ប្រមុខរដ្ឋាភិបាលកម្ពុជាព្រមានបរទេសកុំឲ្យគាំទ្រក្រុមអ្នកធ្វើ«បដិវត្តន៍ពណ៌»
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែននៅថ្ងៃនេះបានព្រមានដោយមិនបញ្ចេញឈ្មោះទៅលើប្រទេសខ្លះដែលសម្តេចបន្ទោសថាបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចសីហនុដែលនាំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមរាប់ទស្សវត្ស។ការព្រមាននេះធ្វើឡើងក្រោយពេលដែលតុលាការកាត់ទោស លោកកឹម សុខា២៧ឆ្នាំក្រោមបទឃុបឃិតជាមួយបរទេសហើយញាំងឲ្យមានប្រតិកម្មពីសហគមន៍អន្តរជាតិពិសេសអាមេរិកនិងសហភាពអឺរ៉ុប។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃទី៦មីនាប្រមុខរដ្ឋាភិបាលកម្ពុជាបានព្រមានជាថ្មីទៀតថា «នឹងមិនអត់ឱន»ឲ្យសកម្មភាពណាទាំងអស់ទោះក្នុងតម្លៃណាក៏ដោយចំពោះអ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា។សម្តេចហ៊ុន សែន បានស្តីបន្ទោសថាបរទេសខ្លះថាបានសំដែងកង្វល់ចំពោះកម្ពុជាខណៈដែលកម្ពុជាសន្តិភាពទៅហើយតែពួកគេមានកំហុសក្នុងការគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចសីហនុក្នុងឆ្នាំ១៩៧០ ដែលបានដុតប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមរាប់ទស្សវត្ស។បើតាមសម្តេច ហ៊ុន សែន គឺដល់ពេលដែលលោកត្រូវតែនិយាយអំពីប្រទេសខ្លះដែលគាំទ្ររបបខ្មែរក្រហមអស់រយៈពេល១២ឆ្នាំនៅអង្គការសហប្រជាជាតិ ខណៈប្រទេសនោះតែងតែបង្ហាញកង្វល់ពីបញ្ហាសន្តិសុខរបស់ខ្លួនករណីកំពង់ផែសមុទ្ររាមរបស់កម្ពុជា។ប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងថា លោកបានដឹងពីចេតនារបស់បរទេសដែលចង់បំផ្លាញកម្ពុជាតាមរយៈការផ្តល់ព័ត៌មានពីយុវជនមួយចំនួនដែលទៅចុះចូលជាមួយរដ្ឋាភិបាលថ្មីៗនេះ។គួរកត់សំគាល់ថា ការព្រមានរបស់សម្តេចហ៊ុន សែន គឺធ្វើឡើងក្រោយពេលដែលតុលាការកាត់ទោស លោក កឹម សុខា ២៧ឆ្នាំក្រោមបទឃុបឃិតជាមួយបរទេស ហើយញាំងឲ្យមានប្រតិកម្មពីសហគមន៍អន្តរជាតិពិសេស អាមេរិក និងសហភាពអឺរ៉ុប។សហភាពអឺរ៉ុបដែលជាបណ្តុំប្រទេសសេរីចំនួន២៧ បានទាមទារឲ្យដោះលែងលោក កឹម សុខាជាបន្ទាន់ដោយឥតលក្ខខណ្ឌ ខណៈក្រសួងការបរទេសអាមេរិក បានបរិយាយ ការផ្ដន្ទាទោសលោក កឹម សុខា ថាជាផ្នែកមួយនៃគំរូធំជាងនៃការគំរាមកំហែងការយាយី និងសកម្មភាពមិនអាចទទួលយកបានផ្សេងទៀតរបស់អាជ្ញាធរកម្ពុជា ដើម្បីកំណត់គោលដៅលើមេដឹកនាំគណបក្សប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ ក្រសួងការបរទេសអាមេរិកបានទាមទារជាបន្តបន្ទាប់ដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់លោក កឹម សុខា និងប្រជាពលរដ្ឋកម្ពុជា៕RFI
Post a Comment