សម្ដេ​ចស ខេង៖កា​រ​បង្កើតប្រព័ន្ធរួម​នៃ​អត្តសញ្ញា​ណ​កម្មប្រជា​ជន​នឹងរួម​ចំ​​ណែក​​​​ពង្រឹង​កិច្ចស​ហប្រតិបត្តិការក្នុងតំ​ប​​​ន់ប្រឆាំ​ងអំ​ពើជួញដូរមនុស្ស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

 សម្ដេចក្រឡាហោមសខេ​ងឧបនា​យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងម​ហាផ្ទៃបានថ្លែងថាការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជននិងការគ្រប់គ្រងទិន្នន័យនឹងរួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន។ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាននិង​អត្តសញ្ញាណកម្ម(គ.ជ.ដ.អ.)នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជា​ប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ​កម្ម(គ.ជ.ដ.អ.) បានមានប្រសាសន៍ថា គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្ត​​សញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និង​ការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។សម្ដេច​ក្រឡា​ហោមបានថ្លែងបញ្ជាក់ថា៖«គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្ត​សញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និង​ការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើក​កម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»។សម្ដេចក្រឡាហោមបានឱ្យដឹងទៀតថាសមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះក៏​នឹ​ង​រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានា ទាំងក្នុង​ប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ សម្ដេចក្រឡាហោមបានបន្ថែមថា ទិសដៅការ​ងារ​ដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមាន ការរៀបចំសេចក្ដី​ព្រាង​ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជនប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធ​អត្តសញ្ញាណកម្ម។ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានអះអាងថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធ​ទាំង​​អស់ទៅក្នុងប្រព័ន្ធមេមួយ ដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើ​ប្រាស់​ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាន​និងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ​កម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។តាមរបាយការណ៍បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិដឹក​នាំ​តម្រង់​ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃជាសេនាធិការស្នូល នឹងបញ្ជូនសេចក្តី   ព្រាង​ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីដាក់ឆ្លង​កិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី ព្រមទាំងជ្រើសរើស ឃុំ សង្កាត់ចំនួន៥០០ ដែលមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដាក់ឱ្យអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ សេវា អត្តសញ្ញាណកម្ម ក្នុងជំហានទី១ និងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការងារផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មនិងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ CamDX៕AKP





Powered by Blogger.