លោកសុខ ឥសាន៖អ្នកនយោបាយចូលនិវត្តន៍នឹងក្លាយជាទីប្រឹក្សាមន្ត្រីដើម្បីជំរុញប្រសិទ្ធភាពការងារ
លោកសុខ ឥសានអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាពីម្សិលមិញបានលើកឡើងថាអ្នកនយោបាយក្នុងបក្សដែលមានសមត្ថភាពនិងបទពិសោធការងារក្នុងការដឹកនាំទោះពួកគេចូលនិវត្តន៍ក៏នឹងក្លាយជាទីប្រឹក្សាដ៏ល្អសម្រាប់អ្នកនយោបាយជំនាន់ថ្មីដែលនឹងត្រូវជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក៏ដូចជាមន្ត្រីដទៃទៀតដែលមិនទាន់មានបទពិសោធការងារច្បាស់លាស់។ការដាក់មន្ត្រីនយោបាយចូលនិវត្តន៍ជាទីប្រឹក្សានេះត្រូវបានគេមើលឃើញថាវាមានលក្ខណៈស្រដៀងនឹងប្រទេសមួយចំនួនទៀតដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យដែលបានដាក់មន្ត្រីនយោបាយចូលនិវត្តន៍ជាទីប្រឹក្សារបស់មន្ត្រីពួកគេ។លោក សុខ ឥសាន បាននិយាយថា គណបក្សប្រជាជនកម្ពុជាបានគិតគូរដោយល្អិតល្អន់ចំពោះបញ្ហានេះពីព្រោះអ្នកនយោបាយជំនាន់ក្រោយមិនទាន់មានបទពិសោធច្បាស់លាស់ ដែលពួកគេត្រូវការអ្នកនយោបាយចាស់ទុំនៅក្នុងបក្សជួយជ្រោមជ្រែងពីខាងក្រោយ។លោកនិយាយថា គណបក្សប្រជាជនកម្ពុជាបានដាក់តាមគោលការណ៍ “រក្សាអ្នកចាស់បន្ថែមអ្នកថ្មី“។ ការធ្វើបែបនេះដើម្បីរក្សានិរន្តរភាពការងារ។ ទោះបីជាអ្នកនយោបាយចាស់ទុំក្លាយជាអ្វីក៏ដោយ ក៏ពួកគេនៅតែជាទីប្រឹក្សាសម្រាប់មន្ត្រីក្មេងៗជំនាន់ក្រោយដែរ។លោកបន្តថា៖«តាមក្រឹតក្រមធម្មជាតិយើងត្រូវប្រគល់ឱ្យអ្នកជំនាន់ក្រោយបន្តវេន ។ក៏ប៉ុន្តែយើងមិនបានផ្ដាច់ខ្លួនចេញពីពួកគេទាំងស្រុងនោះទេ គឺយើងរក្សាអ្នកចាស់ដែលមានលទ្ធភាពនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជាបង្គោលសម្រាប់អ្នកថ្មី ហើយអ្នកថ្មីត្រូវតែធ្វើសកម្មភាពខ្លាំងស្របតាមកម្លាំងនិងចំណេះដឹងរបស់ពួកគេ»។លោកបន្ថែមថា៖ «ការធ្វើនេះមានបែបផែននិងការពិចារណាត្រឹមត្រូវគ្រប់ជ្រុងជ្រោយទាំងអស់។ យើងមិនមែនព្រងើយកន្តើយអ្នកថ្មី ដោយមិនឱ្យពួកគេបន្តនិរន្តរភាពការងារនោះទេ។ មុននឹងឆ្លងពីដំណាក់ការមួយទៅដំណាក់ការមួយ គឺត្រូវមានការតភ្ជាប់គ្នាដូចស្ពានអ៊ីចឹង។ ដូច្នេះវិធីសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាជាវិធីសាស្ត្រដែលបន្តនិរន្តរភាពការងារក្នុងការកាន់អំណាចឱ្យរឹងមាំជានិច្ចជាកាលតទៅមុខទៀត»។ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំឡុងពេលចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់កាលពីថ្ងៃអង្គារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្នកនយោបាយចាស់ទុំរបស់គណបក្សមិនទៅណាឆ្ងាយទេ នៅពេលដែលអ្នកបន្តវេនរបស់ខ្លួនឡើងកាន់អំណាច។ គណបក្សនេះនឹងរៀបចំទម្រង់ខ្សែក្រវាត់ពីជាន់ដែលប្រៀបបាននឹងប្រព័ន្ធមួយដ៏រឹងមាំ ដែលអនុញ្ញាតឱ្យអ្នកនយោបាយចាស់ទុំក្នុងបក្សជួយទ្រទ្រង់អ្នកនយោបាយក្រោយរបស់ខ្លួនដែលកំពុងកាន់អំណាច។លោកបានបន្ថែមថាចំពោះបញ្ហារៀបចំអ្នកនយោបាយជំនាន់ក្រោយជំនួសអ្នកនយោបាយជំនាន់មុនគឺនៅរង់ចាំពេលវេលាសមស្របណាមួយសម្រាប់អ្នកបន្តវេនតែប៉ុណ្ណោះ ហើយអ្នកនយោបាយចាស់ទុំរបស់គណបក្សមិនទៅណាឆ្ងាយពីពួកគេទេ។ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានពន្យល់ថា គណបក្សរបស់ខ្លួនកាន់តែរឹងមាំនៅពេលដែលបន្ថែមខ្សែក្រវាត់ពីរជាន់ គឺនៅជួរមុខមានអ្នកនយោបាយជំនាន់ក្រោយចំណែកនៅពីខាងក្រោយមានអ្នកនយោបាយចាស់ទុំជាអ្នកនៅជួយទ្រទ្រង់ពួកគេដែលកំពុងកាន់អំណាច។សម្តេចនិយាយថា៖ «ខ្សែក្រវាត់២ជាន់នេះគឺរឹងមាំខ្លាំងណាស់ ហើយក៏មិនមានស្ថិរភាពនយោបាយកើតឡើងដោយសារតែការបាត់បង់ជីវិតនាយករដ្ឋមន្ត្រីនោះដែរ»។លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) យល់ឃើញថានេះជារឿងសិទ្ធិរបស់គណបក្សនយោបាយនីមួយៗ ហើយចំពោះរដ្ឋបាលភិបាលពីមួយអាណត្តិទៅមួយអាណត្តិគឺរដ្ឋាភិបាលមានសិទ្ធិតម្រូវឱ្យអ្នកណាធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាល ឬក៏ជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំ។ ចំណុចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងអាណត្តិនីមួយៗ។លោកបន្តថា នាយករដ្ឋមន្ត្រីដែលទើបតែជាប់ឆ្នោតក្នុងអាណត្តិនីមួយៗ គឺមានសិទ្ធិជ្រើសតាំងឥស្សជនឬអ្នកជំនាញដែលមានពិសោធខាងដឹកនាំធ្វើជាទីប្រឹក្សារបស់ខ្លួនបាន។ នៅប្រទេសប្រជាធិបតេយ្យជាច្រើនក៏មានទម្រង់ដូចគ្នានេះដែរ។លោកបន្ថែមថា វាជាមេរៀនដ៏ល្អសម្រាប់ការចែករំលែកដល់ថ្នាក់ដឹកនាំជំនាន់ក្រោយបានយល់ពីអ្វីដែលជាការដឹកនាំល្អនិងអ្វីដែលជាការដឹកនាំមិនល្អ។ ចំណុចនេះ គឺសំខាន់ណាស់សម្រាប់រដ្ឋាភិបាល ទោះមកពីគណបក្សនយោបាយណាក៏ដោយ។លោកថា៖ «ប្រសិនបើមិនប្រើប្រាស់អ្នកនយោបាយជើងចាស់ឬមន្ត្រីមានសមត្ថភាពដែលបានចូលនិវត្តន៍ទេ នោះជាការបាត់បង់ធនធាននិងខាតប្រយោជន៍របស់ប្រទេសជាតិ»៕Khmer Times
Post a Comment