សម្តេចហ៊ុនសែ​​ន​ពន្យល់ពីឋានានុក្រមរប​ស់កង​ទ័​ពដល់ក្រុមអ្នកវិភា​​គជាបណ្ឌិត​ពា​ក់ព័ន្ធនឹងកា​រដំឡើងឋានន្តរស័ក្ដិដល់​​លោកហ៊ុន ម៉ា​ណែត

 សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​ធ្វើការពន្យល់ពីឋានានុក្រមរបស់កងទ័ពទៅកាន់ក្រុមអ្នកវិភាគដែលសម្តេចហៅ​ថា ជាបណ្ឌិត​ខ្វះការចេះដឹងស្ដាប់ពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្ដិ ដល់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែតជានាយឧត្ដមសេនីយ៍ផ្កាយមាស៤។ ការពន្យល់លើកឡើងរបស់សម្ដេចហ៊ុន សែន​បែបនេះបន្ទាប់ពីមានអ្នកវិភាគពាក់ព័ន្ធនឹងការលើកឡើងនានាពីលោក ហ៊ុន ម៉ាណែតដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរ​ស័ក្តិ​ជា​នាយឧត្ដមសេនីយ៍ ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ​ជូន​ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេច​ ហ៊ុន សែន បានមានប្រសាសន៍ថា «អស់លោកខ្វះការចេះដឹងនៅកន្លែងណា ឋានានុ​ក្រម​របស់កងទ័ពអគ្គបញ្ជាការរងទាំងអស់ត្រូវឡើងផ្កាយ៤ទាំងអស់ ហ៊ុន ម៉ាណែត ត្រូវឡើង​ផ្កាយ៤ តាំងពីឆ្នាំ ២០១៨ ក្រោយពេលដែលលោក ប៉ុល សារឿន មកជាទេសរដ្ឋមន្ត្រី ហើយ មាស​ សុភា ក៏មកជាទេសរដ្ឋមន្ត្រីយើងដូរអគ្គបញ្ជាការផង ហើយ វង្ស ពិសេន មេទ័ព​ជើកគោកដូរដោយ ហ៊ុន ម៉ាណែត»។ សម្ដេចនាយករដ្ឋមន្រ្ដីបានផ្ដាំទៅដល់​អ្នកខ្វះការចេះដឹងជាបណ្ឌិតទាំងឡាយត្រូវយល់ឱ្យច្បាស់អំពីឋានានុក្រមរបស់កងទ័ព ខណៈនៅទីនេះ អគ្គមេបញ្ជាការរងកងទ័ពទាំងអស់ដែលកំពុងមានសព្វថ្ងៃ សុទ្ធតែផ្កាយ៤ទាំងអស់ ហើយមាន​តែលោកហ៊ុន ម៉ាណែត មួយគត់ដែលអត់មានផ្កាយ៤នឹងគេ ស្របពេល​ដែលមាន​ធ្វើ​ពិធីនីមួយៗនោះ ផ្កាយ៤ គឺតែងតែអង្គុយនៅក្រោយផ្កាយ៣។ជាមួយគ្នានេះ សម្ដេចបានអះអាងថា៖ «មេទ័ពជើងគោកគឺជាអគ្គមេបញ្ជាការរង ម្នាក់​នេះ អត់ព្រមឡើងស័ក្ដិទេ សុំតែ១ទេ ពុក ធ្វើអ្វីក៏ធ្វើដែរ តែសុំកុំឱ្យឡើងស័ក្ដិខ្ញុំ វាទៅជា​ចម្លែក។ អ្នកទាំងឡាយខ្សឹបថា ហ៊ុន ម៉ាណែត គឺជាមនុស្សទី៣នៅក្នុងជួរ​កងទ័ព ក្នុងនោះ មនុស្សទី១គឺ ទៀ បាញ់ មនុស្សទី២ គឺ វង្ស ពិសេន និងមនុស្សទី៣ គឺ ហ៊ុន ម៉ាណែត ពីព្រោះ​កងទ័ពនៅជើងគោកច្រើនជាងគេ»។បើតាមសម្ដេចហ៊ុន សែន កាលណោះ ហ៊ុន ម៉ាណែត មិនព្រមទទួលឡើងផ្កាយ៤នោះឡើយ ខណៈនាពេលបច្ចុប្បន្ននេះ អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ សុទ្ធ​តែ​ពាក់ផ្កាយ៤ទាំងអស់។សូមជម្រាបផងដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ ដល់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហានថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរ​ភូមិន្ទ៕AKP




Powered by Blogger.