កម្ពុជា​ថា​​សេចក្ដីថ្លែងការណ៍ក្រុមអ្នករា​យ​​ការណ៍ពិសេសUN​មានចេតនានយោ​បា​យករណីផ្តន្ទាទោ​​សកឹម សុខា

  ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍​កម្ពុ​ជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ការ​ពារ​ការ​កាត់​ទោស​អតីត​មេ​បក្ស​ប្រឆាំង​លោក​កឹ​ម​ ​សុខា​និង​ចាត់​ទុក​សេចក្តីថ្លែង​ការណ៍​ដែល​ចេញ​ដោយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ថា​មាន​ចេតនា​នយោបាយ​និង​មាន​បំណង​បំភ័ន្ត​សាធារណជន​អំពី​ការ​ផ្ទន្ទា​ទោស​។​ប្រតិកម្ម​របស់ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍ ​បាន​ធ្វើឡើង​បន្ទាប់ពី​សេចក្ដីថ្លែង​ការណ៍​មួយ​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា​ដំណើរ​ការ​ទាំង​មូល​នៃ​សំណុំ​រឿង​លោក​ កឹ​ម​ ​សុខា​ ​មាន​ភាព​មិន​ប្រក្រតី​​ហើយ​មិន​បាន​បំពេញ​តាម​ស្តង់​ដារ​នៃ​ច្បាប់​សិទ្ធិមនុស្ស​ជាតិ​ឬ​អន្តរជាតិ​។​ ​ពួក​គេ​ជឿជាក់​ថា​ការ​ផ្ដន្ទាទោស​លោក​ កឹ​ម​ ​សុខា​គឺ​មាន​ហេតុ​ផល​នយោបាយ​។​លោក​ កឹ​ម​ ​សុខា​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​៧​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​បន្ទាប់ពី​​​រក​ឃើញ​ថា​ ​លោក​​​មាន​ពិរុទ្ធ​ពី​បទ​ឃុប​ឃិតជាមួយ​បរទេស​ ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ចន្លោះ​ពី​ឆ្នាំ​ ​២​០​១​០​ ​និង​ឆ្នាំ​ ​២​០​១​៧​។​គាត់​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ​ដោយ​ឃុំ​ខ្លួន​នៅ​ក្នុងផ្ទះ​ ​ហាម​មិន​អោយ​ឈរឈ្មោះ​បោះឆ្នោត​ឬ​បោះឆ្នោត​ ​ហាម​ជួប​អ្នក​ដ៏​ទៃ​ ​លើកលែងតែ​សមាជិក​គ្រួសារ​របស់​គាត់​ ​លើកលែងតែ​មាន​​ការ​អនុញ្ញាត​ពី​តុលាការ​ក្នុង​ចំណោម​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។​ទោះ​យ៉ាងណា​ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍​កម្ពុជា​ ​ថា​សេចក្ដី​ថ្លែង​ការ​របស់​ក្រុម​អ្នករាយការណ៍​ពិសេស​ ​មាន​ចេតនា​នយោបាយ​ ​និង​មាន​បំណង​បំភ័ន្ត​សាធារណជន​ ​អំពី​ការ​ផ្ទន្ទា​ទោស​ ​លោក​ កឹ​ម​ ​សុខា​។​​តាមរយៈ​សេចក្ដីថ្លែង​ការណ៍​ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍​កម្ពុជា​ពន្យល់​ថា​ការ​លើក​ក​ម្ពស់ ​និង​ការ​ធ្វីឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​សិទ្ធិមនុស្ស​ ​សេរីភាព​ ​និង​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​ ​ទោះបី​យ៉ាងនេះ​ក្តី​ ​សិទ្ធិ​ ​និង​សេរីភាព​ទាំង​ទ្បា​យ​ណា​ដែល​ធ្វើឡើង​តាមរយៈ​ការ​ឃុប​ឃិត​ផែន​ការសម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ ​ឬ​ភ្នាក់ងារ​បរទេស​ក្នុង​គោលបំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​គឺជា​អំពើ​ខុសច្បាប់​ ​ទោះបី​យោង​តាម​បទដ្ឋាន​ណា​ក៏ដោយ​។​​សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា​៖​«​នៅ​ប្រទេស​កម្ពុជា​ ​ក៏​ដូច​សង្គមប្រជាធិបតេយ្យ​ដទៃទៀត​ ​បុគ្គល​បំពានច្បាប់​អាច​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ ​និង​ផ្តន្ទាទោស​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​ ​និង​មិន​ផ្អែកលើ​ឋានៈ​នយោបាយ​ឡើយ​។​ ​ឋានៈ​ជា​អ្នកនយោបាយ​ ​មិនថា​ស្ថិតនៅ​ក្រោម​ស្លាក​បក្ស​នយោបាយ​ប្រឆាំង​ឬ​យ៉ាងណា​ ​ពុំបាន​ផ្តល់​សិទ្ធិ​ឲ្យ​បុគ្គល​នោះ​ធ្វើសកម្មភាព​ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។​ ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​មិន​អាច​ត្រូវ​បាន​ប្រើ​ជា​ទឡ្ហីករ​ណ៍​សម្រាប់​គោល​បំណង​ផ្ទាល​់ខ្លួន​ ​ឬ​នយោបាយ​ណា​មួយ​នោះ​ទេ​»​។​​ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍​បន្ថែម​ថា​ ​ការ​ផ្តន្ទាទោស​លោក​ កឹ​ម​ ​សុខា​ ​ធ្វើ​ទ្បើ​ង​ដោយ​ផ្អែក​ទៅ​លើ​បទល្មើស​សន្ទិដ្ឋិ​ភាព​ ​ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ ​ដែល​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ ​បញ្ញត្តិ​មាត្រា​៤​៣​៩​ ​និង​មាត្រា​៤​៤​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​។​ ​សវនាការ​ដោយ​យុត្តិធម៌​លើ​លោក​ កឹម​ ​សុខា​ ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ហ្មត់ចត់​ ​និង​បង្ហាញ​យ៉ាង​ច្បាស់​តាមរយៈ​ការ​បើកសវនាការ​ដោយ​តម្លា​ភាព​ ​និង​ជា​សាធារណៈ​ចំនួន​ ​៦​៦​ ​លើក​។​សេចក្ដីថ្លែង​ការណ៍​សរសេរ​ថា​៖​«​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​រាយការណ៍​ពិសេស​ខាងលើ​ ​អំពី​កង្វះ​ការ​ចូលរួម​ជា​សាធារណៈ​នៅក្នុងបន្ទុក​សវនាការ​មាន​ន័យ​ស្មើនឹង​កង្វះ​យុត្តិធម៌​ ​គឺជា​ការ​ចំអក​លើ​បទដ្ឋាន​នៃ​វិជ្ជាជីវៈ​ច្បាប់​ ​និង​តុលាការ​។​ ​នៅ​គ្រប់​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​ ​ការ​សម្រេច​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​តែងតែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ​ដោយ​ពិចារណា​លើ​ទំហំ​ជាក់​ស្តែង​នៃ​បន្ទប់​សវនាការ​ ​សណ្តាប់​ធ្នាប់​ ​និង​សន្តិសុខ​។​ ​ក្រុម​អ្នក​រាយការណ៍​ពិសេស​ប្រហែល​ពុំបាន​ដឹង​ទេ​ថា​ ​មាន​តំណាង​អង្គទូត​ជាច្រើន​បាន​ចូល​រួម​តាមដាន​ ​នៅក្នុងបន្ទប់​សវ​ន​ការ​ទាំងមូល​»​។​​ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍​កម្ពុជា​ ​ក៏​បាន​ទទូច​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ក្រម​សីលធម៌​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​ ​ក្នុង​ការ​បំ​ពេញ​មុខ​ងារ​របស់​ខ្លួន​ ​រួម​ទាំង​ការ​ធ្វើ​សេចក្តីថ្លែង​ការណ៍​ជា​សាធារណៈ​ណាមួយ​ដែល​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​៕​Khmer Times 


លោក​ កឹ​ម​ ​សុខា​។AFP
Powered by Blogger.