លោកកឹម សុ​ខាមា​នឱកាសប្ដឹង​ឧទ្ធរណ៍

លោកកឹមសុខាប្រធានអតីតគណបក្សសង្រ្គោះជាតិតាមរយៈមេធាវីតំណាងឲ្យខ្លួនអាចនឹងធ្វើការប្ដឹងទៅសាលាឧទ្ធរណ៍ជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងសំណុំរឿងក្បត់ជាតិ។ការប្ដឹងទាស់នេះអាចធ្វើទៅបានក្រោយពីអយ្យការអនុញ្ញាតឲ្យលោកជួបតំណាងមេធាវីខណៈកន្លងមកសហមេធាវីលោក កឹម សុខាសុំជួបកូនក្ដីតែត្រូវសមត្ថកិច្ចរារាំង ដោយតម្រូវឲ្យសហមេធាវីស្នើសុំទៅអយ្យការជាមុនសិន។ក្រោយពីមានស្នើសុំពីលោកកឹម សុខា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនាបានអនុញ្ញាតឲ្យលោក កឹម សុខា ជួបជា​មួយមេធាវីរបស់លោកដើម្បីពិភាក្សាគ្នាសារជាថ្មីថាគួរប្ដឹងទៅសាលាឧទ្ធរណ៍ជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញឬក៏យ៉ាងណា។លោក កឹម សុខាសល់ពេលជាង១សប្ដាហ៍ប៉ុណ្ណោះ ដែលអាចធ្វើការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បានបើមិនដូច្នោះទេសាលក្រមផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារចំនួន២៧ឆ្នាំ នឹងចូលជាស្ថាពរ ព្រោះរយៈពេល១ខែនៃ​​ការប្ដឹង​ទាស់ជិតផុតកំណត់ទៅហើយ។យ៉ាងណាមិញទាក់ទិនទៅនឹងការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍នេះ លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការប្ដឹងទៅសាលាឧទ្ធរណ៍ វាអាស្រ័យលើលោក កឹម សុខាប៉ុណ្ណោះ។ លោកស្រីបន្តថា បើលោក កឹម សុខាសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍នោះមេធាវីនឹងរៀបចំពាក្យបណ្ដឹងនេះជូនគាត់ ប៉ុន្តែសហមេធាវីមិនទាន់បានទៅជួបលោក កឹម សុខា ពិភាក្សាគ្នាទេគិតមកទល់នឹងពេលនេះបើទោះបីជាតំណាងអយ្យការអនុញ្ញាតឲ្យជួបក៏ដោយ​។ នេះបើតាមលោកស្រីមេធាវី​ ម៉េង សុភារី។សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមីនា លោក កឹម សុខា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញសាលក្រមផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារចំនួន២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ ក្នុងសាលក្រមក៏បានសម្រេចមិនអនុញ្ញាតឲ្យលោក កឹម សុខា ជួបបុគ្គលណាម្នាក់ មិនថាខ្មែរ ឬបរទេសឡើយ លុះត្រាតែមានការអនុញ្ញាតពីអយ្យការ​។ បញ្ហានេះហើយ ដែលធ្វើឲ្យសហមេធាវីលោក កឹម សុខា មិនអាចជួបពិភាក្សាជាមួយកូនក្ដី ដោយត្រូវស្នើសុំ និងមានការអនុញ្ញាតពីអយ្យការជាមុនសិន ទើបអាចជួបលោក កឹម សុខាបាន។ទាក់ទងទៅនឹងការផ្ដន្ទាទោសលោក កឹមសុខានេះដែរសភាអឺរ៉ុបថ្មីៗនេះបោះឆ្នោតគាំទ្រសេចក្តីស្នើការដកប្រព័ន្ធ​អនុគ្រោះពន្ធ និងទណ្ឌកម្មលើមន្ត្រីកម្ពុជាក្រោយការបោះឆ្នោតថ្នាក់ជាតិ ប្រសិនបើការបោះឆ្នោតនោះមិនស្របតាមគោលការណ៍អន្តរជាតិ។ ប៉ុន្តែទណ្ឌកម្មទាំងនេះ គេកត់សម្គាល់ឃើញថា រដ្ឋាភិបាលសម្តេចហ៊ុន សែន ហាកមិនខ្វាយខ្វល់ឡើយ ដោយលើកឡើងថា កម្ពុជាមិនមកយកអធិប​តេយ្យភាពរបស់ខ្លួន ទៅដោះដូរជំនួយ ឬភាពអនុគ្រោះណាមួយឡើយ៕RFI

លោកកឹម សុខាប្រធានអតីតគណបក្សសង្រ្គោះជាតិ។(AFP)

Powered by Blogger.