រដ្ឋមន្ដ្រីក្រសួ​​ង​មហា​ផ្ទៃ៖ទោះបី​ជាអង្គការFATFដកកម្ពុជា​ចេ​​ញ​ពីបញ្ជីប្រផេះ​យើងត្រូវបន្ដប្រឹ​ងប្រែងថែ​មទៀ​ត

 សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ភាគីពាក់ព័ន្ធទាំងអស់មិនត្រូវស្កប់ស្កល់នឹងលទ្ធផលដែលអង្គការFATFបានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះគឺត្រូវបន្ដខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀត។ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ទោះបីអង្គការ FATF សម្រេចឱ្យយើងចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងមិនត្រូវស្កប់ស្កល់ នឹងលទ្ធផលដែលយើងបានធ្វើនោះទេយើងត្រូវបន្ដខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជាការពង្រឹងនូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ដែលមានការពាក់ព័ន្ធទាំងការ វិនិយោគក្នុងស្រុក និងការវិនិយោគក្រៅស្រុក ក៏ដូចជាភ្ញៀវទេសចរនានា»។សម្ដេចក្រឡាហោមបានបន្ដថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះកំពុងតែរៀបចំនូវរបាយការណ៍បូកសរុប និងដកពិសោធន៍ ហើយបន្ទាប់ពីនោះទៀត ត្រូវធ្វើការប្រជុំ ដើម្បីប្រមូលមតិយោបល់ ឬក៏ធាតុចូលនានា ហើយដាក់ចេញវិធានការ អនុវត្តបន្ដបន្ទាប់ទៀតដើម្បីធានាថាធនាគារប្រផេះឬក៏ខ្មៅ មិនអាចវិលត្រឡប់មកវិញ។​ជាមួយគ្នានោះដែរ សម្ដេច ស ខេង បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វើ ឱ្យប៉ះពាល់ នាំឱ្យកម្ពុជាធ្លាក់ទៅបញ្ជីប្រផេះវិញព្រោះកម្ពុជាបានធ្លាប់ធ្លាក់ម្ដងរួចទៅហើយពីសទៅប្រផេះ ហើយឥឡូវនេះ ពីប្រផេះមកសវិញហើយ។សម្ដេច ថ្លែងថា «នេះជាបទ ពិសោធន៍ដែលយើងឆ្លងកាត់ផងដែរ»។សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យសមត្ថកិច្ចត្រូវបន្តបង្កើនការប្រយុទ្ធ ប្រឆាំងល្បែងគ្រប់ប្រភេទ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ ត្រូវបង្ការនិងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់និងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។សូមរំលឹកថា ថ្មីៗនេះ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ(FATF)ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសជាផ្លូវការក្នុងការដក ប្រទេស កម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជាធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក៕AKP




Powered by Blogger.