នាយករដ្ឋមន្ត្រីហ៊ុនសែនមា​នប្រសា​​សន៍ថាកម្ពុជា​នឹងទទួលបានកាលានុ​វត្តភាពការងា​រថ្មីដែល​ជារ​បកគំហើញនៃបច្ចេក​វិទ្យាថ្មី

 សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថាកម្ពុជា នឹងទទួលបានកាលានុវត្តភាពការងារថ្មីដែលជាផលនៃរបកគំហើញនៃបច្ចេកវិទ្យាថ្មីស្របតាមពាក្យស្លោក«បច្ចេកវិទ្យាថ្មីកាលានុវត្តភាពការងារថ្មី»។សម្ដេចហ៊ុន សែនបានថ្លែងដូច្នេះ ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិលើកទី១ឆ្នាំ២០២៣ក្រោមប្រធានបទ«កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា»  នាព្រឹកទី២៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ សម្ដេចហ៊ុន សែន មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់និងសកល ដើម្បីលើកកម្ពស់សមតិកម្មសង្គម-សេដ្ឋកិច្ច។សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ការកើនកំដៅនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្ដេចសម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងការរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ចនិងជំរុញផ្លែផ្កានៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ចាប់យកផលិតផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើតបច្ចេកវិទ្យាថ្មី ប្រកបដោយនវានុវត្តន៍ នាពេលអនាគត។ សម្ដេចតេជោគូសបញ្ជាក់ថា ផ្អែកតាមផែនការនេះ កម្ពុជា នឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនៃបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក«បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»។លើសពីនេះតាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវ នូវបច្ចេកវិទ្យាអាទិភាពចំនួនបី ដែលក្នុងនោះមាន គឺផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា កសិកម្ម  ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា សុខាភិបាល ហើយក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួនបីបន្ថែមទៀត គឺផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា ថាមពល ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា ទេសចរណ៍ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា ឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការ ឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផល បច្ចេកវិទ្យា ឱ្យបានសមសម្របតាមតម្រូវការជាក់ស្ដែងរបស់កម្ពុជា។ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា សម្ដេចតេជោបានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួនថា  រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យជ្រើសរើសមុខជំនាញ ការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលនូវគ្រប់កម្រិត ការអនុវត្តនូវយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំក្របខណ្ឌគតិយុត្ត ជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភវឌ្ឍ ប្រព័ន្ធនវានុវត្តន៍ជាតិ ឱ្យឆ្លើយតបបានពេញលេញ ទៅនិងតម្រូវការនៃការអភិវឌ្ឍកម្ពុជា ការប្រែប្រួលនៃនិន្នាការតំបន់ និកងសកល។ ទន្ទឹមនេះរាជរដ្ឋាភិបាលជំរុញលើកទឹចិត្ត ឱ្យបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន វិស័យអប់រំនិងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍កម្ពុជា។ សម្ដេចតេជោបាន លើកទឹកចិត្តដល់គ្រឹះស្ថាន ឧត្ដមសិក្សា បន្តបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ច និងធុរកិច្ចថ្មី សំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាព និងនធុរកិច្ច នៅកម្ពុជា។ លើសពីនេះទៀត សម្ដេចតេជោក៏បាន លើកទឹកចិត្តខ្ពស់ ដល់វិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមផ្ដល់គ្រាប់ពូជមូលធន ដល់សហគ្រិន និងនវៈធុរជន តាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជ និងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្ដាក់ទុនជាដើម។គួរបញ្ជាក់ដែរថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១ឆ្នាំ២០២៣ ក្រោមប្រធានបទ«កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា»  នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធចូលរួមប្រមាណជា ២០០ស្ថាប័ន ក្នុងនោះរួមមាន ក្រសួងពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និងសមាគមពាណិជ្ជកម្មជាដើម។ល៕AKP



Powered by Blogger.