គ.ជ.បប្រាប់ឱ្យគណបក្សនយោបាយត្រៀមខ្លួនសម្រាប់ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.បបាន ប្រាប់ឱ្យគណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ត្រូវត្រៀមខ្លូនឱ្យរួចរាល់សម្រាប់ការស្នើសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែមីនានេះលោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដើម្បីឈរឈ្មោះបោះឆ្នោតនេះបាន គឺគណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាម ច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ត្រូវបំពេញបែបបទស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅ គ.ជ.ប ចាប់ពីថ្ងៃទី២៤ខែមេសា ដល់ថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៣។ សម្រាប់នីតិវិធីនៃការចុះបញ្ជីបេក្ខជន គឺត្រូវអនុវត្តតាមច្បាប់ ក៏ដូចជាបទបញ្ជា និង នីតិវិធី ដូចកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែរ ។ហើយតម្រូវឱ្យ គណបក្សនយោបាយត្រូវដាក់ពាក្យដោយផ្ទាល់នៅ គ.ជ.ប។ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ គណបក្សនយោបាយមានជម្រើសបន្ថែម ក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជនដោយគណបក្សនយោបាយអាចធ្វើការរៀបចំបញ្ជីបេក្ខជនដោយកម្មវិធីអនឡាញរបស់ គ.ជ.ប ឬរៀបចំដោយដៃ ដើម្បីបំពេញបែបបទតាមទម្រង់១០០៨ ដែលកំណត់ដោយ គ.ជ.ប។លោកបានឱ្យ ដឹងថា មកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៩ បានស្នើសុំគណនីប្រើបា្រស់កម្មវិធីនេះ។ លោកបន្តថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបាន ធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំ ចាត់ចែង ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣នេះឈ្មោះអ្នកបោះឆ្នោតសរុបជាង៩លាន៧១ម៉ឺននាក់(៩.៧១០.៦៥៥នាក់) ស្មើនឹង ៨៩,២៨ភាគរយ នៃស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ក្នុងនោះស្រ្តីជាង៥លាន១៦ម៉ឺននាក់(៥.១៦១.៩០៩នាក់) និងមានការិយាល័យបោះឆ្នោតសរុប ចំនួន ២៣.៧៨៩ការិយាល័យ។ដើម្បីរួមចំណែកក្នុងការតាមដាន និងវាយតម្លៃលើការងាររៀបចំការបោះឆ្នោតនេះ គ.ជ.ប ក៏បានជូនដំណឹង ដល់អង្គការ សមាគមទាំងជាតិ បញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតការណ៍មើលការបោះឆ្នោត តាមរយៈការបំពេញបែបបទតាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប ដូចមានចែង ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ពាក្យស្នើសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកពីនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅទីស្ដីការ គ.ជ.ប ដោយឥត គិតថ្លៃ ហើយត្រូវដាក់ពាក្យស្នើសុំរបស់ខ្លួននៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ចំណែក អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការនៃការបោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី១ខែមេសា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ព្រមទាំងអ្នក សារព័ត៌មានអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោត ត្រូវបំពេញទម្រង់បែបបទ ពាក្យសុំចុះឈ្មោះ ដែលកំណត់ដោយ គ.ជ.ប ហើយត្រូវដាក់ពាក្យសុំចុះឈ្មោះនៅ គ.ជ.ប ឬផ្ញើទម្រង់ ពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលគំរូទម្រង់ពាក្យសុំចុះឈ្មោះនេះ មានក្នុងគេហទំព័ររបស់ គ.ជ.ប ស្រាប់៕វិទ្យុជាតិកម្ពុជា/ក្រសួងព័ត៌មាន
លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។រូបសហការី
Post a Comment