នាយក​រ​ដ្ឋមន្ត្រី​ហ៊ុនសែ​ន​ជំរុញ​ស្ថាប័​ន​​២​បកប្រែ​វិ​ស័​យ​សិ​ល្បៈ​ពី​ភាសាបរទេស​​មក​ភាសា​​ជា​តិ​ឱ្យ​បា​ន​ច្រើន​

  សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​បាន​ជំរុញ​ដល់​រាជបណ្ឌិត្យសភា​កម្ពុជា​ ​និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈបក​ប្រែ​ភាសាបរទេស​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​សិល្បៈមក​ជា​ភាសា​ជាតិ​ឱ្យ​បាន​ច្រើន​ដើម្បី​សម្បូរ​ឯកសារ​ប្រើប្រាស់​និង​លើក​ស្ទួយ​វិ​ស័យ​អក្សរសាស្ត្រ​ខ្មែរ​។​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សិល្បៈ​បុរាណ​និង​សម័យ​គ្រប់​ទម្រង់​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​កាលពី​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ​សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ណែនាំ​ដល់​រាជបណ្ឌិត្យសភា​កម្ពុជា​។ជាពិសេស​ ​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​ ​និង​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ត្រូវ​សហការ​គ្នា​ដើម្បី​រៀបចំ​បកប្រែ​ភាសាបរទេស​ថ្មីៗ​ ​នៅ​ក្នុង​វិ​ស័យ​សិល្បៈ​ដែល​កំពុង​មាន​ការប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​។​សម្តេចបញ្ជាក់​ថា​៖​ ​«​ខ្ញុំ​គួរតែ​បញ្ជាក់​បន្តិច​ថា​ការ​ខិតខំ​របស់យើង​ ​ត្រូវ​យកចិត្តទុកដាក់។​ជាពិសេស​ទៅលើ​បញ្ហា​អក្សរសាស្ត្រ​ខ្មែរ​ម្តង​ដែល​មកដល់ពេលនេះ​ ​ការប្រើប្រាស់​ភាសា​ខ្លះ​ខ្ញុំ​ឃើញ​ការ​សរសេរ​ពាក្យ​ថា​ (​ដែរ​) ​ដូចជា​ខ្ញុំ​ទៅ​ដែរ​។​ប៉ុន្តែ​ ​បែរជា​សរសេរ​ជា​(​ដ​ដាក់​ស្រះ​ែនិង​ល​ ​គឺ​ ​ដែល) ​ទៅវិញ​នេះ​គឺជា​ចំណុច​តូច​មួយ​ក្នុងចំណោម​ចំណុច​នៃ​អក្សរសាស្ត្រ​ខ្មែរ​ដែល​កំពុងតែ​វិវត្តន៍​»​។​​លោក​បន្ត​ថា​ ​បច្ចុប្បន្ននេះ​ ​ការប្រើប្រាស់​បណ្តាញ​សង្គម​កាន់​តែ​ច្រើន​ ហើយ​ការ​សរសេរ​ក៏​មានការ​ខុស​។ប៉ុន្តែ​វាក៏ជា​ការ​ល្អ​ដោយសារតែ​នៅ​ក្នុង​ទូរសព្ទ​នីមួយៗ​តែង​មាន​វចនានុក្រម​ ​សម្តេច​សង្ឃរាជ​ ​ជួន​ ​ណា​ត​ ​តែ​ទោះជាយ៉ាងណា​ត្រូវ​បន្ត​ការ​ខិតខំ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​សមត្ថភាព​អក្សរសាស្ត្រ​ខ្មែរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​សម្តេចនាយករដ្ឋមន្ត្រី​បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​បង្កើន​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិ​ស័​យ​វប្បធម៌​និង​មាន​ភាពជា​ម្ចាស់ការ​លើ​ការងារ​អភិ​រក្ស​លើកស្ទួយ​​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ។ជាពិសេស​បង្កើត​ស្នាដៃ​សិល្បៈ​វប្បធម៌​ថ្មីៗ​ ​ដែល​មាន​ភាព​ច្នៃ​ប្រឌិដ្ឋ​ដើម្បី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះមុខ​មាត់​​និង​អត្តសញ្ញាណ​ជាតិ​ ​ស្របតាម​បទដ្ឋាន​គតិយុត្ត​ ​ក្រម​សីលធម៌​វិជ្ជាជីវៈ​​និង​ស្ដង់​ដារ​សកល​ ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​សក្ដានុពល​ ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​សិល្បៈ​វប្បធម៌​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​សម្តេចហ៊ុន​ ​សែន​បាន​ជំរុញ​ឱ្យ​បង្កើន​ភាព​ច្នៃ​ប្រឌិដ្ឋ​ ​និង​អភិវឌ្ឍ​សិល្បៈ​វប្បធម៌​ ​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​និង​គំនិត​ផ្ដួច​ផ្ដើម​ថ្មីៗ​ ​ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធ​ ​និង​រៀនសូត្រ​ពី​សិល្បៈ​វប្បធម៌​ក្នុង​រូបភាព​ថ្មីៗ​ ​ព្រមទាំង​មាន​ភាព​ទាក់ទាញ​ដល់​កុមារ​ ​យុវជន​ ​ស្ត្រី​ ​មនុស្សចាស់​ ​ជន​មាន​ពិការភាព​ ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ​និង​ភ្ញៀវ​ទេសចរ​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ស្នើ​ក្រសួង​ពាក់ព័ន្ធ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​ការ​បណ្ដុះបណ្ដាល​ ​បទដ្ឋាន​គតិយុត្ត​ ​និង​ការ​សម្រប​សម្រួល​ផ្សេងៗ​ដើម្បី​បង្កើន​ផលិតភាព​និង​ភាព​ប្រកួត​ប្រជែង​នៃ​ស្នាដៃ​សិល្បៈ​កម្ពុជា​ ​នៅ​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​ ​ក្នុង​គោលដៅ​បង្កើត​មុខរបរ​វិជ្ជាជីវៈ​ ​និង​សហគ្រិន​ភាព​ក្នុង​វិ​ស័យ​សិល្បៈ​វប្បធម៌​។​ទីប្រឹក្សា​រាជបណ្ឌិត្យសភា​កម្ពុជា​ ​លោក​ ​ជួរ​ ​គា​រី​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពីម្សិលមិញ​ថា​ ​ការ​បក​ប្រែ​ភាសាបរទេស​ ​មក​ជា​ភាសា​ជាតិ​ឱ្យ​មាន​សម្បូរ​បែប​នេះ​ ​គឺមាន​សារ​សំខាន់​ ​និង​​អត្ថ​​ប្រយោជន៍សម្រាប់អ្ន​​ក​​​សិក្សាសា​​ស្រាវ​ជ្រាវ​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​។​ លោកបន្ថែម​ថា​ ​បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ណែនាំ​ខាងលើ​នេះ​ ​អ្នក​បច្ចេកទេស​គួរ​ប្រឹងប្រែង​ និង​ជជែក​ពិភាក្សាគ្នា​ ​ដើម្បី​ឱ្យ​កិច្ចការ​នេះ​ប្រព្រឹត្តទៅ​រលូន​។​លោក​បន្ត​ថា​ ​កិច្ចការ​បកប្រែ​ភាសាបរទេស​ ​មក​ជា​ភាសា​ជាតិ​ឬ​ភាសាខ្មែរ​ ​គឺ​អាស្រ័យ​លើ​អ្នកបច្ចេកទេស​ ​ឬ​មន្ត្រី​ជំនាញ​រវាង​រាជបណ្ឌិត្យសភា​កម្ពុជា​ ​និង​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ដើម្បី​ពិគ្រោះ​ ​និង​សម្រេច​មុន​នឹង​ប្រតិបត្តិការ។​ ​លោក​និយាយ​ថា​​តាម​បទ​ពិសោធ​កន្លង​មក​ ​បន្ទាប់ពី​អ្នកបច្ចេកទេស​ពាក់ព័ន្ធ​ធ្វើ​រួចរាល់​ ​គឺ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​ដែល​មាន​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​ ​ជា​សេនាធិ​ការ​ ​ដើម្បី​​ពិនិត្យ​និង​សម្រេច​ចុង​ក្រោយ​។​លោក​ ​ជួរ​ ​គា​រី​ ​ថ្លែង​ថា​ ​នៅ​ពេល​សង្គម​រីក​ចម្រើន​ ​ពិភពលោក​ជឿន​លឿន​គេ​ត្រូវ​ការប្រើប្រាស់​ពាក្យ​ ​តែ​បើ​ខ្វះខាត​ពាក្យ​ប្រើ​ ​គឺ​ត្រូវការ​បកប្រែ​និង​សិក្សា​ពាក្យ​ពី​ភាសាបរទេស​បន្ថែម​។​ ​លោក​ថា​៖​ ​«​ទី​១​ ​ការ​បកប្រែ​គឺ​ឈរលើ​គោលការណ៍​ជាតិ​យើង​ ​គឺ​ភាសាខ្មែរ​ ​បើ​គ្មាន​ភាសាខ្មែរ​ជំនួស​ ​យើង​បក​ទៅ​រក​ភាសា​បាលី​ ​ឬ​ភាសា​សំស្ក្រឹត​ ​ដែល​ជា​ភាសា​មួយ​មាន​ចរិត​នៅ​ក្នុង​វប្បធម៌​សង្គម​យើង​ ​ដែល​យើង​អាច​​​យកជា​គោលការណ៍​អនុវត្ត​បាន​ដែរ​»​។​លោក​បញ្ជាក់​ថា​៖​ ​«​កាលណាបើ​គ្មាន​ភាសាខ្មែរ​ យើង​ទៅ​រក​ភាសា​បាលី​ ​សំស្ក្រឹត​ ​ដែល​យើង​អាច​ផ្គុំ​ពាក្យ​ខ្មែរ​ខ្លះ​ ​បាលី​ខ្លះ​ ​បើ​គ្មាន​ខ្មែរ​ទេ​ ​យើង​ទៅ​រក​បាលី​សុទ្ធ​ ​តែ​បើ​គ្មាន​បាលី​សុទ្ធ​ ​យើង​អាច​ផ្គុំ​បាលី​ ​ជាមួយ​ភាសាបរទេស​ដែល​បកប្រែ​នោះ​ ​បើ​មិនកើត​ទេ​ ​យើង​ខ្ចី​ទាំងដុល​តែម្ដង​ ​គឺ​អាស្រ័យ​ទៅលើ​ពាក្យ​នីមួយៗ​ដែល​យើង​រក​»​។​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​លោក​ ​ឡុង​ ​ប៉ុណ្ណា​ស៊ី​វត្ថ​ ​លើកឡើង​ថា​​ជានិច្ចកាល​ឯកសារ​ពាក់ព័ន្ធ​វិ​ស័យ​សិល្បៈ​កន្លងមក​ ​ក្រសួង​តែង​ធ្វើជា​ភាសា​ជាតិ​ ​ដើម្បី​ឱ្យ​កូនខ្មែរ​មើល​ ​។ប៉ុន្តែ​ទោះជាយ៉ាងណា​សង្គម​រីក​ចម្រើន​ ​គឺ​ត្រូវ​ការប្រើប្រាស់​ពាក្យ​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត​។​លោក​បន្ថែម​ថា​ ​ចំពោះ​យន្ត​ការណ៍​បកប្រែ​ភាសាបរទេស​ ​មក​ជា​ភាសា​ជាតិ​ ​គឺ​មាន​ច្រើន​ទម្រង់​ដូចជា​ ​ភាសា​ខ្លះ​យក​ពី​បរទេស​ ​ដើម្បី​បក​ជា​ភាសា​ជាតិ​ឱ្យ​ងាយ​យល់​ ​ប៉ុន្តែ​ការងារ​ទាំងនេះ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​។​លោក​​បញ្ជាក់​ថា​៖​ ​«​មិន​ងាយស្រួល​ ​ព្រោះ​ការ​បកប្រែ​ ​ត្រូវ​មានច្បាប់​ ​ទម្លាប់​ ​និង​ភាព​ច្បាស់លាស់​ ​អ៊ីចឹង​ ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​និង​ក្រសួង​វប្បធម៌​ ​ត្រូវការ​ពិភាក្សាគ្នា​លម្អិត​ជាមុន​សិន​ ​មុន​នឹង​ចាប់ផ្ដើម​អនុវត្ត​»​។​ ​លោក​និយាយ​ថា​ ​នៅ​ពេល​នេះ​ ​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​បាន​នៅឡើយ​ថា​ ​សៀវភៅ​ ​និង​ឯកសារ​ប្រទេស​ណា​ដែល​ត្រូវ​បកប្រែ​ ​ដូច្នេះ​ ​ក្រសួង​ ​និង​រាជបណ្ឌិត្យសភា​កម្ពុជា​ ​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​៕Khmer Times 




Powered by Blogger.