លោកប្រាជ្ញ​ចន្ទ​នឹ​ងប្រា​ប់ភា​គី​អឺរ៉ុប​អំពីកា​រត្រៀមខ្លួនរ​ប​ស់កម្ពុជាក្នុងកា​ររៀបចំដំណើ​រការ​បោះឆ្នោតក្នុង​ខែកក្កដា

 ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោកប្រាជ្ញ ចន្ទនឹងលើកឡើងប្រាប់ភាគីអឺរ៉ុបតាមរយៈបារាំងអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំដំណើរការបោះឆ្នោតក្នុងខែកក្កដា។ការ​លើកឡើងបែបនេះគឺធ្វើឡើងនៅក្នុងអំឡុងពេលលោកទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមីនា។នៅក្នុងសន្និសីទសារព៏ត៌មានកាលពីថ្ងៃទី១៣ខែមីនា មុនដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសង្កេតមើលប្រព័ន្ធបោះឆ្នោតនៅបារាំង លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា គ.ជ.ប នឹងបង្ហាញអំពីការត្រៀមរៀបចំការបោះឆ្នោតនៅកម្ពុជាទាំងពេលមុន និងនៅពេលខាងមុខដើម្បីឲ្យ​បារាំងក៏ដូចជាសហភាពអឺរ៉ុបបានយល់ និងបន្តគាំទ្រការបោះឆ្នោតនៅកម្ពុជាតទៅទៀត។ ការលើកឡើងយ៉ាងដូច្នេះគឺតបនឹងសំណួររបស់អ្នកសារព័ត៌​មាន ដែលបានចោទសួរអំពីតម្រូវការរបស់អឺរ៉ុបចង់បានលំហសេរីភាព ប្រ​ជាធិបតេយ្យសេរីពហុបក្ស ក្នុងពេលបោះឆ្នោតនៅកម្ពុជា។ប្រធាន គ.ជ.ប រូបនេះ បានអះអាងថាការរៀបចំការបោះឆ្នោតនៅកម្ពុជា ទាំងសកល និងអសកល ពីមុនមកទល់បច្ចុប្បន្ននេះ គឺដំណើរការប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការ​ណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ដូច្នេះហើយទើបលោក ប្រាជ្ញ ចន្ទ សង្ឃឹមថា សហភាពអឺរ៉ុបក៏ដូចភាគីបារាំងនឹងបន្តគាំទ្រដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។ពិសេសគាំទ្រការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ដែលនឹងប្រព្រឹត្តធ្វើនៅខែកក្កដា​ខាង​មុននេះ។ការលើកឡើងរបស់លោក ប្រាជ្ញ ចន្ទនេះ ត្រូវបានគេកត់សម្គាល់ឃើញផងដែរថាដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមរិក សហភាពអឺរ៉ុបជាដើម បានរិះគន់ថា មិនបានឆ្លុះបញ្ចាំងពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយបន្ទាប់ពីមានការរំលាយអតីតគណបក្សសង្រ្គោះជាតិ។ចាប់ពីពេលលនោះមកសហភាពអឺរ៉ុបឈប់គាំទ្រដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។សូមបញ្ជាក់ថា លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមីនា​។ ការទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងរបស់ គ.ជ.ប គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងនាំធាតុចូលជាវិជ្ជមាន មកបំពេញនូវទម្រង់ខ្វះខាតនៃការបោះឆ្នោតនៅកម្ពុជា៕RFI


ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោកប្រាជ្ញ ចន្ទ។សហការី
Powered by Blogger.