អាមេរិក​​បង្ហាញរ​បាយ​ការណ៍​សិទ្ធិមនុស្សក​ម្ពុជា

 ក្រសួងការបរទេសអាមេរិកនៅថ្ងៃចន្ទបានចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំ២០២២ស្តីពីការអនុវត្តសិទ្ធិមនុស្សប្រចាំឆ្នាំនៅកម្ពុជា។របាយការណ៍ក្រសួងការបរទេសអាមេរិកបានអះអាងថាបញ្ហាសិទ្ធិមនុស្សកម្ពុជា នៅតែបន្តរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើងថា ការវាយតម្លៃរបស់អាមេរិក គឺផ្អែកលើទិដ្ឋភាពខាងក្រៅ មិនមើលទិដ្ឋភាពច្បាប់។បញ្ហាសិទ្ធិមនុស្សសំខាន់ៗ រួមមាន៖ ការសម្លាប់ដោយខុសច្បាប់ឬតាមអំពើចិត្ត។ការធ្វើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ឬការបង្ខូចកេរ្តិ៍ឈ្មោះដោយរដ្ឋាភិបាល ការឃុំខ្លួនតាមអំពើចិត្តដោយរដ្ឋាភិបាលលើអ្នកទោសបញ្ហាធ្ងន់ធ្ងរជាមួយឯករាជ្យភាពរបស់តុលាការការជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជនរបស់ប្រជាពលរដ្ឋ រួមទាំងការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក។ ទាំងនេះគឺជាការកត់សម្គាល់របស់ក្រសួងការបរទេសអាមេរិក នៅក្នុងរបាយការណ៍ចំនួន៣៩ទំព័រស្តីអំពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២២។បើតាមរបាយការណ៍របស់ក្រសួងការបរទេស គឺការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពនៃការបញ្ចេញមតិនិងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការចាប់ខ្លួន និងកាត់ទោសអ្នកសារព័ត៌មានដោយអយុត្តិធម៌។ ការរឹតបន្តឹងធ្ងន់ធ្ងរលើសេរីភាពអ៊ីនធឺណិតការជ្រៀតជ្រែកចំពោះសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគម រួមទាំងច្បាប់ដែលរឹតត្បិតខ្លាំងពេកលើអង្គការ ការផ្តល់មូលនិធិ ឬប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏សុទ្ធសឹងជាអ្វីដែលកំពុងកើតមាននៅកម្ពុជា។ទោះយ៉ាងណាការវាយតម្លៃរបស់ក្រសួងការបរទេសអាមេរិក ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេដ និងច្រានចោល។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថាការវាយតម្លៃនៅក្នុងរបាយការណ៍នោះ គឺជាការវាយតម្លៃដោយមិនផ្អែកលើទិដ្ឋភាពច្បាប់នៅកម្ពុជា។លោកថា ការសន្និដ្ឋានពីការអនុវត្តច្បាប់លើសកម្មជននយោបាយ ថាជាការរំលោភសិទ្ធិនយោបាយនោះគឺជាការសន្និដ្ឋានលើរូបភាពខាងក្រៅ ដោយមានរបៀបវារៈនយោបាយនៅខាងក្រោយ។បើតាមលោក ជិន ម៉ាលីន របាយការណ៍ក្រសួងការបរទេសអាមេរិក គួរតែពិនិត្យពីអ្វីដែលបានកើតឡើងនៅកម្ពុជាដោយផ្អែកលើទិដ្ឋភាពច្បាប់ ថាការអនុវត្តទោសលើអ្នកនយោបាយទាំងនោះ ជាការអនុវត្តសិទ្ធិ ឬជាការរំលោភបំពានច្បាប់ ដែលចាត់ទុកថាជាបទល្មើស។ លោកថា ប្រសិនបើការសន្និដ្ឋានរបស់ក្រសួងការបរទេសអាមេរិក គ្រាន់តែផ្អែកពីរូបភាពខាងក្រៅ នោះជាការវាយតម្លៃសិទ្ធិមនុស្សកម្ពុជា ដោយឈរលើភាពមិនត្រឹមត្រូវ មិនគ្រប់ជ្រុងជ្រោយ។គួរកត់សម្គាល់ថា របាយការណ៍ជាបន្តបន្ទាប់ របស់អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ បានអះអាងស្រដៀងគ្នា ពីការយាយីសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការបង្រ្កាបជាហូរហែលើសកម្មជននៃអតីតបក្សប្រឆាំង និងក្រុមកូដករ។ក្នុងនោះរួមមានករណីសកម្មជននៃអតីតបក្សសង្រ្គោះជាតិ មួយចំនួន ដែលមានក្តីក្តាំនៅតុលាការ។ ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកូដករណាហ្គាវើលដ៍ និងការបង្រ្កាបលើក្រុមកូដករ ដែលចេញមកធ្វើកូដកម្ម ជុំវិញវិវាទការងារ ជាដើម៕RFI

សមាជិកសហគមន៍​ជីខក្រោមក្នុងខេត្ត​កោះកុងប្រារព្ធទិវា​សិទ្ធិមនុស្ស​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។រូបឯកសារលីកាដូ

Powered by Blogger.