សភាអឺរ៉ុប​បោះឆ្នោ​តគាំទ្រសេចក្តីស្នើការដ​​កប្រព័ន្ធអនុគ្រោះពន្ធ​និងទណ្ឌកម្មលើមន្ត្រីកម្ពុជា​ក្រោយការបោះ​ឆ្នោត

 សភាអឺរ៉ុបឆ្លងតាមរយៈការបោះឆ្នោតស្តីពីដំណោះស្រាយជាបន្ទាន់នៅកម្ពុជាចំពោះការកាត់ទោសលោកកឹម សុខាបានគាំទ្រដោយសំឡេងភាគច្រើន លើសេចក្តីស្នើរបស់សមាជិកសភាអឺរ៉ុបដែលបានកោះប្រជុំកាលពីថ្ងៃពុធ។ តាមរយៈសេចក្តីសម្រេចរបស់ខ្លួនសភាអឺរ៉ុបបានគាំទ្រចំពោះការស្នើឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ក្រោយការបោះឆ្នោតថ្នាក់ជាតិពេលខាងមុខ។ប្រសិនបើការបោះឆ្នោតនោះមិនស្របតាមគោលការណ៍អន្តរជាតិ។ដោយទទួលបានសំឡេងគាំទ្រចំនួន៤៩៦សំឡេងសភាអឺរ៉ុបបានអនុម័តជាសំឡេងភាគច្រើនទៅលើការស្នើរបស់សមាជិកខ្លួនដែលបានលើកទាំង៧ចំណុចនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បិត៍។សភាអឺរ៉ុបបានគាំទ្រចំពោះការស្នើឲ្យដោះលែងលោកកឹមសុខាជាបន្ទាន់ដោយគ្មានលក្ខខណ្ឌនិងមន្ត្រីសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានកាត់ទោសឬឃុំខ្លួនក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។ការស្នើឲ្យអាជ្ញាធរបញ្ឈប់រាល់ទម្រង់នៃការយាយី និងការចោទប្រកាន់តាមហេតុផលនយោបាយលើសមាជិកនៃគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិក៏ជិតមកដល់សភាអឺរ៉ុបបានជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាធានាបាននូវការបោះឆ្នោតដែលសេរីនិងយុត្តិធម៌ដោយធ្វើឲ្យយ៉ាងឲ្យគណបក្សនយោបាយទាំងអស់បានចូលរួមខណៈដែលខ្លួនក៏ទាមទារឲ្យមានអតីតគណបក្សសង្រ្គោះជាតិសម្រាប់ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧នេះ។តាមសេចក្តីសម្រេចរបស់ខ្លួន សភាអឺរ៉ុបនឹងបន្តពិនិត្យពីការដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា តាមរយៈការដកជាបន្តនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្រោយការបោះឆ្នោត។ នៅក្រោយការបោះឆ្នោត ដែលអឺរ៉ុបបានព្រមានថាប្រសិនបើមិនគោរពតាមស្តង់ដារអន្តរជាតិ ហើយរដ្ឋាភិបាលនៅតែបន្តរំលោភបំពានសិទ្ធិមនុស្ស។លើសពីនេះ សភាអឺរ៉ុបក៏ជំរុញក្រុមប្រឹក្សាឲ្យដាក់ទណ្ឌកម្មដោយចំពោះទៅលើមន្ត្រីពាក់ព័ន្ធ ដែលជាន់ឈ្លីសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។នៅក្នុងសេចក្តីសម្រេច ដែលមានសមាជិកជំទាស់ចំនួន១១រូបនិង៣៦រូបអនុបវាទនោះ សភាអឺរ៉ុបបានអះអាងថាសេចក្តីសម្រេចស្តីពីដំណោះស្រាយកម្ពុជា នឹងត្រូវបានប្រធានសភាអឺរ៉ុបបញ្ជូនទៅកាន់ក្រុមប្រឹក្សានិងគណៈកម្មាការអឺរ៉ុបជាបន្ត។លោកសមរង្ស៊ីដែលជាប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិបានសម្តែងការគាំទ្រ ចំពោះការសម្រេចរបស់សភាអឺរ៉ុបពេលនេះ។ បើតាមលោក សម រង្ស៊ី សេចក្តីសម្រេចរបស់សភាអឺរ៉ុបគឺមានន័យថា សហគមន៍អន្តរជាតិនៅតែបន្តឃ្លាំមើលពីស្ថានភាពនយោបាយស្រុកខ្មែរ។តែយ៉ាងណាសម្រាប់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបគឺជារឿងរបស់អឺរ៉ុបមិនទាក់ទងនឹងកម្ពុជា។ តាមលោក សុខ ឥសាន ទោះបីជាអឺរ៉ុបត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក្រោយការបោះឆ្នោតគឺគ្រាន់ជារឿងធម្មតានិងជាសិទ្ធិរបស់អ្នកសម្រេច។ លោក សុខ ឥសានបានអះអាងសម្តីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនថាកម្ពុជាដាច់ខាតមិនយកអធិបតេយ្យភាពរបស់ខ្លួន ទៅដូរតាមអ្វីជាការចង់បានរបស់បរទេសឡើយ៕RFI

សភាអឺរ៉ុបបោះឆ្នោតគាំទ្រសេចក្តីស្នើការដកប្រព័ន្ធអនុគ្រោះពន្ធនិងទណ្ឌកម្មលើមន្ត្រីកម្ពុជាក្រោយការបោះឆ្នោតសភាអឺរ៉ុបបោះឆ្នោតគាំទ្រសេចក្តីស្នើការដកប្រព័ន្ធអនុគ្រោះពន្ធនិងទណ្ឌកម្មលើមន្ត្រីកម្ពុជាក្រោយការបោះឆ្នោត។សហការី

Powered by Blogger.