លោកហ៊ុន ម៉ាណែតបបួលលោកសម រង្ស៊ីឡើងយន្តហោះទៅពិនិត្យពិន្ទុនៅសាលាសហរដ្ឋអាមេរិក
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានបបួលលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំងឡើងយន្តហោះទៅសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលពិន្ទុនិងកម្រិតនៃសញ្ញាបត្ររបស់លោក។ការប្រកាសជាសាធារណៈខាងលើនេះធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ីកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថាលោក ហ៊ុន ម៉ាណែត គ្មានចេះអ្វីក្រៅពីតោងជើងខោឪដើម្បីឡើងតាមជើងខោឪនោះទេ។លោកបញ្ជាក់ថា៖ «ដូចហ៊ុន ម៉ាណែតខ្លួនឯងបានសរសេរផ្ទាល់ដៃប្រាប់ទៅឪពុកគាត់ប្រមាណ២០ឆ្នាំមុនគាត់បានចូលរៀនសាលាទាហាននៅសហរដ្ឋអាមេរិក ដោយសារតែការយោគយល់និងការជំរុញពីឪពុកគាត់ហ៊ុន សែនដែលមានឋានៈជានាយករដ្ឋមន្ត្រីនិងជាមេទ័ព»។លោកបន្ថែមថា បើនៅស្រុកគេ លោក ហ៊ុន ម៉ាណែត នៅពេលចេញពីសាលានេះហើយបើមានសញ្ជាតិអាមេរិកកាំង លោក ហ៊ុន ម៉ាណែតអាចធ្វើត្រឹមតែកូនទាហានពាក់សក្តិមួយតែប៉ុណ្ណោះ។លោក សម រង្ស៊ីថា ដោយឡែក នៅស្រុកខ្មែរដោយសារតែឡើងតាមជើងខោឪ ស្រាប់តែឡើងបានជាឧត្តមសេនីយ៍ផ្កាយ៣ភ្លាមមួយរំពេច។ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនិងបំពាក់ឋានន្តរសក្កិដល់នាយទាហាន នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ លោក ហ៊ុន ម៉ាណែត បានលើកឡើងថាដើម្បីលាតត្រដាងការពិត បានបបួលលោក សម រង្ស៊ី ភ្នាល់បញ្ចប់ឆាកជីវិតនយោបាយដោយដឹកដៃគ្នាទៅពិនិត្យលំដាប់ពិន្ទុនៅសាលាបណ្ឌិត្យសភាយោធាដែលធ្លាប់រៀនកាលពី៣០ឆ្នាំមុន។លោកបញ្ជាក់ថា៖«បើហ៊ានយើងបបួលគ្នាភ្នាល់ខ្ញុំនឹងដឹកដៃគាត់ទៅសុំសាលាមើលទាំងអស់គ្នាតើហ៊ុន ម៉ាណែត រៀនបានលេខប៉ុន្មាន […]? តើ ហ៊ុន ម៉ាណែត រៀននៅកន្ទុយគេ ធ្លាក់ផងឬជាប់ផង? តែហ៊ានភ្នាល់ជាមួយខ្ញុំ បើពិតជាឃើញហើយខ្ញុំមិនចុងប៉ូច ខ្ញុំរៀនបានពិន្ទុល្អមិនចាញ់គេ មិនចាញ់កូនអាមេរិកាំង ក្នុងសាលាដែលលំបាកលោកឯង ហ៊ានភ្នាល់ឈប់ធ្វើនយោបាយទេ? ប្រហែលជាអត់ទេ? គ្រាន់តែភ្នាល់ជាមួយខ្ញុំសញ្ញាបត្រកម្រិត២មិនហ៊ានភ្នាល់ផង»។លោកនិយាយថា […] មនុស្សចាស់ម្នាក់អាយុជាង៧០ឆ្នាំ បានតាំងខ្លួនជាបញ្ញវន្តរៀននៅសាលាជាន់ខ្ពស់ប្រទេសបារាំងជាអនុបណ្ឌិតនៅបារាំង។ប៉ុន្តែមើលសំបុត្រក្មេងអាយុ១៦ឆ្នាំដែលជាសំបុត្រសរសេរដោយសាមញ្ញមួយច្បាប់ជូនឪពុករបស់លោកគឺលោកសម