នាយករដ្ឋមន្ត្រីព្រមានបង្ហោះឯកសាររដ្ឋមន្ត្រីមួយចំនួនដែលមិនចេះធ្វើការងារ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានស្ដីបន្ទោសដល់មន្ត្រីតាមក្រសួងស្ថាប័នមួយចំនួនដែលមិនចេះធ្វើការងារនិងថារដ្ឋមន្ត្រីមួយចំនួនកំពុងកើតជំងឺខ្ចិលធ្វើកិច្ចការងារដែលនាំការលំបាកដល់នាយករដ្ឋមន្ត្រី។ប៉ុន្តែក៏មានក្រសួងចំនួន៤ធ្វើកិច្ចការបានល្អនិងមិនបង្កភាពស្មុគស្មាញដែរ។ការថ្លែងនេះធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយពីម្សិលមិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ឃើញថ្នាក់ដឹកនាំក្រសួងមួយចំនួនមានកំហុសឆ្គងដដែលជាដដែលទាក់ទងនឹងលិខិតស្នាមផ្សេងដែលមិនបានចុះកាលបរិច្ឆេទមានកំហុសអក្ខរាវិរុទ្ធនិងស្នើសុំគោលការណ៍ហួសតួនាទីជាដើម។ក្នុងនោះសម្តេចបានលើកឡើងពីក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិ ទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអាជ្ញាធរមីនដែលមានកង្វះខាតញឹកញយពាក់ព័ន្ធនឹងបញ្ហានេះ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអង្វរកដល់លោករដ្ឋមន្ត្រីទាំងឡាយត្រូវពិនិត្យឱ្យច្បាស់នូវអក្ខរាវិរុទ្ធ កាលបរិច្ឆេទ ខ្លឹមសារ មុននឹងចុះហត្ថលេខាលើលិខិតនោះ ព្រោះវាជាលិខិតត្រូវផ្ញើមកនាយករដ្ឋមន្ត្រី […] ឬត្រូវផ្ញើទៅទីណាក៏ដោយខ្លួនឋានៈជារដ្ឋមន្ត្រីត្រូវធ្វើឱ្យច្បាស់»។សម្តេចបន្តថា៖«ពេលបានក្លាយជារដ្ឋមន្ត្រីជាចៅហ្វាយខេត្តឬជាមេដឹកនាំគេកុំខ្ជិល»។សម្តេចបានស្នើដល់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលខ្ជីខ្ជានឹងកិច្ចការងារគួរតែបន្តការខិតខំរៀនសូត្របន្ថែមឬអាចចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាលឡើងវិញដើម្បីបញ្ចៀសកំហុសឆ្គងច្រំដដែលនេះ។សម្តេចបានព្រមានថាសម្តេចនឹងបង្ហោះឯកសារឬលិខិតដែលមានកំហុសទាំងនោះនៅលើបណ្ដាញសង្គមជាសាធារណៈ ប្រសិនបើកិច្ចការនៅតែបន្តមានកំហុសឆ្គងទៀត។ជាមួយនឹងការស្ដីបន្ទោសនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកសរសើរដល់ក្រសួងចំនួន៤ដែលធ្វើកិច្ចការងារបានល្អនិងមិនមានភាពស្មុគស្មាញ នោះគឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។សម្តេចនិយាយថាកិច្ចការងារពាក់ព័ន្ធនឹងលិខិតស្នាមផ្សេងៗរបស់ក្រសួងទាំង៤នេះក្បួនខ្នាតនិងមានការយកចិត្តទុកដាក់លើលិខិតដែលដាក់ជូននាយករដ្ឋមន្ត្រី។សម្តេចបន្តថា ការធ្វើលិខិតរបស់ពួកគេមានខ្លឹមសារខ្លី ហើយថែមទាំងមានការដាក់ជម្រើសសម្រាប់ការសម្រេចចិត្តថែមទៀតផង។លោក ទិត សុធា អ្នកនាំពាក្យទីស្ដី្កការគណៈរដ្ឋមន្ត្រី បាននិយាយថា តាមពិតកិច្ចការងារនេះស្ថាប័នសមីបានភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរដើម្បីការចូលរួមចំណែកលើកិច្ចការនេះដែរ ។ប៉ុន្តែបញ្ហានៅតែកើតមានឡើង។លោកបញ្ជាក់ថា ក្រោយពីការក្រើនរំលឹករបស់នាយករដ្ឋមន្រ្តី ពួកគេនឹងមានការប្រយ័ត្នប្រយែងជាងមុននិងល្អប្រសើរជាងមុនលើការប្រើប្រាស់អក្ខរាវិរុទ្ធរបស់មន្ត្រីរាជការ។លោកបន្តថា សេនាធិការរបស់ក្រសួងស្ថាប័ននឹងត្រួតពិនិត្យលើករណីនេះឡើងវិញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសការបញ្ចៀសកំហុសផ្សេងៗ ព្រោះនេះជាការក្រើនរំលឹករបស់សម្តេចនាយករដ្ឋមន្ត្រី។លោកថា៖ «ចំពោះការបញ្ជូនមន្ត្រីទៅបណ្ដុះបណ្ដាលបន្ថែមគឺស្ថិតលើការសម្រេចរបស់ថ្នាក់ដឹកនាំរបស់ទីស្ដី្កការគណៈរដ្ឋមន្ត្រីយ៉ាងណានោះ ខ្ញុំនៅពុំទាន់ដឹងទេ ព្រោះករណីនេះទើបតែមានការណែនាំពីនាយករដ្ឋមន្ត្រី។ ។ប៉ុន្តែតាមខ្ញុំយល់ គឺប្រហែលជាមានការរៀបចំដើម្បីសម្រួចសមត្ថភាពចំណេះជំនាញមន្ត្រីក្នុងការឆ្លើយតបនឹងប្រសិទ្ធភាពការងារនេះ»។លោកសាស្ត្រាចារ្យជំនាញភាសាវិទ្យាម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថាលោកគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ព្រោះគ្រប់លិខិតបទដ្ឋាននានារបស់រាជការមិនគប្បីឱ្យមានកំហុសអក្ខរាវិរុទ្ធទេ។លោកសង្ឃឹមថា រាល់លិខិតបទដ្ឋាននានារបស់រាជការនឹងលែងមានកំហុសបន្ទាប់ពីពេលដែលមានការក្រើនរំលឹកពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។លោកនិយាយថា៖ «ដើម្បីចៀសវាងការរិះគន់ពីគ្រប់មជ្ឈដ្ឋាន យើងគួរមានភាពហ្មត់ចត់ក្នុងពិនិត្យម្ដងហើយម្ដងទៀត ជាពិសេសមិនគួរធ្វេសប្រហែសលើការប្រើប្រាស់អក្ខរាវិរុទ្ធលើលិខិតបទដ្ឋាននានានោះទេ»។លោកស្នើថា៖«ប្រសិបើអាចធ្វើបានប្រធានស្ថាប័នឬអង្គភាពគួរជ្រើសរើសអ្នកជំនាញផ្នែកអក្សរសាស្រ្តមកបំពេញការងារលើឯកទេសនេះ ដោយសារភាសាជាតិយើងមិនទាន់មានកម្មវិធី Check Spelling (ពិនិត្យអក្ខរាវិរុទ្ធ)ដូចភាសាអង់គ្លេស»៕Khmer Times
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយពីម្សិលមិញ។Khmer Times
Post a Comment