លោកហ៊ុន​ ម៉ា​ណែតចេញមកបកស្រា​យ​ទាក់ទងទៅ​នឹងចំណុចមួយចំនួនដែល​លោកបានឆ្លងកា​ត់ចូលរៀនWe​st Point

 លោកហ៊ុន ម៉ាណែតកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាថ្មីម្តងទៀតបានចេញមកបកស្រាយទាក់ទងទៅនឹងចំណុចមួយចំនួនទាក់ទងទៅនឹងស្ថានភាពដែលលោកបានឆ្លងកាត់ចាប់តាំងពីការដាក់ពាក្យចូលរៀនរហូតបញ្ចប់ការសិក្សានៅសាលាWest Point។ ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្រោយលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានបន្តយកលិខិតដែលលោក សរសេរទៅឳពុករបស់លោកកាលពីឆ្នាំ៣០ឆ្នាំមុនមកធ្វើជាមូលដ្ឋានក្នុងការវាយប្រហារ។តាមរយៈឃ្លីបវីដេអូរយៈពេល១១នាទីនិងសំណេរសង្ខេប ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតបានលើកយកចំណុចចំនួន៣មកពន្យល់នោះគឺចំណុចទី១ សាលាWestPointពិបាកដាក់ដឺម៉ង់ចូលរៀនដែលក្នុង១ឆ្នាំមានអ្នកដាក់ពាក្យ១២០០០ទៅ១៥០០០នាក់ហើយជាប់តែ១២០០នាក់ប៉ុណ្ណោះ។ ចំណុចទី២ក្នុងចំណោមអ្នកជាប់១២០០នាក់មានសិស្សបរទេសតែ២០នាក់គឺមិនដល់២%ផង។តាមលោក ហ៊ុន ម៉ាណែត ជនបរទេសត្រូវដាក់ដឺម៉ង់ពិសេសគឺដាក់ពាក្យតាមទូតអាមេរិកនៅក្រៅប្រទេសខុសពីជនជាតិអាមេរិកដែលមានសិទ្ធិដាក់ដឺម៉ង់ត្រង់ទៅសាលា។ ដោយឡែកចំពោះការប្រលងចូលក៏មានលក្ខណៈខុសគ្នាដែរពោលគឺមានចំណេះដឹងទូទៅកីឡាដូចគ្នាតែថែមភាសាអង់គ្លេសមួយទៀតសម្រាប់សិស្សបរទេស។បន្ថែមពីនេះលោកហ៊ុនម៉ាណែតលើកឡើងពីអ្នកជួយធានាក្នុងការដាក់ពាក្យ ដោយលោក មានទូតអាមេរិកនៅកម្ពុជាជាអ្នកធានា។សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ លោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកអមដោយរូបភាពលិខិត១សន្លឹករបស់លោក ហ៊ុន ម៉ាណែត ថាលោក ហ៊ុន ម៉ាណែត គ្មានចេះអ្វី ក្រៅពីតោងជើងខោឳដើម្បីឡើងតាមជើងខោឳដូចលោក ហ៊ុន ម៉ាណែត ខ្លួនឯងបានសរសេរផ្ទាល់ដៃ ប្រាប់ទៅឪពុកគាត់ប្រមាណ២០ឆ្នាំមុន គាត់បានចូលរៀនសាលាទាហាននៅសហរដ្ឋអាមេរិកដោយសារតែការយោគយល់និងការជម្រុញពីឪពុកគាត់គឺលោក ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្ត្រីនិងជាមេទ័ព។ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែតបានបញ្ជាក់ថាការចូលរៀននៅសាលា West Point រហូតដល់បញ្ចប់គឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់លោកសុទ្ធសាធ ដោយលោកចោទសួរទៅលោកសម រង្ស៊ី វិញថាលោក សម រង្ស៊ី កំពុងតែចោទថាអាមេរិកពុករលួយដែលថាទាល់តែកូនអ្នកធំទើបអាចចូលរៀនសាលាWestPointបាន។បេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះបញ្ជាក់ថាការដាក់ដឺម៉ង់ចូលរៀនជាការលំបាកមួយតែសំខាន់លោកចោទជាសំណួរផងដែរថាតើរៀនទាន់គេឬទេហើយអាចតស៊ូដល់ទីបញ្ចប់រយៈពេល៤ឆ្នាំឬអត់?៕RFI

លោកហ៊ុន​ ម៉ាណែតជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាចនិងលោក សម រង្ស៊ីអតីតប្រធានគណបក្សប្រឆាំង៖សហការី

Powered by Blogger.