សម្តេចហ៊ុន ​សែន​ក្រើនរម្លឹក​​អក្ខរាវិរុទ្ធដល់​រ​ដ្ឋមន្ដ្រី​​ទាំងឡាយ

សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានក្រើនរម្លឹកក៏ដូចជាការដាស់តឿនដល់រដ្ឋមន្ដ្រីទាំងឡាយមុនចុះហត្ថលេខាលើ​ឯកសារ​អ្វី​មួយត្រូវពិនិត្យអក្ខរាវិរុទ្ធឬថ្ងៃ ខែ ឆ្នាំ ឱ្យបានច្បាស់លាស់មុនបញ្ជូនមកនាយករដ្ឋមន្ដ្រីដើម្បីសម្រេច។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះសូមនិយាយ​ឱ្យចំៗ​តែ​ម្តង​ពី​ចំណាររបស់សម្ដេចក្រែងចំណារប៊ិកក្រហមមិនបានទៅដល់រដ្ឋមន្ត្រីផ្ទាល់ ខណៈ​ប៊ិកក្រហមរបស់សម្ដេចទៅច្រើនណាស់ តែនៅដដែល។ សម្ដេចបានបន្ដថា មុនពេលចុះហត្ថលេខាលើឯកសារណាមួយសូមរដ្ឋមន្រ្ដីពិនិត្យឱ្យបានច្បាស់ទៅលើ​អក្ខរា​វិរុទ្ធនិងកាលបរិច្ឆេទជាដើម។ សម្ដេចបានថ្លែងបញ្ជាក់ថា៖«ខ្ញុំសូមអង្វរក ឱ្យលោក​រដ្ឋ​មន្ត្រីទាំងឡាយ ឯកឧត្ដម លោកជំទាវ ជារដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាមើលឱ្យ​ច្បាស់​មើល តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី អានេះផ្ញើមកនាយករដ្ឋមន្ត្រីណាមិនមែនផ្ញើទៅ​ណា​​ទេទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រីត្រូវធ្វើឱ្យច្បាស់ ក្រែងចំណារក្រហម មិន​ដល់រដ្ឋមន្ដ្រីហ្នឹងវិញ»។ ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានសង្កេតឃើញថា មាន​ក្រសួងចំនួន៤ ធ្វើកិច្ចការងារបានល្អ ក្នុងនោះ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានព្រមានទម្លាយ​លិខិត​រដ្ឋមន្ត្រីណា ដែលមានកំហុសឆ្គងតាមបណ្តាញសង្គមផងដែរ។ទន្ទឹមនេះ សម្ដេចក៏​បានរម្លឹកពីភាពខុសឆ្គងនៃការធ្វើលិខិតពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាតនៅកំពង់ស្ពឺ របស់​ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។  ជាងនេះទៅទៀត សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រី ដែលដឹងថា ខ្លួនឯងមានចំណេះដឹងនៅខ្វះខាត ដើម្បីឆ្លើយតបនឹងការបំពេញការងារប្រចាំថ្ងៃសូម​អញ្ជើញ​ទៅរៀនឡើងវិញនៅសាលាភូមិន្ទរដ្ឋបាលដោយចាប់ផ្តើមពីកម្រិតដែល​ខ្លួនឯង​ខ្វះខាតតែម្តង៕AKP



Powered by Blogger.