វៀតណាម-កម្ពុជាស្វែងរកកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនបន្ថែមទៀត
នៅថ្ងៃអង្គារនេះនាយករដ្ឋមន្ត្រី លោក Pham Minh Chính បានទទួលជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។លោកនាយករដ្ឋមន្ត្រី Chính បានផ្តាំផ្ញើការសួរសុខទុក្ខនិងជូនពរពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ដល់ថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។លោកបានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលជាច្រើនរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រងអតិផរណាកំណើនសេដ្ឋកិច្ច ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ កាលពីខែមិថុនាកន្លងទៅ។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានអះអាងថាកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹង និងអភិវឌ្ឍន៍នៃ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង” ជាមួយវៀតណាម។ លោកបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនលើគ្រប់វិស័យ។មេដឹកនាំប្រទេសទាំង២បានរក្សាការជួបគ្នាញឹកញាប់និងដំណើរទស្សនកិច្ចទៅវិញទៅមក។ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើងជិត១១ ភាគរយពីឆ្នាំ២០២១។គិតត្រឹមដំណាច់ឆ្នាំមុនវៀតណាមមានគម្រោងវិនិយោគចំនួន២០៥ដែលមានតម្លៃ២៩,៤ពាន់លានដុល្លារក្នុងប្រទេសកម្ពុជា ដោយបានក្លាយជាអ្នកវិនិយោគធំជាងគេនៅអាស៊ាននិងជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកវិនិយោគផ្ទាល់ធំជាងគេទាំង៥។ ភាគីទាំង២ក៏បានសម្របសម្រួលរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។ដោយបានរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bùi Thanh Sơn និងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះនៃប្រទេសទាំង២ លោករដ្ឋមន្ត្រីបានចាត់ទុកថា កំណត់ហេតុនៃកិច្ចប្រជុំនេះនឹងធ្វើជាមូលដ្ឋានសម្រាប់ក្រសួង និងផ្នែកនានារបស់ភាគីទាំងពីរក្នុងការពង្រីកនិងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អលើវិស័យផ្សេងៗ ចាប់ពីនយោបាយ ការទូត សន្តិសុខ ការពារជាតិ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីជាផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំង២។ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានផ្លែផ្កាលោកនាយករដ្ឋមន្ត្រីChínhបានស្នើឱ្យភាគីទាំង២អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់និងសេចក្តីថ្លែងការណ៍រួម ជំរុញការតភ្ជាប់ការដឹកជញ្ជូននិងសេដ្ឋកិច្ចនិងរួមគ្នាកសាងសេដ្ឋកិច្ចឯករាជ្យនិងពឹងផ្អែកលើខ្លួនឯងស្របជាមួយនឹងសមាហរណកម្មអន្តរជាតិដែលទូលំទូលាយរឹងមាំនិងមានប្រសិទ្ធភាពសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មគ្រឿងញៀន និងធ្វើការរួមគ្នាក្នុងការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។លោកបានថ្លែងអំណរគុណនិងស្នើដល់ភាគីកម្ពុជាបន្តបង្កើតលក្ខខណ្ឌសម្រាប់ប្រជាពលរដ្ឋដើមកំណើតវៀតណាមបានរស់នៅ និងធ្វើការនៅទីនោះ និងជំរុញការដោះស្រាយនីតិវិធីច្បាប់ពាក់ព័ន្ធនឹងសហគមន៍។លោកក៏បានជំរុញឱ្យភាគីទាំង២រួមគ្នាស្វែងរកដំណោះស្រាយសមស្រប សម្រាប់ការពន្លឿនការកំណត់បង្គោលព្រំដែននិងបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦ភាគរយ ដើម្បីកសាងព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ប្រមុខម្ចាស់ផ្ទះបានបញ្ជាក់ថា ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅឆ្នាំ២០២៣ រួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម) អាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំកំពូលលើកទី១២ នៃការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ រដ្ឋាភិបាលវៀតណាម ក្នុងសមត្ថភាពរបស់ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការជួយ ចែករំលែកបទពិសោធន៍ និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនោះដោយជោគជ័យ។ភាគីទាំង២ក៏បានឯកភាពរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដែលរួបរួមគ្នា រឹងមាំ និងវិបុលភាព៕VNS/Khmer Times
Post a Comment