កិច្ចព្រមព្រៀងចំនួន២នឹងត្រូវចុះហត្ថលេខានៅចំពោះមុខលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
កិច្ចព្រមព្រៀងចំនួន២ស្តីពីការជ្រើសរើសពលករកម្ពុជានឹងត្រូវចុះហត្ថលេខានៅចំពោះមុខលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅប្រទេសកម្ពុជា។នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជានិងជាទស្សនកិច្ចក្រៅប្រទេសជាលើកទី៧ររបស់លោកចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន។លោក Zambry Abdul Kadir រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។លោកនាយករដ្ឋមន្រ្តី Anwar នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ហើយនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ស្តីពីការជ្រើសរើសពលករកម្ពុជា។លោក Anwar Ibrahim នឹងចូលរួមជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ិស្លាមផងដែរ។ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim បាននិយាយថាទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រទេសទាំង២បានធ្វើឱ្យស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញជួយសង្គ្រោះប្រជាជនម៉ាឡេស៊ីចំនួន២៨៦ នាក់ដែលបានចាញ់បោកក្រុមឆបោកការងារ។លោកបានបន្តថា៖ «នៅឆ្នាំ ២០២២ យើងបានសង្គ្រោះមនុស្សចំនួន២៥០ នាក់តាមរយៈការសម្របសម្រួលល្អរវាងស្ថានទូតម៉ាឡេស៊ីនិងនគរបាលកម្ពុជា។មានជនជាតិម៉ាឡេស៊ីប្រហែល ៥,០០០នាក់នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាអ្នកជំនួញជោគជ័យ។ លោកបានបន្ថែមថាមានក្រុមហ៊ុនម៉ាឡេស៊ីប្រហែល ៤០០ កំពុងប្រតិបត្តិការនៅកម្ពុជា៕freemalaysiantoday/Khmer Times
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Seri Anwar Bin Ibrahim។ Bernama/KhmerTimes
Post a Comment