រដ្ឋាភិបា​​ល​សម្រេចផ្ដល់​ប្រា​ក់ឧបត្ថម្ភ​ដ​ល់ស្ត្រី​ដែ​ល​​ជាកម្មការិនី​ចំនួ​ន​២៦០០០​នាក់ដែល​រោ​ងចក្រត្រូវបា​​នព្យួរ​ការ​ងារ

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមាន​ប្រសាសន៍បញ្ជូនសារទៅកាន់ស្ត្រីដែលជាកម្មការិនីចំនួន២៦០០០នាក់ ក្នុងចំណោម​កម្មករ៣២០០០នាក់ដែលរោងចក្រចំនួន៧១បានព្យួរការងារថា  រាជរដ្ឋាភិបាលបាន​សម្រេច​ផ្ដល់ប្រាក់ឧបត្ថម្ភដូចកាលពីសម័យកូវីដ ដល់រោងចក្រដែលត្រូវព្យួរការងារដោ​មូលហេតុជុំវិញការបញ្ជាទិញពីខាងក្រៅនោះ។ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោម មូល​បទ​ «ស្ត្រីរួមគ្នាធ្វើរក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នាព្រឹក​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចហ៊ុន សែន បានថ្លែងថា៖ « ខ្ញុំសូមបញ្ជូនសារទៅកាន់ស្ត្រីចំនួន ២៦ ០០០ នាក់ ក្នុងចំណោមកម្មករកម្មការិនី ដែល​កំពុង​បាត់បង់ការងារធ្វើចំនួន ៣២ ០០០ នាក់ ថា ម្សិលមិញនេះ ខ្ញុំបានចុះហត្ថ​លេខាពាក់​ព័ន្ធទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភនៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរការងារ»។ដូច្នេះសម្ដេចបានសម្រេចរួចហើយ ដែលកម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដដែលរោងចក្រត្រូវព្យួរការងារ។ សម្ដេចបានថ្លែងឱ្យដឹង​ដែរ​ថាក្នុងពេលដែលយើងបាត់បង់ការងារចំនួន៧១រោងចក្រ ដែលមានកម្មករ​ចំនួន ៣២០០០នាក់ ក្នុងនោះស្ត្រីចំនួន ២៦ ០០០ នាក់ បែរជានៅខេត្តកំពង់ស្ពឺខ្វះកម្មករ​ប្រមាណ​ជា៣ម៉ឺននាក់ទៅវិញ។ដូច្នេះចំណុចនេះ ស្នើឱ្យក្រសួងការងារយកចិត្តទុកដាក់ដើម្បី​ជ្រើស​រើសកម្មករដើម្បីឱ្យស្ត្រីអាចទទួលបាននូវផលប្រយោជន៍។ ជាមួយគ្នានេះដែរ សម្ដេចក៏បានណែនាំឱ្យបង្កើននូវប្រាក់សម្រាប់ស្ត្រីដែលមានផ្ទៃពោះ ឆ្លងទន្លេ រហូត​ដល់កូនមានអាយុ២ឆ្នាំផងដែរ។ក្នុងពិធីនេះដែរនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូ​ពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូប ចូលរួមគាំទ្រ​និងអនុវត្តន៍ការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី លើកិច្ចការអាទិភាព ដែលក្នុងនោះ  គ្រប់ក្រសួង ស្ថាប័ន បន្តយកចិត្តទុកដាក់ និងជំរុញបញ្ជ្រាបយេនឌ័រ នៅក្នុង​ក្របខណ្ឌគោលនយោបាយកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់នានា ក្របខណ្ឌជាតិគាំ​ពារ​សង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងការអភវឌ្ឍបៃតង។ ទន្ទឹមនេះ បន្តលើកកម្ពស់ការ​ចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យ​ឯកជន។ ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធ បង្កើនការវិនិយោគ ក្នុងការ​ពង្រឹង​សក្ដានុពលរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង តាមរយៈការ​អភិវឌ្ឍ​សហគ្រិនភាពរបស់ស្ត្រី ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី ការគាំទ្រដល់​សេដ្ឋ​កិច្ចដែលគិតគូពីសុខុមាលភាព និងការលើកម្ពស់កម្មវិធីតុល្យភាពជីវិត ការងារនិង​គ្រួសារ។  ជាមួយគ្នានេះដែរ បង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា ដើម្បីលុបបំបាត់គម្លាត​យេនឌ័រ ក្នុងវិស័យឌីជីថល និងការពង្រីកកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជន និង​ស្ត្រី។នាយករដ្ឋមន្រ្ដីបានជំរុញឱ្យបន្តដាក់ចេញនូវវិធានការ និងមធ្យោ​បាយ​សមស្របនានា ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សជានារី នៅកម្រិតឧត្ដមសិក្សា និង​ក្រោយឧត្ដមសិក្សា។ បន្តទប់ស្កាត់រាល់ទម្រង់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការ​អនុវត្តផែនការសកម្មភាពជាតិ ទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាព និងគុណ​ភាព​នៃសេវាឆ្លើយតបជាពហុវិស័យ ជួយជនរងគ្រោះ ការផ្ដល់សេវាផ្នែកច្បាប់ដោយ​ឥត​គិត​ថ្លៃ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។ បន្តលើកកម្ពស់សីល​ធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាព កម្មវិធីមាតា បិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន និងពង្រីកវប្បធម៌អហិង្សា ព្រមទាំងកសាងគ្រួសារប្រកប​ដោយ​សុខ​ដុមរម្យនា។ បន្តអនុវត្តន៍វិធានការគាំពារសង្គម ប្រកបដោបរិយាប័ន្ន តាមរយៈ​ការពង្រីវិសាលភាពអនុវត្តក្របខណ្ឌគាំពារសង្គម ឱ្យដល់ក្រុមជនងាយរងគ្រោះ និងបាត់​បង់ឱកាសផ្សេងៗក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងគាំទ្រ​សុខុ​មាលភាពរបស់មាតា និងទារក ដើម្បីធានាបានការសម្រេចនូវការគ្របដណ្ដប់​សុខ​ភាព​ជា​សកល សំដៅធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕AKP

សម្តេចហ៊ុនសែនបានអញ្ជើញបន្តសួរសុខទុក្ខនិងផ្តល់ថវិកាមួយចំនួនដល់កូនក្មួយស្រ្តីកម្មករមានផ្ទៃពោះ៦៨៩នាក់ដើម្បីទុកដោះស្រាយពេលសំរាលកូននាពេលកន្លងមក។សហការី

Powered by Blogger.