សម្ដេចតេជោ ប្រាប់ទៅលោកស្រី ទ្រី ដាណា ថាការតាំងបង្ហាញនិងផ្សព្វផ្សាយវប្បធម៌មិនខុសទេ តែបើខុសក្បួនខ្នាតស្មើបំផ្លាញ
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការតាំងបង្ហាញសិល្បៈវប្បធម៌ខ្មែរជារឿងល្អ តែវាជាគ្រោះថ្នាក់ប្រសិនជាការតាំងបង្ហាញនោះមិនគោរពនូវទម្រង់ដើមនៃសិល្បៈ។
ស្តាប់សម្លេង៖
ថ្លែងក្នុងសារសំឡេងពិសេសនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោកស្រី ទ្រី ដាណា ឱ្យគោរពនូវការសម្រេចរបស់ក្រសួងវប្បធម៌ និងសហការជាមួយក្រសួងដើម្បីដំណើរការបង្ហាញនូវការស្លៀកពាក់ បែបប្រពៃណីខ្មែរឱ្យត្រូវតាមទម្រង់ដើម។ សម្ដេច ថា៖ «ការតាំងវាជាការល្អដើម្បីផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ ក៏ប៉ុន្ដែប្រសិនជាការតាំងណា មួយខុសនូវទម្រង់វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ ដូច្នេះមិនតាំងវាល្អជាងតាំង! សូមឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានហ្មត់ចត់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបើសិនជាមានតម្រូវការសុំស្នើឱ្យក្រសួងវប្បធម៌បញ្ជូនអ្នកបច្ចេកទេសឱ្យពិនិត្យមើលក្នុងទីតាំងនោះតែម្ដង»។
សម្ដេចតេជោ សង្កត់ធ្ងន់ថា ៖ «…លោកស្រី ទ្រី ដាណា មិនត្រូវបន្ទោសជាមួយនឹងភាពតឹងតែងរបស់ក្រសួង ការតម្រូវមិនមែនជាការតឹងតែងទេ តែជាការតម្រូវឱ្យគោរពនៃច្បាប់ដើម ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចនឹងធ្វើបែបនោះ។…សង្ឃឹមថាលោកស្រីនឹងយល់ពីបញ្ហានេះ..។… ខ្ញុំព្រះករុណាខ្ញុំនៅតែសង្កត់ធ្ងន់ថា ការតាំងបង្ហាញនិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរ គឺជារឿងត្រឹមត្រូវ ជារឿងដែលល្អ ប៉ុន្តែការតាំងបង្ហាញដែលខុសក្បួនខ្នាតគឺស្មើនឹងបំផ្លាញ។ ដូច្នោះសូមយកចិត្តទុកដាក់ទៅលើបញ្ហានេះ ព្រោះនេះជាសម្បត្តិវប្បធម៌ជាតិ…»។
សូមបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ជាសាធារណៈ ដោយចោទទៅលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បានបង្កការលំបាកដល់ខ្លួន ក្នុងការសុំអនុញ្ញាតរៀបចំថតបង្ហាញពីឈុតសម្លៀកបំពាក់បែបបុរាណនៅតំបន់អង្គរក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្ក្រាន្តក្រុមហ៊ុន NNP ដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។
ក្នុងនោះដែរ មន្ត្រីក្រសួងវប្បធម៌បំភ្លឺតបវិញថា ក្រសួងមិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើបំណងនោះឡើយ។ តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។ ក្រសួងបានបញ្ជាក់ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួល៕
Post a Comment