សំណុំរឿង​លោ​កកឹម ​សុខា!កញ្ញាកឹម​​ ម​​នោវិទ្យាស្នើអូស្ត្រាលី​​ដាក់​ទណ្ឌកម្មបង្កកទ្រព្យ​​ស​ម្បត្តិមន្ត្រីក​​ម្ពុជា

 នៅក្នុងសំណុំរឿងអ្នកនយោបាយអតីតបក្សប្រឆាំងលោកកឹម សុខា មកដល់ពេលនេះនៅតែមិនចប់!នៅក្នុងបទសម្ភាសមួយជាមួយស្ថាប័នសារព័ត៌មាន ABC News កញ្ញាកឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិនិងជាកូនស្រីច្បងរបស់លោកកឹម សុខាបានស្នើឲ្យក្រសួងការបរទេសអូស្ត្រាលីដាក់ទណ្ឌកម្មលើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាចំពោះការធ្វើឲ្យខូចខាតប្រព័ន្ធប្រជាធិបតេយ្យតាមរយៈការកាត់ទោសមេដឹកនាំអតីតបក្សប្រឆាំងឲ្យជាប់ឃុំឃាំងរយៈ២៧ឆ្នាំ។ ក្រោយការប្រកាសសាលក្រមលើលោក កឹម សុខា ឲ្យជាប់ឃុំចំនួន២៧ឆ្នាំ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ និងកូនស្រីច្បងលោក កឹម សុខា យល់ថា សហគមន៍អន្តរជាតិតួយ៉ាង អូស្ត្រាលីគួរតែធ្វើសកម្មភាពជាក់ស្តែងឲ្យលើសពីការជជែកសន្ទនា និងសេចក្តីថ្លែងការណ៍ដែលហាក់គ្មានប្រយោជន៍អ្វីក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្រាប់កញ្ញា កឹម មនោវិទ្យា គឺចង់ឃើញរដ្ឋាភិបាលអូស្ត្រាលីប្រើប្រាស់ច្បាប់ Global Magnitsky ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលត្រូវទទួលខុសត្រូវចំពោះការខូចខាតប្រព័ន្ធប្រជាធិបតេយ្យ។បើតាមកញ្ញា កឹម មនោវិទ្យា អូស្ត្រាលី គឺជាបន្ទាយស្តុកទ្រព្យសម្បត្តិនៃបណ្តាមន្ត្រីគណបក្សកាន់អំណាច។ ហើយប្រសិនបើរដ្ឋាភិបាលអូស្ត្រាលី អាចដាក់ទណ្ឌកម្មនេះលើមន្ត្រីកម្ពុជា នោះវានឹងអាចជាសម្ពាធដ៏មានប្រសិទ្ធភាព ខណៈដែលសហរដ្ឋអាមេរិក ជាប្រទេសដែលធ្លាប់បានប្រើប្រាស់ច្បាប់បង្កកទ្រព្យសម្បត្តិ Global Magitsky លើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។នៅក្នុងបទសម្ភាសជាមួយ ABC News កូនស្រីច្បងលោក កឹម សុខា រូបនេះ បានបង្ហាញភាពខកចិត្តនៅចំពោះមុខនៃការឆ្លើយតបរបស់អូស្ត្រាលី ទៅលើការប្រកាសសាលក្រមលោកកឹម សុខា។ កញ្ញា កឹម មនោវិទ្យា លើកឡើងថាអូស្ត្រាលីគួរណាស់តែយល់ថាខ្លួនត្រូវធ្វើអ្វីជាចំបាច់ ក្រៅតែពីសេចក្តីថ្លែងការណ៍ដើម្បីឲ្យកម្ពុជាអាចអនុវត្តបាននូវប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ក៏កាន់តែជិតមកដល់។ទោះយ៉ាងណា ក្រោយការកាត់ក្តីលោក កឹម សុខា ដែលញ៉ាំងឲ្យមានប្រតិកម្មភ្លាមពីបណ្តាសហគមន៍អន្តរជាតិ បានអន្ទងចិត្តសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចេញមុខមកព្រមានភ្លាមៗ ចំពោះចេតនាទាំងអស់នោះ។ ថ្លែងនៅក្នុងវេទិកាសាធារណៈ កាលពីថ្ងៃចន្ទ សម្តេចហ៊ុន​ សែន បានព្រមានជាថ្មីទៀតថា ​«នឹងមិនអត់ឱន»ឲ្យសកម្មភាពណាទាំងអស់ដែល​មាន​ចេតនា​បំផ្លាញ​សន្តិភាព​នៅកម្ពុជា ទោះ​ក្នុង​តម្លៃណាក៏ដោយ​។ក្នុងតំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំមកនេះ សម្តេច ហ៊ុន សែន បានស្តីបន្ទោសឲ្យរដ្ឋបរទេសខ្លះថា​បានសំដែង​កង្វល់​ចំពោះកម្ពុជា​ ខណៈដែលកម្ពុជា​សន្តិភាពទៅហើយតែរដ្ឋបរទេសទាំងនោះ​មានកំហុសក្នុងការគាំទ្រ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​ក្នុង​ឆ្នាំ​១៩៧០ដែល​បាន​ដុត​ប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុង​ភ្លើង​សង្គ្រាម​​រាប់​ទស្ស​វត្ស។ទោះបីការព្រមាន មិនបានចុចឈ្មោះក្តី តែគេអាចកត់សម្គាល់ថា រដ្ឋបរទេសទាំងនោះរួមមាន សហរដ្ឋអាមេរិកជាដើម នាខណៈដែល សំណុំរឿងលោក កឹម សុខា ថ្មីៗនេះ ភាគីអាមេរិក អូស្ត្រាលី ជាដើមនោះ បានបង្ហាញភាពខកចិត្តយ៉ាងខ្លាំងហើយទាមទាររដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សនិងប្រព័ន្ធប្រជាធិបតេយ្យ៕RFI

នៅក្នុងបទសម្ភាសមួយជាមួយស្ថាប័នសារព័ត៌មានABC Newsកញ្ញាកឹម មនោវិទ្យាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិនិងជាកូនស្រីច្បងរបស់លោកកឹម សុខា។

Powered by Blogger.