កីឡាទ្រី​យ៉ា​ត្លុង៖៧ប្រ​ទេស​ត្រៀមចូលរួមប្រជែង​​មេដាយស៊ីហ្គេមឆ្នាំ២០​២៣​នៅកម្ពុជា

ប្រភេទកីឡាទ្រីយ៉ាត្លុងដែលមាន៣វិញ្ញាសាបូកបញ្ជូលគ្នាគឺហែលទឹក ជិះកង់និងរត់​ប្រណាំងដោយគិតមកដល់ត្រឹមថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ មានប្រទេសចំនួន៧​បានចុះឈ្មោះជាផ្លូវការត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើក​ទី៣២ដែលគ្រោងនឹងដំណើរការពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។លោកងិនសុខបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូស​បញ្ជាក់​ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា ប្រតិភូ គ្រូបង្វឹក អត្តពលិក លើ​ប្រភេទ​កីឡាទ្រីយ៉ាត្លុង ច្រើនជាង១០០នាក់មកពី៧ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា បាន​ចុះ​ឈ្មោះចូលរួមប្រកួតប្រជែងមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ដោយ​ប្រភេទ​កីឡាទ្រីយ៉ាត្លុងនឹងធ្វើឡើងនៅខេត្តកែប ដែលជាខេត្តដ៏មានសក្តានុពល និង​អំណោយផលខ្លាំង សម្រាប់វិញ្ញាសាហែលទឹក (សមុទ្រ) រួចបន្តជិះកង់ និងចុងក្រោយរត់​ប្រណាំង។ លោកបន្ដថា ប្រភេទកីឡាទ្រីយ៉ាត្លុងមានប្រតិភូគ្រូបង្វឹក អត្តពលិក សរុប ១១៧​នាក់ ក្នុងនោះមានគ្រូបង្វឹក ២២នាក់ ប្រតិភូ៧នាក់ និងកីឡាករ កីឡាការិនី ៨៨នាក់ មកពី​៧ប្រទេស រួមមាន៖ ម្ចាស់ផ្ទះ កម្ពុជាវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន។សូមជម្រាបជូនថាសម្រាប់វិញ្ញាសាដែលដាក់ឱ្យប្រកួតជាផ្លូវការមានចំនួន ៧ រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី មានវិញ្ញាសាហែលទឹក ៧៥០ម៉ែត្រ+ជិះកង់ ២០​គីឡូម៉ែត្រ+រត់ប្រណាំង ៥គីឡូម៉ែត្រ។ វិញ្ញាសាឌូយ៉ាត្លុង បុរស-នារី មានរត់ប្រណាំង​៥គីឡូម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ ចំពោះវិញ្ញាសា​អាគ័ត​ត្លុង​​បុរស-នារី មានហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ និងវិញ្ញាសា​អាគ័ត្លុង បណ្តាក់ចម្រុះ (Aquathlon Mixed Relay) ហែលទឹក៥០០ម៉ែត្រ+រត់ប្រណាំង ២,៥​គីឡូម៉ែត្រ។ សម្រាប់កម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកែប។លោកអគ្គលេខាធិការ ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា ដើម្បីត្រៀមទទួលរៀបចំ​ការ​​ប្រកួតកីឡាអូឡាំពិក ដ៏ពេញនិយមមួយនេះឱ្យដំណើរការដោយរលូន ក្នុងនាមជា​ម្ចាស់​ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺផ្នែកគណៈកម្មការរៀបចំ​ត្រូវ​បាន​ចែក​ចេញ​ជាពីរផ្នែកធំៗគឺគណៈកម្មការអន្តរជាតិ (ITO) ចំនួន១៥នាក់ និងមន្ត្រី​គណៈ​កម្មការជាតិ(NTO (៦០នាក់ ស្របពេលដែលយុវជនស្ម័គ្រចិត្តដែលចូលរួមគាំទ្រ​ជួយ​សម្របសម្រួលដល់ប្រភេទកីឡាទ្រីយ៉ាត្លុងនៅខេត្តកែបនេះមានចំនួន ៥០នាក់ ផ្សេង​ទៀត។ ជាមួយគ្នានេះ លោកអគ្គលេខាធិការរូបនេះបានលើកឡើងដែរថា​ សម្រាប់ការ​ហ្វឹក​ហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាក៏ត្រូវបានជំរុញលើកទឹកចិត្ត​ឱ្យខិតខំអស់ពីសមត្ថភាពដូចគ្នាផងដែរដើម្បីគោលដៅជំរុញឱ្យសិទ្ធផលរបស់ក្រុមជម្រើសជាតិកាន់តែមោះមុតក្នុងគុណភាពបច្ចេកទេស ឱ្យកាន់តែល្អប្រសើរដើម្បីឆ្ពោះទៅដណ្តើម​មេដាយ​ជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេមជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈ​ពេល ៦៤ឆ្នាំ៕AKP



Powered by Blogger.