រង្ស៊ីមើលមិនយល់។លោកពន្យល់ចំពោះឃ្លាដែលសរសេរថានៅសាលាទាហ៊ានអាមេរិកពិបាកចូលរៀនណាស់ ព្រោះភាគច្រើនចូលរៀនបាន គឺជាអាមេរិកាំងគឺមានន័យថាសាលាបណ្ឌិត្យសភាយោធាអាមេរិក មិនងាយនឹងចូលរៀននោះឡើយ។ លោកបញ្ជាក់ថាក្នុង១ឆ្នាំមានសិស្សចាប់ពី១២ ០០០នាក់ ទៅ១៥ ០០០ នាក់បានដាក់ពាក្យ ហើយអ្នកជាប់ត្រឹមតែ ១ ២០០នាក់ប៉ុណ្ណោះ គឺមិនបាន ១០ភាគរយនោះនៃអ្នកដាក់ពាក្យនោះទេ។លោកបន្ថែមថាក្នុងចំណោមអ្នកជាប់១ ២០០ នាក់នេះមានសិស្សបរទេសប្រមាណ២០នាក់ គឺស្មើមិនដល់២ ភាគរយនោះទេ។ លោកបន្តថាក្នុងជំនាន់ដែលលោកចូលរៀននោះ គឺមានត្រឹមតែ ៧នាក់ប៉ុណ្ណោះ នៃសិស្សបរទេស ដែលបានប្រឡងជាប់ ហើយក្នុងនោះមានលោកមួយរូបផងដែរ។ ហ្នឹងហើយដែលគេហៅថាលំបាក។លោកថ្លែងថា ការធានានេះ សម្រាប់ជនជាតិអាមេរិក ត្រូវមានមន្ត្រីរបស់អាមេរិក សម្រាប់ជនបរទេស ត្រូវមានស្ថានទូតអាមេរិកជាអ្នកធានា។ បើមិនមានអ្នកធានាឱ្យដាក់ពាក្យទេ ទោះបីពូកែយ៉ាងណា ក៏គេមិនរើសនោះឡើយ។ លោកបញ្ជាក់ថា ជនជាតិអាមេរិកអ្នកមានសិទ្ធិធានារួមមាន អនុប្រធានាធិបតីអាមេរិក សមាជិកសភា និងព្រឹទ្ធសភាអាមេរិក ហើយក្នុងក្របខណ្ឌយោធាមាននាយទាហានជាន់ខ្ពស់ ប្រធានអង្គភាពឬនាយទាហានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ផ្សេងៗទៀត។ឧត្តមសេនីយ៍ឯកនិយាយថាសម្រាប់សាលាបណ្ឌិត្យសភាយោធាអាមេរិក West Point នេះ រាល់ការប្រឡងចូលគឺជារឿងលំបាកមួយ ហើយកាន់តែលំបាកទៀត គឺប្រឡងចូលហើយរៀនមិនបានដល់ចប់។លោកបញ្ជាក់ថា បើលោក សម រង្ស៊ី ចង់ដឹងសមត្ថភាពពិតរបស់លោកគឺកុំផ្តោតតែរឿងចូលរៀន។ប៉ុន្តែអាចទៅរកព័ត៌មានពាក់ព័ន្ធប្រវត្តិសិក្សារបស់លោកនៅក្នុងសាលារយៈពេល៤ឆ្នាំ តើលោករៀនបានចំណាត់ថ្នាក់លេខប៉ុន្មាន?នេះជាលើកទី៣ ហើយដែលលោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់បញ្ចប់ឆាកជីវិតនយោបាយ។ លើកទី១ពាក់ព័ន្ធនឹងសញ្ញាបត្រសិក្សានៅអាមេរិក លើកទី២ លោក សម រង្ស៊ី និយាយថាលោក ហ៊ុន ម៉ាណែត បានយកលុយ៥លានដុល្លារ ចូលប្រទេសបារាំង ដើម្បីទិញទឹកចិត្តប្រជាជនខ្មែរនៅអឺរ៉ុបឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានិងលើកទី៣គឺពាក់ព័ន្ធនឹងសញ្ញាបត្រសិក្សានៅអាមេរិក ដូចលើកទី១ដែរ៕Khmer Times
លោកហ៊ុន ម៉ាណែតបបួលលោកសម រង្ស៊ីឡើងយន្តហោះទៅពិនិត្យពិន្ទុនៅសាលាសហរដ្ឋអាមេរិក។រូបភាពkhmerpostasia
Post a Comment