ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះកសាងការពារ និងអភិវឌ្ឍន៍ជាតិ

 ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជន​កម្ពុជា ​គឺការបម្រើសង្គ្រោះ កសាង ការពារ ​និងអភិវឌ្ឍន៍ជាតិ​ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរស់​នៅ​ប្រកបដោយក្តីសុខសាន្ត ​ហើយគ្រប់មូលដ្ឋានភូមិស្រុកនៅទូទាំងប្រទេស ក៏ទទួលបានការ​អភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព។

ក្នុងន័យនេះសូមមន្ត្រីរបស់គណបក្សប្រជាជនគ្រប់រូប ​បន្តចូលរួមបម្រើ រែកពន់ និងសម្រេចភារកិច្ច និងសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត​ ដើម្បីនាំស្នាមញញឹមជូនប្រជាជនយើង។ ​ខ្មែររួមគ្នា ខ្មែរកាន់​តែរីកចម្រើន ​និងអាចរស់នៅជាមួយគ្នាដោយភាព​សុខដុមរមនា ​និងសុភមង្គល។

ការបញ្ជាក់នេះ ​ក្នុងពិធីបើកការដ្ឋានសាងសង់​ផ្លូវបេតុង​ចំនួន ២ខ្សែ ប្រវែងប្រមាណ​ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ​ខេត្តត្បូងឃ្មុំ ​កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសូមអរគុណចំពោះប្រជាពលរដ្ឋស្រុកក្រូចឆ្មារ​ដែល​តែងជឿទុកចិត្តមកលើ ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ​តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង​សកម្មភាពនានា ​ ជាពិសេសការស្ម័គ្រចិត្តទទួលចាក់វ៉ាក់សំាង​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដែលជួយ​ឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍​បានយ៉ាងលឿន និង​ស្ថិតក្នុងចំណោមប្រទេស​ដែលបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ​ បានមុនគេ រហូត​ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ យ៉ាងលឿនពីវិបត្តិនៃជំងឺកូវីដ-១៩៕









Powered by Blogger.