈរលើសច្ចភាពពិតប្រាកដនោះទេ នឹងនាំទៅដល់ការសម្រេចចិត្តខុសតែម្តង ដូចនេះធ្វើជាអ្នកដឹកនាំ កុំឱ្យគេមកបោកប្រាស់បាន។ សម្តេចថា អ្នកនិយាយដើមគេ បានបង្កើតទម្លាក់អាក្រក់ ដូចនេះធ្វើជាមេដឹកនាំគេ ត្រូវចេះវិនិច្ឆ័យឱ្យបានច្បាស់ថា រាល់ព័ត៌មានទាំងនោះវាជារឿងពិតឬមិនពិត។ចំពោះការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ លោក ឃួង ស្រេង បដិសេធសុំមិនធ្វើអធិប្បាយ។សម្តេចនាយករដ្ឋមន្ត្រីបានរម្លឹកករណីពាក់ព័ន្ធនឹង លោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ផងដែរ។សម្តេចនិយាយថា កាលពីកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសុំចាប់ខ្លួនលោក សរ ចំរុង ។ប៉ុន្តែត្រូវបានលោកជំទាស់។សម្តេចបញ្ជាក់ថា កាលនោះបើធ្វើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះលោក សរ ចំរុង ត្រូវតុលាការចាប់ខ្លួន ហើយផ្ទេរសមត្ថកិច្ចមកតុលាការខេត្តពោធិ៍សាត់។ប៉ុន្តែសម្តេចបានចេញមុខការពារសច្ចធម៌មួយដែលកើតឡើងកាលពីឆ្នាំ២០០៧-២០០៨។សម្តេចបន្ថែមថា ការស្នើសុំចាប់ខ្លួនមន្ត្រីខាងលើនេះ ក៏ដោយសារសម្តេច ស ខេង ជឿទៅលើអភិបាលរងខេត្តពោធិ៍សាត់ម្នាក់។ប៉ុន្តែអភិបាលរងខេត្តនោះ សម្តេចបានចេញអនុក្រឹត្យដកចេញពីតំណែងតាំងពីពេលហ្នឹងតែម្ដង។សម្តេចបន្តថា បន្ទាប់ពីគ្មានការចាប់ខ្លួននោះ លោក សរ ចំរុង មិនត្រឹមរក្សាតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យនោះទេ ថែមទាំងបានបញ្ជូនឱ្យទៅធ្វើជាអភិបាលខេត្តក្រចេះ ហើយបច្ចុប្បន្ន ជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ថែមទៀត។សម្តេចបញ្ជាក់ថា៖«បើសិនពេលហ្នឹងខ្ញុំចុះហត្ថលេខាយល់ព្រមឱ្យចាប់ខ្លួនសរ ចំរុង ដោយផ្ទេរសមត្ថកិច្ចពីបន្ទាយមានជ័យ មកតុលាការខេត្តពោធិ៍សាត់ សរ ចំរុង ជាប់គុកតាំងពីពេលនោះមិនមែន សរ ចំរុង ធ្វើសមាជិកអចិន្ត្រៃយ៍សភា និងជាប្រធានគណៈកម្មការមួយរបស់រដ្ឋសភានោះទេ គឺខូចមន្ត្រីចោលមួយទទេ ដោយសារការញុះញង់របស់អនុខេត្តម្នាក់»។សម្តេចនាយករដ្ឋមន្ដ្រីបន្តរម្លឹកថា កាលពីថ្មីៗកន្លងទៅនេះ សម្តេចធ្លាប់ស្ដីបន្ទោសដល់អភិបាលខេត្តកែប ។ប៉ុន្តែក៏មានអ្នកថែមអំបិល ប្រហុក ដោយទាមទារឱ្យដកលោក សោម ពិសិដ្ឋ ចេញពីអភិបាលខេត្តកែប តែត្រូវបានសម្តេចបដិសេធមិនព្រមធ្វើតាម។សម្តេចបន្ថែមថា មូលហេតុដែលស្ដីបន្ទោសទៅកាន់អភិបាលខេត្តកែប គឺប្រៀបបាននឹងស្ដីឱ្យកូនដែរ ព្រោះលោក សោម ចិន ដែលជាឪពុករបស់លោក សោម ពិសិដ្ឋ ជាទាហាននៅជាមួយគ្នាតាំងពីឆ្នាំ១៩៧៨។កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣សម្តេច ហ៊ុន សែន បានបញ្ជាអភិបាលខេត្តកែប ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបញ្ឈប់យកប្រាក់ពីអ្នកដែលទៅកម្សាន្តនៅខេត្តកែប បន្ទាប់រងការរិះគន់ពីប្រជាពលរដ្ឋលើការចំណាយប្រាក់ថ្លៃភាស៊ី ដើម្បីចូលទៅតំបន់មាត់ឆ្នេរ។គួររម្លឹកថា លោក ឃួង ស្រេង ត្រូវបានតែងតាំងឱ្យបន្តតំណែងជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ តាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមសំណើទូលថ្វាយរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី។លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានចូលនិវត្តន៍កាលពីខែមិថុនា ឆ្នាំ២០១៧។លោក ឃួង ស្រេង មុនឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ លោកមានតួនាទីជាអភិបាលរងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ជាអតីតអភិបាលខណ្ឌសែនសុខផងដែរ៕KhmerTimes
លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។រូបភាពសហការី
Post a Comment