ភ្លើងទៀននឹង​រៀប​ចំគោរពវិញ្ញាណក្ខន្ធបា​​តុករដែលស្លាប់​ដោយ​គ្រាប់​បែ​កដៃ

 គណបក្សភ្លើងទៀននៅថ្ងៃទី៣០ខែមីនាស្អែកនេះនឹងរៀបចំពិធីសូត្រមន្តបង្សុកូលនៅស្តូបជនរងគ្រោះមុខរដ្ឋសភាចាស់ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបាតុករ ដែលបានបាត់បង់ជីវិតដោយគ្រាប់បែកដៃចំនួន៤គ្រាប់អំឡុងពេលបាតុកម្មអហិង្សាកាលពីឆ្នាំ១៩៩៧ដើម្បីទាមទារយុត្តិធម៌សង្គម។ការប្រារព្ធពិធីសាសនានេះក៏ត្រូវបានអនុញ្ញាតដោយសាលារាជធានីភ្នំពេញផងដែរ។ដោយគ្រោងមនុស្សចូលរួមចំនួន៣០០នាក់គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងលេចធ្លោជាងគេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ នឹងនិមន្តព្រះសង្ឃចំនួន៩អង្គសូត្រមន្តបង្សុកូលនៅស្តូបជនរងគ្រោះដោយសារគ្រាប់បែក៤គ្រាប់នៅមុខរដ្ឋសភាចាស់។ក៏ប៉ុន្តែការជួបជុំគ្នាប្រារព្ធពិធីប្រពៃណីសាសនានេះត្រូវអាជ្ញាធររាជធានីភ្នំពេញ ប្រាប់ទៅលោកទាវវណ្ណុលប្រធានគណបក្សភ្លើងទៀនឲ្យគោរពតាមលក្ខខណ្ឌចំនួន៥ចំណុចដែរដូចជាអ្នករៀបចំត្រូវទទួលខុសត្រូវសន្តិសុខដល់អ្នកចូលរួម មិនយកពិធីនេះវាយប្រហារព្រះមហាក្សត្រ ស្ថាប័នជាតិ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឬបំផុសញុះញង់ប្រជាពលរដ្ឋឡើយ។ ក្រៅពីនេះអ្នករៀបចំក៏ត្រូវរក្សាឲ្យបាននូវបញ្ហាអនាម័យបរិស្ថានការប្រើឧបករណ៍បំពងសម្លេងដែលមិនមានការរំខាននិងត្រូវគោរពតាមវិធានសុខាភិបាល។ នេះបើតាមលិខិតរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ។សូមរំលឹកថានៅថ្ងៃទី៣០​ខែមីនាកាលពី២៦ឆ្នាំមុន មនុស្សយ៉ាងហោចណាស់១៦នាក់បានបាត់បង់ជីវិតនិងជាង១០០នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់ពីក្រុមជនមិនស្គាល់មុខចំកណ្តាលហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលណោះជាប្រធានគណបក្សជាតិខ្មែរដើម្បីទាមទារលក្ខខណ្ឌការងារ យុត្តិធម៌សង្គមនិងកំណែទម្រង់ប្រព័ន្ធតុលាការនៅខាងមុខមន្ទីររដ្ឋសភាចាស់។រយៈពេលជាង២០ឆ្នាំកន្លងទៅក្រុមគ្រួសារជនរងគ្រោះក៏ដូចជាអ្នកនយោបាយប្រឆាំងតែស្រែកទាមទាររកយុត្តិធម៌និងតែងប្រារព្ធពិធីបុណ្យបង្សុកូលរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ជារៀងរាល់ថ្ងៃ៣០ ខែមីនា តរៀងមក។ ក៏ប៉ុន្តែយុត្តិធម៌សម្រាប់អ្នកស្លាប់និងអ្នករងរបួសមិនទាន់មានចម្លើយជាវិជ្ជមាននោះទេ ខណៈអ្នកនយោបាយប្រឆាំងតែងចោទប្រកាន់ និងទំលាក់ការទទួលខុសត្រូវទៅលើអ្នកនយោបាយកាន់អំណាច  ហើយអ្នកនយោបាយកាន់អំណាចតែងច្រានចោលការចោទប្រកាន់៕RFI

រូបភាពអ៊ីនធឺណិត៖អតីតគណបក្សប្រឆាំងធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបាតុករដែលស្លាប់ដោយសារគេគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧។ពិធីបង្សុកូលនេះ គឺធ្វើឡើងនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦ដែលជាខួប១៩ឆ្នាំនៃការគប់គ្រាប់បែកចូលទៅក្នុងហ្វូងបាតុករនៅមុខរដ្ឋសភាចាស់។

Powered by Blogger.