សភាកម្ពុ​ជាឆ្លើយតប​សេ​​ចក្តី​សម្រេច​​របស់​​សភា​អឺរ៉ុប

  សភាកម្ពុជានៅល្ងាចថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេច2023/2589(RSP)របស់សភាអឺរ៉ុបដែលមិនគោរពអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។សេចក្តីថ្លែងការណ៍ទាំងស្រុងមានខ្លឹមសារដូចខាងក្រោម៖

«សភានៃព្រះរាជាណាចក្រកម្ពុជាសម្តែងការខកចិត្តចំពោះសេចក្តីសម្រេច 2023/2589 (RSP)នៃសភាអឺរ៉ុប ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការមិនគោរពរបស់សភាអឺរ៉ុបចំពោះឯករាជ្យភាព និងអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។យើងច្រានចោលសេចក្តីសម្រេចដែលបានលើកឡើងនេះដែលមានខ្លឹមសារជាការរំលោភយ៉ាងច្បាស់លាស់នៃសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ។ ដោយយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន ជាពិសេសក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ យើងសូមបញ្ជាក់សារជាថ្មីម្តងទៀតនូវជំហររបស់យើង ស្របតាមការឆ្លើយតប និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ​នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដែលបានសង្កត់ធ្ងន់ថា ‘ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចកែតម្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ’។យើងច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដែលមានចែងក្នុងសេចក្តីសម្រេចនិងសូមបរិហារទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេងនិយមនៃសភាអឺរ៉ុបចំពោះការរំលោភនយោបាយ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋតូចជាង និងខ្សោយជាង ដោយមើលរំលងទាំងស្រុងចំពោះតម្លៃនៃ លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន។យើងសង្កេតឃើញដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលសភាអឺរ៉ុប ជាពិសេសក្រុមឆ្វេងនិយមជ្រុលដែលបានបំពងសំឡេងយ៉ាងខ្លាំងក្នុងនយោបាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃមកធ្វើជានយោបាយទោះបីជាត្រូវលះបង់តម្លៃនៃសន្តិភាពស្ថិរភាពភាពសុខដុមរមនាសង្គមនិងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនោះក៏ដោយ។ ទោះបីជាមិនអាចទទួលយកបាននូវទង្វើទាំងនេះក៏ដោយ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងប្រជាជនអឺរ៉ុបសម្រាប់ការគាំទ្ររបស់ពួកគេក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចក្រោយការឆ្លងកូវីដ-១៩។យើងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលបង្កើតឡើងនៅលើសសរស្តម្ភនៃភាពជាដៃគូ និងអធិបតេយ្យភាពស្មើភាព។យើងរំលឹកឡើងវិញនូវតួនាទីស្ថាបនារបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងការលើកកម្ពស់ពហុភាគីនិយម និងនីតិរដ្ឋ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផលល្អនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ១១ (ASEP11) ក្នុងឆ្នាំ២០២១ និងការសន្ទនាលើកទី២ រវាងសភាអឺរ៉ុប និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានប្រព្រឹត្តទៅក្នុងមហាសន្និបាត AIPA លើកទី៤៣ នៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ឈរលើមូលដ្ឋាននោះយើងជំរុញឱ្យសមាជិកសភាអឺរ៉ុបទាំងអស់ មកពីក្រុមផ្សេងៗគ្នា ខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនាដោយស្មោះ បើកចំហ និងប្រកបដោយបរិយាប័ន្នជាមួយព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត ការយោគយល់ និងផលប្រយោជន៍គ្នា ដើម្បីបុព្វហេតុសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម៕AKP/Khmer Times



Powered by Blogger.