ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ ឆ្នាំ២០២២ សមត្ថកិច្ច រឹបអូសគ្រឿងញៀនបានជាង១៤តោន កើនជាង៣០០ភាគរយ បើធៀបនឹងឆ្នាំ២០២១
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចបានស្រាវជ្រាវ និងរឹបអូសគ្រឿងញៀនបានជាង១៤តោន កើនជាង៣០០ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ ខណៈអ្នកប្រើប្រាស់គ្រឿងញៀនមានជាង២ម៉ឺន២ពាន់នាក់ កើនជាង៥ពាន់នាក់ ធៀបនឹងឆ្នាំ២០២១។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្ដូរវិធីសាស្រ្តថ្មីៗដើម្បីលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើបរិមាណគ្រឿងញៀនសំយោគដែលបង្ក្រាបបានមានការកើនឡើងពីមួយឆ្នាំៗទៅមួយឆ្នាំ ទាំងក្របខណ្ឌអន្តរជាតិ តំបន់ និងនៅកម្ពុជា ខណៈកម្ពុជានៅតែបន្តរងគ្រោះដោយសារការចរាចរណ៍ឆ្លងកាត់គ្រឿងញៀន ពិសេសករណីរក្សាទុក កែច្នៃ និងជួញដូរគ្រឿងញៀននៅតាមអគារខុនដូរ បុរីលំនៅឋាន ផ្ទះជួល ទីតាំងដីនិងឃ្លាំងជួល ដើម្បីដឹកទៅកាន់ប្រទេសនានា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ក្នុងឆ្នាំ២០២២ នេះដែរ សមត្ថកិច្ចក៏បានបង្ក្រាបករណីគ្រឿងញៀនបាន ៦ ៣៩០ ករណី ឃាត់ខ្លួនជនសង្ស័យ ១៥ ០០២ នាក់ ក្នុងនោះ ករណីធំៗមាន១៧៩ករណី ភាគច្រើនជាការបង្ក្រាបសារធាតិគីមីផ្សំ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់នៃក្រសួង-ស្ថាប័ន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីរាជការ កងកម្លាំង នៃរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលមនុស្សធម៌-សប្បុរសធម៌ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យសាសនា និងវិស័យឯកជនទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២ កន្លងមកនេះ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ កន្លងទៅ ទោះបីកម្ពុជា ក៏ដូជាបណ្តាប្រទេសនានាក្នុងតំបន់ បានខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងណាក្ដី ក៏ស្ថានភាពគ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងតំបន់នៅតែមានការវិវត្តប្រែប្រួលក្នុងរូបភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុតគួរឱ្យព្រួយបារម្ភ ព្រោះក្រុមឧក្រិដ្ឋជន បានធ្វើការផ្លាស់ប្ដូររូបភាព កលល្បិច វិធីសាស្ត្រថ្មីៗ ក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើឱ្យបរិមាណគ្រឿងញៀនសំយោគ ដែលបង្ក្រាបបានមានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងក្នុងក្របខណ្ឌអន្តរជាតិ តំបន់ទាំងមូល រួមទាំងប្រទេសកម្ពុជាផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសន្និដ្ឋានថាទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្ពុជានៅបន្តរងគ្រោះពីការចរាចរគ្រឿងញៀន ឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសករណី រក្សាទុកកែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស ក្នុងនោះករណី ផលិតគ្រឿងញៀនប្រភេទកេតាមីន ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តមួយចំនួន។ ទន្ទឹមនេះ ករណីមួយចំនួនទៀតតែងកើតមានឡើងជាបន្តបន្ទាប់នៅតាមអគារខុនដូរបុរី លំនៅឋាន ផ្ទះជួល និងទីតាំងដី ឃ្លាំងជួល និងការវេចខ្ចប់គ្រឿងញៀនក្នុងគោលបំណងនាំចេញទៅក្រៅប្រទេសតាមច្រកព្រំដែនកម្ពុជា-វៀតណាម និងការដឹកជញ្ជូន ចេញតាមច្រកសមុទ្រកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។
សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយកចិត្តទុកដាក់ពិនិត្យ និងចាត់ចែងឱ្យមានប្រសិទ្ធភាព ចំពោះប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ទិសដៅឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅដែលសម្តេចបានលើកទឹកចិត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាធ្វើការសិក្សាឡើងវិញអំពីក្របខណ្ឌច្បាប់ និងគោលការណ៍វិ ធានការនានាក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិត ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ទាំងក្នុងពេល ចំពោះមុខ និងសម្រាប់រយៈពេលមធ្យម ទៅរយៈពេលវែង៕
Post a Comment