នាយក​រដ្ឋមន្រ្តីហ៊ុន​សែន​អំពាវនាវឲ្យសប្បុរស​ជ​នចូលរួមក​សា​ងកន្លែង​ស្នាក់នៅ​​សម្រាប់​សិស្សស្រី​ក្រីក្រនៅ​គ្រប់​កម្រិតម​ធ្យមសិក្សា

 សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានអំពាវនាវឲ្យសប្បុរសជនចូលរួមវិភាគទានកសាងអន្តេវេសិកដ្ឋានសម្រាប់សិស្សស្រីនៅជនបទតាមវិទ្យាល័យនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគម្លាតនៃវិសមភាពរវាងសិស្សនៅតំបន់ជនបទនិងទីក្រុង។ ការអំពាវនេះ ធ្វើឡើងនៅថ្ងៃទី៧ខែមីនាក្នុងពិធីអបអរសាទរទិវា​អន្តរជាតិ​នារី ៨មីនាខួបលើកទី១១២នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ដោយគិតគូរទៅលើសិស្សស្រីនៅជនបទ ដែលគ្មានលទ្ធភាពមកបន្តការសិក្សានៅកម្រិតមធ្យមសិក្សាក៏ដូចជាខ្វះកន្លែងស្នាក់នៅ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានលើកទឹកចិត្តឲ្យមានការកសាងអន្តេវេសិកដ្ឋានបន្ថែមទៀតនៅតាមសាលាកម្រិតមធ្យមសិក្សានៅទូទាំងប្រទេស សម្រាប់សិស្សស្រីនៅតាមជនបទ ជាពិសេសសិស្សក្រីក្រ។ ត្រង់បញ្ហានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានស្រ្តីនៅមធ្យមសិក្សាទេក៏គ្មានស្រ្តីនៅឧត្តមសិក្សានោះដែរ។បើតាមប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជារូបនេះការធ្វើដូច្នេះដើម្បីកាត់បន្ថយគម្លាតនៃវិសមភាពរវាងសិស្ស​នៅតំបន់ជនបទនិងទីក្រុងនិងជម្រុញក៏ដូចជាលើកកម្ពស់សិទ្ធិស្ត្រីឲ្យទទួលបានការសិក្សាកាន់តែខ្ពស់ផងដែរ។ សម្តេចហ៊ុន សែន បានអះអាងផងដែរថា ការកសាងអន្តេវេសិកដ្ឋាននេះរដ្ឋាភិបាលបានធ្វើរួចមកហើយសម្រាប់សិស្សក្រីក្រនិងគ្រូដោយការកសាងនេះចំណាយថវិការដ្ឋសុទ្ធសាធដូច្នេះហើយទើបសម្តេចអំពាវនាវឲ្យសប្បុរសជននានាចូលរួមវិភាគទានកសាងបន្ថែមទៀត។ទាក់ទិនទៅនឹងការអំពាវនាវឲ្យសប្បុរសជនចូលរួមវិភាគទានកសាងអន្តេវេសិកដ្ឋាននៅកម្រិតមធ្យមសិក្សាទូទាំងប្រទេស សម្រាប់សិស្សស្រីនៅជនបទនេះ អ្នកស្រី អ៊ុក ឆា​យ៉ាវី​ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គាំទ្រផងដែរ។ ប៉ុន្តែការគិតគូរនេះធ្វើឲ្យមានប្រសិទ្ធភាពមិនមែនធ្វើសម្រាប់តែមុនការបោះឆ្នោតឡើយ។ជាមួយគ្នានេះអ្នកស្រីក៏ចង់ឃើញការស្នាក់នៅរបស់សិស្សស្រីនៅតាមសាលា សូមឲ្យមានការគិតគូរពីសុវត្ដិភាពរបស់គាត់ ព្រោះករណីចាប់រំលោភ ការគំរាមកំហែងពីបុគ្គលខិលខូចកើតមានលើសិស្សស្រីមួយចំនួន ធ្វើឲ្យឪពុកម្ដាយរបស់ពួកគេខ្លាចរអាទិ៍មិនទុកចិត្ត បញ្ជូនកូនមករៀនឡើយ​។សូមបញ្ជាក់ថាការកសាងអន្តេវេសិកដ្ឋានសម្រាប់សិស្សក្រីក្រនិងគ្រូ នៅកម្រិតមធ្យមសិក្សានៅទូទាំងប្រទេសនេះគឺជាផ្នែកមួយជួយសម្រួលដល់ជីវភាពសិស្សក្រីក្រមកពីជនបទពិសេសសិស្សស្រីអាចមកបន្តការសិក្សានៅថ្នាក់វិទ្យាល័យបានខណៈមានសិស្សស្រីខ្លះត្រូវបានគេកត់សម្គាល់ឃើញថាបានបោះ​​បង់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ ដោយសារខ្វះលទ្ធភាព និងខ្វះកន្លែងស្នាក់នៅជាដើម៕RFI



Powered by Blogger.