លោកPutinយល់ស្របនឹងទ្រឹស្តីដែលថាសហរដ្ឋអាមេរិកនៅពីក្រោយការផ្ទុះNord Stream(TASS,Rossiya24,Reuters)
លោកប្រធានាធិបតីPutinបាននិយាយថាលោកបានយល់ស្របជាមួយនឹងទ្រឹស្ដីរបស់អ្នកកាសែតអាមេរិកSeymour Hershដែលថាទីក្រុងវ៉ាស៊ីនតោន មានជាប់ពាក់ព័ន្ធនឹងការផ្ទុះបំពង់បង្ហូរប្រេងNordStream។លោកប្រធានាធិបតីបាននិយាយថា"អ្នកកាសែតអាមេរិកដែលឥឡូវនេះល្បីល្បាញជុំវិញពិភពលោកបានធ្វើការស៊ើបអង្កេតមួយហើយបានសន្និដ្ឋានថាកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានអនុវត្តការផ្ទុះបំពង់បង្ហូរឧស្ម័ន។ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងការសន្និដ្ឋានបែបនេះ"។ លោកប្រធានាធិបតី Vladimir Putinបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 24 ។ នៅថ្ងៃទី២៥ ខែមីនា។លោក Seymour Hersh អ្នកកាសែតស៊ើបអង្កេតអាមេរិកជើងចាស់ បានចុះផ្សាយអត្ថបទមួយក្នុងខែកុម្ភៈដោយនិយាយថា អ្នកមុជទឹកកងទ័ពជើងទឹកអាមេរិកបានប្រើសមយុទ្ធ BALTOPS 22 របស់អង្គការណាតូក្នុងខែមិថុនាឆ្នាំ២០២២ដើម្បីដាំគ្រឿងផ្ទុះដែលគ្រប់គ្រងពីចម្ងាយនៅក្រោមបំពង់បង្ហូរ Nord Stream ។ ការផ្ទុះ៣ខែក្រោយមកបានបំផ្លាញបំពង់បង្ហូរប្រេងចំនួន៣។ លោក Hersh បាននិយាយថាប្រធានាធិបតី Joe Biden បានយល់ព្រមលើប្រតិបត្តិការនេះបន្ទាប់ពីបានពិភាក្សាអស់រយៈពេល៩ ខែជាមួយមន្ត្រីរដ្ឋបាលទទួលបន្ទុកបញ្ហាសន្តិសុខ។សហរដ្ឋអាមេរិកបានចាត់ទុកអត្ថបទរបស់លោកHershថាជា"ការងារប្រឌិត"ដោយសង្កត់ធ្ងន់ថាព័ត៌មានដែលមាននៅក្នុងនោះ "មិនពិតទាំងស្រុង"។Seymour Hersh អាយុ៨៥ឆ្នាំគឺជាអ្នកកាសែតដែលឈ្នះរង្វាន់ Pulitzer និងទទួលបានពានរង្វាន់សម្រាប់ការរាយការណ៍ស៊ើបអង្កេត។ លោកគឺជាមនុស្សម្នាក់ដែលបានលាតត្រដាងការសម្លាប់រង្គាល My Lai និងរឿងអាស្រូវរបស់ទាហានអាមេរិកធ្វើទារុណកម្មអ្នកទោសនៅពន្ធនាគារ Abu Ghraib ក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៤។ Hersh ក៏បានបោះពុម្ពអត្ថបទដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់សេតវិមានអំពីយុទ្ធនាការសម្លាប់ Osama bin Laden ក្នុងឆ្នាំ ២០១១។ទោះជាយ៉ាងណាក៏ដោយ លោក Hersh ថ្មីៗនេះបានទទួលរងការរិះគន់ចំពោះព័ត៌មានមិនពិតទ្រឹស្តីសមគំនិត និងការពឹងផ្អែកលើប្រភពអនាមិក។ គេហទំព័រស៊ើបអង្កេត Bellingcat