គ.ជ.​បស្នើឲ្យអនុ​វត្តលើលោ​​កសុន​ឆ័យតាមសេចក្ដីសម្រេ​ចរ​បស់តុលា​ការក្រោយ​ពីចាញ់ក្ដី

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានដាក់សំណើឲ្យសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមសាលក្រមនិងសាលដីកាលើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនក្រោយពីចាញ់ក្ដីក្នុងសំណុំរឿង «បរិហាកេរ្តិ៍» ទាំងនៅតុលាការជាន់ទាបនិងជាន់ខ្ពស់ ។ប៉ុន្តែបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាវិញមេធាវីលោក សុន ឆ័យ នៅមិនទាន់ឃើញគណបក្សប្រជាជនកម្ពុជាស្នើឲ្យមានការអនុវត្តតាមសាលក្រមនិងសាលដីកាឡើយ។ លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក សុន ឆ័យ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១ មីនានេះថា មានតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប៉ុណ្ណោះ ដែលបានស្នើចៅក្រមសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមសាលក្រម និងសាលដីកាលើលោក សុន ឆ័យ។សម្រាប់បណ្តឹង​របស់គណបក្សប្រជាជនវិញ លោក ជូង ជូងី អះអាងថា លោកនៅមិនទាន់ឃើញគណបក្សប្រជាជនកម្ពុជាស្នើឲ្យមានការអនុវត្តទៅលើលោក សុន ឆ័យ ឡើយ។បើតាមលោកមេធាវី ជូង ជូងី ការស្នើសុំរបស់ គ.ជ.ប ឲ្យអនុវត្តទៅលើលោក សុន ឆ័យនេះ គឺតម្រូវឲ្យលោក សុន ឆ័យ ធ្វើឡើងដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយដោយលោកមេធាវីពន្យល់ថា បើលោកសុនឆ័យមិនព្រមសងសំណងដោយស្ម័គ្រចិត្តតាមការបង្គាប់របស់តុលាការទេនោះទើបតុលា​ការចេញសាលក្រមអនុវត្តដោយបង្ខំលើទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ។ ប៉ុន្តែយ៉ាងណាលោកមេធាវី ជូង ជូងី បានអះអាងថាលោកសុនឆ័យបានយល់ព្រមធ្វើតាមការសម្រេចរបស់តុលាការ។សូមជម្រាបថា លោក សុន ឆ័យ ត្រូវបានតុលាការកាត់ឲ្យចាញ់ក្តី ក្រោយតតាំងក្នុងវិវាទនយោបាយជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ តាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ គឺលោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋចំនួន៩លានរៀលចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីបទបរិហាកេរ្តិ៍ជាសាធារណៈ។សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ លោក សុន ឆ័យត្រូវ​បានសាលក្រមសាលាដំបូងរាជធានីភ្នំពេញតម្រូវឲ្យបង់ថវិកាចូលរដ្ឋចំនួន ៨លានរៀល និងតម្រូវឲ្យសងជំងឺចិត្តដល់គណបក្សកាន់អំណាច ចំនួន៣ពាន់លានរៀល ឬស្មើនឹង ៧៥០,០០០ ដុល្លារអាមេរិក។ ប៉ុន្តែមកដល់សាលាឧទ្ធរណ៍ សាលដីកាបានបង្គាប់បន្ថែមនូវទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារបន្ថែមទៀត ដែលតម្រូវឲ្យលោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា សរុបជាង ១លានដុល្លារអាមេរិក។ក្រោយពីចាញ់ក្ដីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា នៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ លោក សុន ឆ័យ បានបន្តប្ដឹងទាស់មកតុលាការកំពូល ប៉ុន្តែតុលាការកំពូលបានចេញសាលដីកាសម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្ដីដដែល ដោយសម្រេច​​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ៕RFI

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន (កណ្ដាល)ពេល​ចូល​បំភ្លឺ​តុលាការ​កំពូល​នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។សហការី

Powered by Blogger.