កម្ពុជាស្វាគមន៍ជើងហោះហើរចិនដំបូងមកកាន់ខេត្តសៀមរាប
ក្រសួងទេសចរណ៍កម្ពុជាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថាកម្ពុជាបានស្វាគមន៍ការបើកជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ទៅកាន់ខេត្តខេត្តសៀមរាប។សេចក្តីថ្លែងការណ៍បានបន្តថាក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជើងហោះហើរលេខ MU2091 ដែលដឹកភ្ញៀវទេសចរចិនប្រមាណ១៣២នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបពីទីក្រុងសៀងហៃ កាលពីយប់ថ្ងៃសុក្រ ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទេសចរណ៍។លោក តុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានស្វាគមន៍ភ្ញៀវទេសចរនៅពេលមកដល់ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងសៀងហៃ និងខេត្តសៀមរាប នៅថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍។លោកបានបន្តថា “ការត្រលប់មកវិញរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន គឺជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩”។លោកបានបន្ថែមថា កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៤ លាននាក់ រួមទាំងភ្ញៀវទេសចរចិនពី ៨០០,០០០ ទៅ១លាននាក់នៅឆ្នាំ២០២៣។របាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពទេសចរបរទេសដ៏ធំបំផុតមកកាន់ប្រទេសកម្ពុជាមុនពេលមានជំងឺរាតត្បាត។ របាយការណ៍បានបន្តទៀថា កម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន ២.៣៦ លាននាក់ក្នុងឆ្នាំ២០១៩ ស្មើនឹង ៣៥.៧ ភាគរយនៃចំនួនភ្ញៀវទេសចរសរុប និងរកប្រាក់ចំណូលបានប្រមាណ១.៨ ពាន់លានដុល្លារ។ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ការត្រលប់មកវិញនៃភ្ញៀវទេសចរចិនបានផ្តល់ “ក្តីសង្ឃឹមខ្ពស់” សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេស និងកំណើនសេដ្ឋកិច្ចក្នុងយុគសម័យក្រោយជំងឺរាតត្បាត។លោកស្រីបានប្រាប់ Xinhua ថា “ខ្ញុំគិតថាឧទ្យានបុរាណអង្គរ និងតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ នឹងនៅតែជាគោលដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចិន”។វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរហូតដល់ ៦.៦១លាននាក់ក្នុងឆ្នាំ២០១៩ដែលបង្កើតប្រាក់ចំណូលសរុបចំនួន ៤.៩២ពាន់លានដុល្លារ៕Xinhua/KhmerTimes
ពិធីទទួលស្វាគមន៍ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ចេញពីទីក្រុងសៀងហៃ ហោះត្រង់មកកាន់ខេត្តសៀមរាប។ រូបថតសហការី
Post a Comment