ធ្លាប់បានរិះគន់លោកចំពោះការរាយការណ៍មិនពិតអំពី "ការវាយប្រហារគីមី" នៅក្នុងប្រទេសស៊ីរី។នៅក្នុងបទសម្ភាសន៍ មេដឹកនាំរុស្ស៊ីបានបន្ថែមថា ទីក្រុងម៉ូស្គូបានពិភាក្សាអំពីការស៊ើបអង្កេតការផ្ទុះ Nord Stream និងវត្ថុមិនស្គាល់អត្តសញ្ញាណនៅជិតបំពង់បង្ហូរប្រេងជាមួយអាជ្ញាធរដាណឺម៉ាក ដោយសុំឱ្យពួកគេ "សម្របសម្រួលជាមួយអ្នកជំនាញអន្តរជាតិ" ។"យើងបានទទួលការឆ្លើយតបថាពួកគេមិនត្រូវការបុគ្គលិករបស់យើងដើម្បីចូលរួមហើយនឹងជូនដំណឹងប្រសិនបើចាំបាច់។បន្ទាប់ពីអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភយើងបានទទួលការឆ្លើយតបក្នុងទម្រង់ជាកំណត់ទូតពីរដ្ឋាភិបាលដាណឺម៉ាក។ ពួកគេបាននិយាយថាពួកគេបានត្រួតពិនិត្យ វត្ថុនោះហើយជឿថាវាមិនមែនជាគ្រឿងផ្ទុះទេ។ពួកគេគួរតែស្មោះត្រង់ជាងនេះថា'វាមិនផ្ទុះទៀតទេ'។ យើងមិនដឹងថាមានអ្វីកើតឡើងនៅទីនោះទេ»។លោកប្រធានាធិបតីPutinជឿជាក់ថាការពិតនឹងលេចចេញជារូបរាងជាយថាហេតុ។លោកបាននិយាយថា"វាពិតជាលំបាកណាស់ក្នុងការឈានទៅរកការពិត។ប៉ុន្តែថ្ងៃណាមួយយើងនឹងដឹងច្បាស់ថាមានអ្វីកើតឡើងនិងរបៀបដែលវាកើតឡើង" ។ទីតាំងលេចធ្លាយចំនួន៤នៅលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ត្រូវបានរកឃើញនៅចុងខែកញ្ញា ឆ្នាំ ២០២២បន្ទាប់ពីការផ្ទុះដ៏ធំ។ទីតាំងពីរស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសស៊ុយអែតនិង២កន្លែងស្ថិតនៅក្នុងតំបន់ EEZ របស់ប្រទេសដាណឺម៉ាក។ការស៊ើបអង្កេតរួម ស៊ុយអែត-ដាណឺម៉ាក បានសន្និដ្ឋានបឋមថាការផ្ទុះនេះ ពាក់ព័ន្ធនឹង"ការបំផ្លិចបំផ្លាញដោយចេតនា" ។ប៉ុន្តែមិនទាន់បានប្រកាសពីភាគីទទួលខុសត្រូវនៅឡើយ។ រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថាលោកខាងលិចជាអ្នកនៅពីក្រោយឧប្បត្តិហេតុនេះ។ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ប្រទេសដាណឺម៉ាកបាននិយាយកាលពីថ្ងៃទី២៣ខែមីនាថាខ្លួនបានរកឃើញវត្ថុចម្លែករាងស៊ីឡាំងដែលមានអង្កត់ផ្ចិតប្រហែល១០សង់ទីម៉ែត្រ និងកម្ពស់ពីបាតសមុទ្រប្រវែងប្រហែល ៤០សង់ទីម៉ែត្រ នៅជិតបំពង់បង្ហូរប្រេងតែមួយគត់របស់ Nord Stream ។ ទីភ្នាក់ងារថាមពលរបស់ដាណឺម៉ាកបាននិយាយថាខ្លួនបានអញ្ជើញម្ចាស់បំពង់បង្ហូរប្រេងនេះគឺក្រុមហ៊ុនរុស្ស៊ីNord Stream 2 AG ឱ្យចូលរួមក្នុងការសង្គ្រោះវត្ថុនេះ៕
លោកប្រធានាធិបតី Vladimir Putin។Reuters
Post a Comment