កម្ពុជាប្រកាសប្រភេទកីឡាចំនួន៣៧សម្រាប់ការប្រកួតSEAGames32
អត្តពលិកក្នុងតំបន់គ្រោងនឹងចូលរួមប្រកួតលើ៣៧ប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (SEA Games 32) នៅក្នុងប្រទេសកម្ពុជាក្នុងខែឧសភានេះ។លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ក្នុងចំណោមកីឡាទាំង៣៧ប្រភេទនេះកម្ពុជាបានសម្រេចដាក់បញ្ចូលនូវប្រភេទកីឡាប្រពៃណីចំនួន៣គឺកីឡាអុកចត្រង្គ(អុក) និងក្បាច់គុន២ប្រភេទគឺ ល្បុក្កតោនិងគុនខ្មែរ។លោកបានកត់សម្គាល់ថាកីឡាទាំង៣នឹងក្លាយជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញកីឡាប្រពៃណីនេះដល់ទស្សនិកជនបរទេស ហើយរំពឹងថានឹងដណ្តើមបានមេដាយបន្ថែមទៀត។នេះបើយោងតាមកាសែតខ្មែរថាមស៍។បើតាមលោកអ៊ូ តារា អគ្គលេខាធិការរងនៃសហព័ន្ធគុនល្បុក្កតោកម្ពុជាបានឱ្យដឹងថា យ៉ាងហោចណាស់មានប្រទេសចំនួន៥បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ល្បុក្កតោក្នុងការប្រកួត ក្នុងនោះមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីននិងឥណ្ឌូនេស៊ី។មុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភាកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ចំនួន២គឺវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលល្បុក្កតោអន្តរជាតិចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា និងការប្រកួតជើងឯកជាតិគុនល្បុក្កតោកម្ពុជាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ខែមីនាដល់ថ្ងៃទី៣ខែមេសា។កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ការប្រកួតទាំងពីរត្រូវបានបញ្ចូលគ្នា ហើយត្រូវបានគេហៅថា “កម្ពុជា២០២៣” ដើម្បីឆ្លុះបញ្ចាំងពីឯកភាព ភាពចម្រុះ និងសមភាព។ ពាក្យស្លោក”កម្ពុជា២០២៣”គឺ“កីឡា៖រស់នៅក្នុងសន្តិភាព”៕VNA/Khmer Times
Post a Comment