សម្តេចហ៊ុនសែនក្រើនរម្លឹកដល់មិត្តបរទេសសូមកុំកសាងកំហុសជាលើកទី៣មកលើកម្ពុជា
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានក្រើនរម្លឹកដល់មិត្តបរទេស សូមកុំកសាងកំហុសជាលើកទី៣មកលើកម្ពុជាខណៈធ្លាប់គាំទ្ររដ្ឋប្រហារនៅកម្ពុជានិងបើកផ្លូវឱ្យប៉ុល ពតបានវិលត្រឡប់មកកម្ពុជា។ការក្រើនរម្លឹករបស់សម្ដេចនាយករដ្ឋមន្រ្ដីនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នងនិងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត៥ពាន់នាក់នាព្រឹកថ្ងៃទី០១ខែមីនា ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។សម្ដេចហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមរម្លឹកដល់មិត្តបរទេសកុំកសាងកំហុសជាលើកទី៣មកលើកម្ពុជា ដែលកំហុសនោះរួមមានទី១ គឺអ្នកអះអាងខ្លួនជាអ្នកប្រជាធិបតេយ្យ ។ប៉ុន្តែអ្នកគាំទ្រចំពោះរដ្ឋប្រហារមួយនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧០ ។ ពួកអ្នកឯងតែងតែអួតថាអ្នកប្រជាធិបតេយ្យ។ប៉ុន្តែគាំទ្ររដ្ឋប្រហារមួយនៅកម្ពុជាដែលធ្វើឱ្យប្រទេសមួយនេះទៅកាន់សង្គ្រាមមួយហើយបើកផ្លូវឱ្យពួកប៉ុល ពត បានវិលត្រឡប់។កំហុសទី២គឺតើអ្នកចងចាំទេថាអ្នកបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១។ ពួកអ្នកមិនដែលបង្ហាញអំពីការសោកស្តាយចំពោះឥរិយាបថនយោបាយការបរទេសរបស់អ្នកចំពោះប្រទេសខ្ញុំទេ។ អីចឹងខ្ញុំគ្រាន់តែទូន្មានឬផ្តល់យោបល់ដល់អ្នកឯងថាសូមកុំកសាងកំហុសជាលើកទី៣នៅកម្ពុជា»។សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថាពាក្យក្រើនរម្លឹកនេះគឺធ្វើឡើងនៅពេលជួបជាមួយមិត្តបរទេសមួយចំនួនហើយតាំងខ្លួនជាអ្នកប្រទេសជាធិបតេយ្យ ទើបសម្ដេចចង្អុលបង្ហាញ។ប៉ុន្តែមានអ្នកខ្លះបាននិយាយថានេះកំហុសធំណាស់នៅក្នុងអតីតកាល ។ សម្តេចលើកឡើងថាប្រទេសជាមិត្តមួយចំនួនមិនដែលបានធ្វើការសុំទោសនូវអ្វីដែលគេធ្វើមកលើប្រទេសកម្ពុជាយើងនោះទេ ឬសម្តែងការសោកស្តាយនោះទេ។សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា កេរមរតកដែលប៉ុលពតបន្សល់ទុកគឺគ្មានអ្វីក្រៅពីផលវិបាករាប់មិនអស់ ដូចជាស្ត្រីមេម៉ាយកុមារកំព្រាប្រជាជនត្រូវជម្លៀសពីកន្លែងមួយទៅកន្លែង ដោយត្រូវរែកចានឆ្នាំងនិងកូន។ សម្តេចថ្លែងបញ្ជាក់ថា៖«នេះជារឿងពិតដែលបានកើតឡើងនៅក្នុងទឹកដីកម្ពុជាអីចឹងមនុស្សមួយចំនួនដែលទទួលយកសច្ចៈធម៌ពិតបានបង្ហាញនូវការស្ងប់ស្ងែងខ្លួនឯងថាអញកាលហ្នឹងក្រណាស់រកស្បៃមួយពាក់មិនបានផង»។ជាមួយគ្នានោះដែរសម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅបណ្តាប្រទេសមួយចំនួនអ្នកដែលចង់ធ្វើជានាយករដ្ឋមន្ត្រីគឺមានភាពងាយស្រួលណាស់ដោយសារគេមានក្រសួង ស្ថាប័នស្រាប់ គ្រាន់តែយកឈ្នះការបោះឆ្នោតបានហើយ ។ប៉ុន្តែសម្រាប់កម្ពុជាគឺមានការពិបាកដោយសារប្រទេសត្រូវបានសង្គ្រាមបំផ្លាញខ្ទេចខ្ទី។ ដូច្នេះត្រូវបានចាប់ផ្តើមកសាងបន្តិចម្តងៗ។សម្តេចបានបញ្ជាក់ឱ្យដឹងទៀតថា បរទេសខ្លះមិនគ្រាន់តែគាំទ្រនៅអង្គការសហប្រជាជាតិដើម្បីដោះស្រាយជាមួយកម្ពុជាទេ។ផ្ទុយទៅវិញថែមទាំងដាក់ទណ្ឌកម្មចំពោះកម្ពុជាវិញ៕AKP
Post a Comment