កម្ពុជា-ម៉ាឡេស៊ីរីករា​យ​ចំពោះទំ​ហំពាណិជ្ជក​ម្មទ្វេភា​គីរវាងប្រទេសទាំង២​សម្រេចបាន​៦២​០លានដុល្លារក្នុងឆ្នាំ២​​០២២

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិង​លោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡើស៊ីបាន​សម្ដែង​នូវ​ការរីរាយ  ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២សម្រេចបាន៦២០លាន ដុល្លារ​អាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើង ២៤ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលសម្រេច​បាន​ត្រឹម ៥០០លានដុល្លារអាម៉េរិក ហើយក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជ​កម្ម និងវិនិយោគរវាងប្រទេសទាំង២។សម្ដេចហ៊ុន សែន បានស្នើបង្កើនការទិញទំនិញដែលបំពេញតម្រូវការឱ្យគ្នា​ទៅវិញ​ទៅមក ដោយសម្ដេចបានលើកទឹកចិត្តឱ្យវិនិយោគិន និងក្រុមហ៊ុនម៉ាឡេស៊ី​មកធ្វើ​ធុរកិច្ច និងវិនិយោគ ឱ្យបានកាន់តែច្រើន។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុង​សន្និសីទ​សារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីជំនួបទ្វេ​ភាគីនាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នៅវិមានសន្តិភាពក្នុងខណៈដែលលោកអាន់វ៉ា អ៊ីប្រាហ៊ីម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីមកបំពេញ​ទស្សនកិច្ចផ្លូវការនៅ​ព្រះ​រាជាណាចក្រកម្ពុជា។សម្ដេចហ៊ុន សែន មានប្រសាសន៍ថាមេដឹកនាំទាំង២បានពិភាក្សាគ្នាលើ​វិស័យ​ជាច្រើន និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វភាគីរវាងប្រទេសទាំង២និងបានប្ដេជ្ញា​បន្តលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ទន្ទឹមនេះ មេដឹកនាំប្រទេសទាំង២ក៏បានលើកទឹកចិត្តឱ្យបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឱ្យកាន់តែញឹកញាប់និងគ្រប់កម្រិតដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែជិតស្និទ្ធបង្កើនទំនុកចិត្តឱ្យកាន់តែខ្ពស់និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយថែម​ទៀត។ មេដឹកនាំប្រទេសទាំង២ក៏បានឯកភាពពង្រឹងយន្តការសហ​ប្រតិបត្តិការទ្វេភាគីដែល​មានស្រាប់ជាពិសេសគណៈកម្មការចម្រុះ កម្ពុជា-ម៉ាឡេស៊ី។ចំពោះវិស័យទេសចរណ៍សម្ដេចបានស្នើឱ្យអនុវត្តន៍អនុស្សរណៈនៃការយោគ​យល់គ្នាស្ដីពីសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយគាំទ្រ​ដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្លីម តាមរយៈការបណ្ដុះបណ្ដាល​និងបច្ចេក​ទេស។ចំពោះវិស័យកសិកម្ម ភាគីទាំង២បានឯកភាពគ្នាបន្តជំរុញការអនុវត្ត​ឱ្យមានប្រសិទ្ធ​ភាព នូវអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ​វិស័យកសិកម្មនៅ​កម្ពុជា។ជាមួយគ្នានេះ សម្ដេចក៏បានស្នើឱ្យម៉ាឡេស៊ី បន្តបង្កើនការទិញអង្ករនិងកសិ​ផល​ពីកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ ដែលកម្ពុជាសម្រាប់លក់​នៅ​លើទីផ្សារកម្ពុជានិងនាំចេញទៅម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត តាមផ្លូវដឹកជញ្ជូនត្រង់ពីក្រុង​ព្រះសីហនុ ទៅរដ្ឋប៉េណាំង និងរដ្ឋប៉ាហាំង។ល។ ពាក់ព័ន្ធនឹងវិស័យអប់រំ និងការអភិវឌ្ឍ​ធនធានមនុស្សសម្ដេចនាយករដ្ឋមន្ត្រីបានអរគុណម៉ាឡេស៊ីដែលបានឯកភាពគ្នាលើក​កម្ពស់ការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍បន្ថែមទៀត តាមរយៈកិច្ចសហ​ប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ីនិងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី ជាពិសេសក្រោមគំនិតផ្ដួចផ្ដើមថ្មី (5 Digital) របស់រដ្ឋាភិបាលម៉ាឡេស៊ី។ចំពោះវិស័យការងារវិញ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់គូសថា សម្ដេច និង​ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើជាសាក្សី ក្នុងការចុះហត្ថលខា លើអនុស្សរណៈ​នៃការ​យោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន២ ស្ដីពីការ​ជ្រើស​​រើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករការងារផ្ទះដោយសម្ដេចតេជោបានស្នើឱ្យបន្តយន្តការដែលមានស្រាប់ ដើម្បីលើកម្ពស់ការការពារសិទ្ធិ​ពលករ​កម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ ក្នុងវិស័យថាមពល សម្ដេចតេជោក៏បានស្នើ​ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ដល់ការគាំទ្រដល់ការស្ថាបនា ខ្សែកាបអគ្គិសនីតាម​បាត​សមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាម​ពលបៃតង រវាងកម្ពុជា និងសិង្ហបុរី។ទាក់ទងនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាលើកទឹកចិត្ត​វិនិ​យោគិន​ម៉ាឡេស៊ី ឱ្យចូលរួមអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្ម​ហាឡាល់ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យានៅកម្ពុជា។ ចំពោះវិស័យ​ការ​ពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន​ពាក់ព័ន្ធ ការផ្លាស់ប្ដូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងការរត់ពន្ធ ការ​ជួញ​ដូរមនុស្ស និងការសម្អាតប្រាក់ ព្រមទាំងពិចារណាបង្កើតឱ្យមានអនុស្សរណៈនៃការ​យោគ​យល់គ្នា រវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ស្ដីពី​សហ​ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លដែន។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាព​គ្នា​បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និង​សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតថែមទៀត។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះដែរ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី ក៏បានផ្លាស់ប្ដូ​រទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាបញ្ហាប្រយោជន៍ និងកង្វល់រួម ដូចជា បញ្ហា​មីយ៉ាន់ម៉ា បញ្ហារ៉ូហ៊ីនយ៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដែលរាប់បញ្ចូលបន្ថែមនៅបញ្ហា ឧបទ្វីប​កូរ៉េ ផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានលើកបញ្ហាទាក់ទង ជាមួយនឹង​សង្គ្រាម​រវាងរុស្ស៊ី អ៊ុយក្រែនផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយ​ឯកឧត្ដម​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ សម្ដេចតេជោប្រមុខរាជ​រដ្ឋាភិបាល មានសុទិដ្ឋិនិយមថា កម្ពុជា និងម៉ាឡេស៊ី នឹងបន្តរួមគ្នា ដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅ​រក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក៕AKP




Powered by Blogger.