សមយុទ្ធនា​​គ​មាសក​ម្ពុជា​-ចិនឆ្នាំ២០២​​៣​ចាប់ផ្តើមហើ​យ

 នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ កងទ័ពកម្ពុជា-ចិន បានបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ជាលើកទី៥ដែលសមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ សមយុទ្ធនាគមាសឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំង២កម្ពុជា-ចិន» ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីបើកសមយុទ្ធនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។សមយុទ្ធនាគមាសលើកទី៥នេះធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និង ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោល បំណង គំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បាន ឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជាមានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំង២ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។អ្នកនាំពាក្យរូបនេះបន្តថា សមយុទ្ធនេះគឺជាការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើន ក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។សូមបញ្ជាក់ថា សមយុទ្ធនាគមាស រវាងកម្ពុជា-ចិន ធ្វើឡើងចំនួន ៤លើករួចមកហើយ។ ការធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ឆ្នាំ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿង ញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែប្រទេសទាំង២ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕AKP




AKP

Powered by Blogger.